ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រៀមរួចហើយក្នុងការពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump តែកំពុងរង់ចាំសញ្ញាពីអាមេរិកជាមុនសិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើប្រភពរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃសុក្រ។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីធ្លាក់ចុះដល់កម្រិតទាបបំផុតតាំងពីសម័យសង្គ្រាមត្រជាក់មក ដោយលោក Trump បានសន្យាម្តងហើយម្តងទៀតថានឹងបញ្ចប់សង្គ្រាមនេះដោយ «កិច្ចព្រមព្រៀង» មួយ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងជួបជាមួយនឹងលោក Putin «ភ្លាមៗ» និងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ចង់ចរចា។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា៖ «លោក Putin ត្រៀមរួចហើយ។ យើងកំពុងរង់ចាំសញ្ញា [ពីអាមេរិក]»។
លោក Trump បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរជាងមុខលើរុស្ស៊ី បើរុស្ស៊ីមិនព្រមបញ្ចប់ការលុកលុយអ៊ុយក្រែនជិត ៣ ឆ្នាំមកហើយនេះទេ។
លោក Trump បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធីទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍ថា៖ «បើពួកគេមិនបញ្ចប់សង្គ្រាមនេះឆាប់ៗទេ ឬភ្លាមៗទេ ខ្ញុំនឹងដាក់ពន្ធគយធ្ងន់ធ្ងរលើរុស្ស៊ីនិងទណ្ឌកម្មធ្ងន់ធ្ងរផងដែរ»៕
វេទិកាបញ្ចេញមតិ