ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Masoud Pezeshkian នៅក្នុងពិធីចុះហត្ថលេខា​នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ីកាលពីថ្ងៃទី​១៧ មករា ឆ្នាំ២០២៥។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Masoud Pezeshkian នៅក្នុងពិធីចុះហត្ថលេខា​នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ីកាលពីថ្ងៃទី​១៧ មករា ឆ្នាំ២០២៥។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Masoud Pezeshkian កាលពី​ថ្ងៃ​សុក្រ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល ២០ ឆ្នាំ ដែល​រួម​មាន​ទាំង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​ដ៏​ជិតស្និទ្ធ​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​ទៅកាន់​វិមាន​ប្រធានាធិបតី​រុស្ស៊ី​តាំងពី​បាន​ក្លាយជា​ប្រធានាធិបតី​អ៊ីរ៉ង់​មក លោក Pezeshkian បាន​សរសើរ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា​ទំព័រ​ថ្មី​ដ៏​សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ចំណែក​ឯ​លោក Putin វិញ​បាន​និយាយ​ថា រុស្ស៊ី​និង​អ៊ីរ៉ង់​មាន​ទស្សនៈ​ដូច​គ្នា​ច្រើន​លើ​កិច្ចការ​អន្តរជាតិ។

លោក Putin បាន​និយាយ​ដោយ​សង្កត់ធ្ងន់​អំពី​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ថា៖ «[កិច្ច​ព្រមព្រៀង] នេះ​បង្កើត​នូវ​លក្ខខណ្ឌ​ប្រសើរ​ជាងមុខ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ»។

លោក Putin បាន​បន្ថែម​ដោយ​យោង​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​លើ​ប្រទេស​ទាំងពីរ​ថា៖ «យើង​ត្រូវការ​ការិយាធិបតេយ្យ​តិច​ជាង​មុន​និង​សកម្មភាព​ច្បាស់លាស់​ច្រើន​ជាង​មុន។ មិន​ថា​មាន​បញ្ហា​លំបាក​អ្វី​ក៏ដោយ​ដែល​បង្កើត​ឡើង​ដោយ​ភាគី​ដទៃ យើង​នឹង​នៅតែ​អាច​យក​ឈ្នះ​លើ​បញ្ហា​ទាំងនោះ​បាន​និង​បន្ត​ដំណើរ​ទៅមុខ»។

លោក Pezeshkian ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​បង្កើត​នូវ​ឱកាស​ដ៏​ល្អ​និង​បង្ហាញ​ឱ្យ​ឃើញ​ថា​រុស្ស៊ី​និង​អ៊ីរ៉ង់​មិន​ចាំបាច់​ត្រូវ​ខ្វល់ខ្វាយ​នឹង​ទស្សនៈ​របស់​ប្រទេស​ដែល​លោក​ហៅ​ថា​ជា «ប្រទេស​ដែល​ស្ថិត​នៅ​ម្ខាង​នៃ​មហា​សមុទ្រ» នោះទេ។

លោក​បាន​បន្ថែម​ថា៖ «កិច្ច​ព្រមព្រៀង​ដែល​យើង​សម្រេច​បាន​នៅ​ថ្ងៃ​នេះ​គឺជា​សន្ទុះ​ទៅ​មុខ​មួយ​ទៀត​ទាក់ទិន​នឹង​ការ​បង្កើត​ពិភពលោក​មួយ​ដែល​រង​ឥទ្ធិពល​ពី​មហា​អំណាច​ច្រើន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG