ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ពិភាក្សា​«សណ្តាប់ធ្នាប់​​​សាកលលោក​ពហុ​ប៉ូល» ជា​មួយ​លោក Xi ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការស្បថចូល​កាន់​តំណែង​របស់​លោក Trump


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​​និយាយ​តាម​វីដេអូ​​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពីថ្ងៃទី​២១ មករា ឆ្នាំ២០២៥។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​​និយាយ​តាម​វីដេអូ​​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពីថ្ងៃទី​២១ មករា ឆ្នាំ២០២៥។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាននិយាយ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​សង្កត់​ពី​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង២ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី៤៧។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

មេដឹកនាំ​ទាំង២​បាន​បង្កើត​ចំណង​ទាក់ទង​យ៉ាង​ខ្លាំងក្លា​ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាន់តែ​ជិតស្និទ្ធ​ឡើង​បន្ទាប់ពី​លោក Putin បាន​បញ្ជូន​កងទ័ព​ចូលក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០២២។ ចិន​បាន​ក្លាយ​ជា​អតិថិជន​ប្រេងនិង​ឧស្ម័ន​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​និង​ប្រភព​បច្ចេកវិទ្យា​ដ៏​សំខាន់​មួយ​នៅពេល​មាន​ការដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​របស់​ប្រទេស​លោក​ខាង​លិច​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

ការនិយាយ​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​លោក Xi នោះ លោក Putin បាន​បញ្ជាក់​ថា​ទំនាក់​ទំនង​រវាងរុស្ស៊ី​និង​ចិនត្រូវ​ផ្អែក​លើ​ផលប្រយោជន៍​រួម សមភាព​និង​ផលប្រយោជន៍​ទៅវិញ​ទៅមក ដោយ​កត់​សម្គាល់​ទៀត​ថា​«ប្រទេស​ទាំង២​មិន​ពឹង​ផ្អែក​លើ​កត្តា​នយោបាយ​ខាងក្នុង​និង​បរិយាកាស​អន្តរជាតិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​នោះទេ»។

លោក Putin បាន​ប្រាប់​លោក Xi នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ថា«យើង​គាំទ្រ​រួម​គ្នា​លើការអភិវឌ្ឍ​សណ្តាប់ធ្នាប់​ពហុ​ប៉ូល​កាន់តែ​ខ្លាំង​ឡើង​ហើយ​នឹង​ធ្វើការ​ដើម្បី​ធានា​សន្តិសុខដែល​មិន​អាច​បំបែក​បាន​នៅ​ក្នុង​តំបន់ Eurasia និង​ពិភពលោក​ទាំង​មូល។ ការខិតខំប្រឹងប្រែង​រួម​ដោយ​រុស្ស៊ី​និង​ចិន​ដើរ​តួនាទី​ស្ថិរភាព​ដ៏​សំខាន់​នៅ​ក្នុង​កិច្ចការ​សាកល​លោក»។

លោក Xi បាន​សរសើរ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​និយាយ​ថា​កិច្ចសហប្រតិបត្តិការ​នេះ ជួយ«​ធ្វើ​ឱ្យ​មាន​ថាមពល​វិជ្ជមាន​ដើម្បី​ធ្វើ​កំណែ​ទម្រង់​និង​ការអភិវឌ្ឍ​ប្រព័ន្ធ​សាកលលោក»។

ប្រធានាធិបតី​ចិន​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី Trump ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ហើយ​បាន​សម្តែង​ក្តីសង្ឃឹម​ចំពោះ​ចំណង​ទាក់ទង​វិជ្ជមាន​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក Putin ដែល​មិន​ទាន់​និយាយ​ជាមួយ​លោក Trump នោះ បាន​ស្វាគមន៍​លោក​អំពី​ការចូល​កាន់​តំណែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ការហៅ​ទូរស័ព្ទ​តាម​វីដេអូ​ជាមួយ​ពួក​មន្ត្រី​ហើយ​បាន​ស្វាគមន៍​ចេតនា​របស់​លោក​ដើម្បី​បើក​ការសន្ទនា​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG