ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump​​ សម្តែង​នូវ​លទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​បន្ថែម​​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបភាពផ្គុំ​រវាងប្រធានាធិបតី​អាមេរិក​លោក​ Donald Trump និងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin
រូបភាពផ្គុំ​រវាងប្រធានាធិបតី​អាមេរិក​លោក​ Donald Trump និងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ផ្តល់​សញ្ញានៃ​លទ្ធភាព​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​សង្គ្រាម​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន។

នៅពេល​សួរ​អំពី​ក្តីសង្ឃឹម​ខណៈ​ដែល​និយាយ​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ លោក Trump បាន​ឆ្លើយតប​ថា«ទំនង​នឹង​អ៊ីចឹង»។

លោក Trump បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោកបាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ហើយ​នឹង​និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «នៅពេល​ឆាប់ៗខាង​មុខ​នេះ»។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ទៀត​ថា ​សហភាព​អឺរ៉ុប​គួរតែ«បង់ប្រាក់​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​កំពុង​បង់ប្រាក់​នៅពេល​ឥឡូវ​នេះ»ដើម្បី​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ​ខណៈ​ដែល​និយាយ​មិន​ពិត​ថា​សហរដ្ឋ​អាមេរិក​បាន​រួមវិភាគទាន​ច្រើនជាង​សហភាព​អឺរ៉ុប២០០ពាន់​លាន​ដុល្លារ»។

ចាប់តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ការឈ្លានពាន​ដ៏​ពេញទំហឹង​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយ ក្រែន​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្តល់​ប្រាក់​ប្រហែល ១៧៥ពាន់​លាន​ដុល្លារ​ជាមួយ​ជំនួយ​សម្រាប់​អ៊ុយក្រែន។ សហភាព​អឺរ៉ុប​និយាយ​ថា​ប្លុក​និង​រដ្ឋ​សមាជិក​របស់​ខ្លួន​បាន​ផ្តល់​ប្រាក់​ប្រហែល១៤៥ពាន់​លាន​ដុល្លារ​ជា​ជំនួយ។

លោក Trump និយាយ​ទៀត​ថា​អឺរ៉ុប គួរតែ​បង់ប្រាក់​កាន់​តែ​ច្រើន​ឡើង​ពីព្រោះតែ​សង្គ្រាម​នេះ​មាន​ផលប៉ះពាល់​សហភាព​អឺរ៉ុប​ធំ​ជាង​សហរដ្ឋ​អាមេរិក។

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​រាប់​សិប​គ្រឿង​ក្នុង​រយៈពេល​មួយ​យប់ រួម​ទាំង​នៅ​ក្នុង​តំបន់ Mykolaiv ជា​ទីកន្លែង​ដែល​លោកអភិបាល Vitaliy Kim បាន​និយាយ​ថា​បាន​ធ្លាក់​កម្ទេច​កម្ទី​បាក់បែក​ដែល​បាន​ធ្វើ​ឱ្យ​ខូចខាត​អាគារ Apartment មួយ​ខ្នង​និង​ធ្វើ​ឱ្យ​មនុស្ស២នាក់​រងរបួស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG