ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា អ្នកទទួលខុសត្រូវការបំពុលលោក Alexei Navalny មេដឹកនាំបក្សប្រឆាំងនោះ ជាអ្នកធ្វើឃាតក្នុងសន្តិសុខរដ្ឋ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំលោក Putin បានហៅរបាយការណ៍នោះថា ជា«ឧបាយកល»ហើយថា លោក Navalny មិនដល់កម្រិតជាគោលដៅនៃការវាយប្រហារបែបនេះទេ។ លោក Putin បានបន្ថែមការចោទប្រកាន់ថា លោក Navalny ទទួលបានការគាំទ្រពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក។
លោក Navalny បានធ្លាក់ខ្លួនឈឺក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះនៅប្រទេសរុស្ស៊ីក្នុងខែសីហា ហើយក្រោយមកត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាល។ បន្ទប់ពិសោធន៍នៅប្រទេសអាល្លឺម៉ង់ បារាំង និងស៊ុយអែត បាននិយាយថា លោកបានពុលដោយសារជាតិ Novichok ជាប្រភេទសារធាតុធ្វើនៅជំនាន់សហភាពសូវៀតដែលអង់គ្លេសបាននិយាយថា ត្រូវបានប្រើបំពុលអតីតចារកម្មរុស្ស៊ីគឺលោក Sergei Skripal និងកូនស្រីនៅ Salisbury ប្រទេសអង់គ្លេសក្នុងឆ្នាំ២០១៨។
លោក Putin បាននិយាយអំពីប្រធានបទជាច្រើនក្នុងអំឡុងពេលបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងអនាគតរដ្ឋបាលរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក។ លោក Putin បាននិយាយថា លោកសង្ឃឹមថា ការផ្លាស់ប្តូរប្រធានាធិបតីនៅខែមករា នឹងជួយដោះស្រាយបញ្ហាលំបាកមួយចំនួននៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក និងរុស្ស៊ី។
នៅឆ្នាំ២០១៧ ផ្នែកស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានវាយតម្លៃថា លោក Putin បានបញ្ជាឱ្យមានយុទ្ធនាការដ៏មានឥទ្ធិពលមួយដែលផ្តោតលើការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដោយមានគោលដៅជួយឲ្យលោកប្រធានាធិបតី Donald Trump ឈ្នះឆ្នោត។ ក្រោយមកការស៊ើបអង្កេតដឹកនាំដោយលោក Robert Mueller រដ្ឋអាជ្ញាពិសេសបានរៀបរាប់លម្អិតពីការជ្រៀតជ្រែកជាលក្ខណៈប្រព័ន្ធរបស់រដ្ឋាភិបាលរុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍លោក Putin បានបដិសេធជាថ្មីនូវការចោទប្រកាន់របស់សហរដ្ឋអាមេរិក៕