ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចោទប្រកាន់ប្រទេសលោកខាងលិចនៅថ្ងៃអង្គារនេះពីការញុះញង់និងគាំទ្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយបានច្រានចោលការស្តីបន្ទោសណាមួយលើរដ្ឋាភិបាលក្រុងមូស្គូនៅក្នុងសង្គ្រាមរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការឈ្លានពានដោយគ្មានហេតុផលរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងលើប្រទេសជិតខាងដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
នៅក្នុងសុន្ទរកថាដ៏វែងមួយទៅកាន់ប្រទេសជាតិ លោក Putin បានចាត់ទុករុស្ស៊ីនិងអ៊ុយក្រែនជាជនរងគ្រោះនៃការឆ្លៀតកេងប្រយោជន៍របស់ប្រទេសលោកខាងលិចហើយបាននិយាយទៀតថារុស្ស៊ី មិនមែនអ៊ុយក្រែនទេជាអ្នកប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ខ្លួននេះ។
«យើងមិនមែនកំពុងវាយប្រហារប្រជាពលរដ្ឋអ៊ុយក្រែនទេ» លោក Putin បាននិយាយដូច្នេះនៅក្នុងសុន្ទរកថាមួយប៉ុន្មានថ្ងៃមុនខួបមួយឆ្នាំនៃសង្គ្រាមនៅថ្ងៃសុក្រខាងមុខនេះ។ លោកនិយាយទៀតថា៖ «អ៊ុយក្រែនបានក្លាយជាចំណាប់ខ្មាំងរបស់របបក្រុងកៀវ ហើយចៅហ្វាយនាយប្រទេសលោកខាងលិចរបស់គេបានត្រួតត្រាប្រទេសនេះដោយប្រសិទ្ធភាព»។
សុន្ទរកថានោះបានរំឭកឡើងវិញពីការសារទុក្ខដដែលៗដែលមេដឹកនាំរុស្ស៊ីជារឿយៗបានផ្តល់ជាលេសត្រឹមត្រូវចំពោះសង្គ្រាមដែលរងការថ្កោលទោសដ៏ខ្លាំងនិងបានព្រងើយកន្តើយពីការទាមទាររបស់អន្តរជាតិឱ្យដកកងទ័ពចេញពីតំបន់ដែលរុស្ស៊ីត្រួតត្រានៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃអង្គារនេះបានហៅការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនថាជា«ការបរាជ័យខាងយុទ្ធសាស្ត្រ»។
លោក Blinken បាននិយាយនៅទីក្រុង Athens ប្រទេសក្រិកនៅឯការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់តំបន់អឺរ៉ុបថា «មួយឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី Putin បានវាយប្រហារប្រទេសអ៊ុយក្រែន។ វាបានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមរបស់លោក Putin បានបរាជ័យខាងយុទ្ធសាស្ត្រ»។
លោក Blinken បានមានប្រសាសន៍ទៀតថា «គ្មាននរណាម្នាក់ចង់បានសង្គ្រាមនេះទេ។ គ្មាននរណាម្នាក់ចូលចិត្តសង្គ្រាមនេះទេ។ គេគ្រប់គ្នាចង់បានការបញ្ចប់សង្គ្រាមនេះឱ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
អ្នកសង្កេតការណ៍ត្រូវគេរំពឹងថានឹងរកឃើញសញ្ញាថាតើលោក Putin មើលឃើញសង្គ្រាមនេះយ៉ាងដូចម្តេចដែលបានក្លាយជាការជាប់ផុងហើយនឹងពាក្យសម្តីដែលលោក Putin និយាយសម្រាប់មួយឆ្នាំខាងមុខ។ មេដឹកនាំរុស្ស៊ីរូបនេះបានសន្យាមិនបន្ធូរបន្ថយខាងយោធានៅក្នុងប្រទេសអ៊ុយក្រែនដែលលោកបានត្រួតត្រាខុសច្បាប់ដែលជាការទំនងច្រានចោលសំណើសន្តិភាពនៅក្នុងសង្គ្រាមដែលបានធ្វើឱ្យគេភ័យខ្លាចឡើងវិញពីសង្គ្រាមត្រជាក់ថ្មី។
លោក Vladimir Putin បានក៏និយាយដែរថា លោកផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់អាមេរិកនិងរុស្ស៊ី។
សន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ បានកំណត់ប្រទេសនីមួយៗឲ្យរក្សាទុកគ្រាប់នុយក្លេអ៊ែររហូតដល់អតិបរមាចំនួន១៥៥០គ្រាប់។ វាត្រូវផុតកំណត់នៅឆ្នាំ២០២៦។
ក្នុងសុន្ទរកថារដ្ឋទៅកាន់សភារុស្ស៊ី លោក Putin បានថ្លែងថា លោកមិនទាន់ដកខ្លួនទាំងស្រុងពីសន្ធិសញ្ញានៅពេលនេះទេ។
លោកក៏បាននិយាយដែរថា រុស្ស៊ីគួរតែត្រៀមខ្លួនជាស្រេចដើម្បីបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញប្រសិនបើអាមេរិកធ្វើដូច្នេះ៕