ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា ខ្លួន​ចង់​ដើរ​តួនាទី​នៅក្នុង​ការស្វែងរក​សន្តិភាព​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang ថ្លែង​នៅ​សន្និសីទ​កាសែត​ជាមួយ​សមភាគី​អេហ្ស៊ីប​លោក Sameh Shoukry (មិននៅក្នុងរូប) នៅ​ទីស្នាក់ការ​ក្រសួង​ការបរទេស​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ទី១៥ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang ថ្លែង​នៅ​សន្និសីទ​កាសែត​ជាមួយ​សមភាគី​អេហ្ស៊ីប​លោក Sameh Shoukry (មិននៅក្នុងរូប) នៅ​ទីស្នាក់ការ​ក្រសួង​ការបរទេស​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ទី១៥ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​របស់​លោក​ចង់​ដើរ​តួនាទី​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ ចិន​គឺ​ជា​ប្រទេស​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​នយោបាយ​ដ៏​ខ្លាំងក្លា​ដល់​រុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Qin បាន​ប្រាប់​អ្នក​ចូលរួម​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ស្ដីពី​សន្តិសុខ​ថា ប្រទេស​ចិន​មាន​ក្ដី​បារម្ភ​ថា សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ​អាច​រីក​រាលដាល​បន្ថែម​ទៀត​ដោយ​«មិន​អាច​គ្រប់គ្រង​បាន»។

លោក​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​និង​ផ្ដល់​នូវ​«គតិបណ្ឌិត» ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ចំពោះ​សង្គ្រាម​នេះ។

លោក Qin បាន​ថ្លែង​ថា៖ «នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​ជំរុញ​ប្រទេស​ពាក់ព័ន្ធ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បន្ថែម​ប្រេង​លើ​ភ្លើង បញ្ឈប់​ការ​រិះគន់​លើ​ប្រទេស​ចិន និង​បញ្ឈប់​ការ​រំជើបរំជួល​អំពី​ការ​ពិភាក្សា​រឿង​អ៊ុយក្រែន​នៅ​ពេល​បច្ចុប្បន្ន​ និង​រឿង​តៃវ៉ាន់​នៅ​ពេល​អនាគត»។

លោក Qin បាន​លើកឡើង​ដូច្នេះ​ដោយ​ហាក់​ដូចជា​យោង​ទៅ​លើ​ការ​គាំទ្រ​ផ្នែក​យោធា​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផ្ដល់​ឱ្យ​អ៊ុយក្រែន ក៏​ដូចជា​ក្ដី​បារម្ភ​ដែល​ថា​ ប្រទេស​ចិន​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​តាម​ការ​គំរាមកំហែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រើ​កម្លាំង​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​លើ​រឿង​តៃវ៉ាន់ ដែល​ជា​កោះ​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង។

កន្លង​មក ប្រទេស​ចិន​បាន​បដិសេធ​មិន​ធ្វើ​ការ​ថ្កោលទោស​ការ​ឈ្លានពាន​ ឬ​ក៏​អំពើ​ឃោរឃៅ​របស់​រុស្ស៊ី​ដែល​បាន​ប្រព្រឹត្ត​លើ​ជន​ស៊ីវិល​អ៊ុយក្រែន និង​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុម​បស្ចិម​ប្រទេស​លើ​រុស្ស៊ី។ នៅ​ក្នុង​ការ​ថ្លែង​យោង​ដល់​រុស្ស៊ី ចិន​មិន​ទាន់​បាន​ហៅ​សង្គ្រាម​នេះ​ថា​ជា​ការ​ឈ្លានពាន​នៅ​ឡើយ​ទេ។

ប្រទេស​ចិន​និង​រុស្ស៊ី​បាន​ចង​សម្ព័ន្ធ​គោល​នយោបាយ​ការបរទេស​របស់​ពួកគេ​ជាមួយ​គ្នា​ដើម្បី​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ហើយ​ក្នុង​ពេល​ជា​ច្រើន​សប្ដាហ៍​មុន​ពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មេដឹកនាំ​របស់​ចិន​និង​រុស្ស៊ី​បាន​ប្រកាស​អំពី​ភាព​ជា​ដៃគូ«គ្មាន​ព្រំដែន»។ ប្រទេស​ចិន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​ត្រូវ​បាន​បញ្ឆេះ​ឱ្យ​ប្រើ​កម្លាំង​យោធា​ដោយសារ​ការ​ពង្រីក​របស់​អង្គការ​អូតង់ (NATO) ទៅ​ទិស​ខាង​កើត។

ទោះបីជា​ដូច្នេះ​ក៏ដោយ លោក Qin បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​អះអាង​របស់​ចិន​ដែល​ថា ខ្លួន «តែងតែ​ប្រកាន់​ជំហរ​សត្យានុម័ត ​និង​មិន​លំអៀង​ផ្អែក​លើ​ភាព​ល្អ​ត្រឹមត្រូវ​នៃ​បញ្ហា​នេះ»។

ប្រទេស​ចិន​បាន​ជំទាស់​ទៅ​នឹង​ការ​រិះគន់​លើ​ប្រទេស​រុស្ស៊ី​នៅ​ឯ​អង្គការ​សហប្រជាជាតិ ហើយ​ស្រប​ពេល​នោះ​ដែរ​ទទូច​ថា​ អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ទាំង​អស់​ត្រូវតែ​គោរព៕

XS
SM
MD
LG