ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិមួយ បានចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ត្រូវគេរំពឹងទុកជាមុនថា នឹងឈ្នះបានអាសនៈភាគច្រើន បើពិនិត្យលើអង្គបោះឆ្នោត ដែលមានសមាសភាពពីប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នានានៅទូទាំងប្រទេស។
នេះជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣ ដែលមានគណបក្សនយោបាយ៧ចូលរួម ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលមានអង្គបោះឆ្នោតច្រើនជាងគេបំផុត ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ចុចស្តាប់សេចក្តីរាយការណ៍នេះជាសំឡេង៖
លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) មានប្រសាសន៍ប្រាប់អ្នកកាសែតនៅសាលាបឋមសិក្សាទួលគោល រាជធានីភ្នំពេញ ថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ បានដំណើរការទៅដោយរលូននៅរាជធានីភ្នំពេញដែលមានការិយាល័យបោះឆ្នោតសរុបចំនួន១៤។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ VOA ថា គណបក្សនយោបាយតូចៗ ដែលគ្មានអង្គបោះឆ្នោតនៅតែអាចចូលរួមការបោះឆ្នោតបាន ដោយគ្មានឧបសគ្គ ព្រោះច្បាប់ស្តីពីការបោះឆ្នោតបើកផ្លូវឲ្យគណបក្សតូចៗនេះ មានសិទ្ធិចូលរួមបាន ប្រសិនបើគណបក្សនោះត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងបានដាក់ពាក្យសុំចូលរួមបោះឆ្នោតពីគ.ជ.ប។
លោកឌឹម សុវណ្ណារុំ បញ្ជាក់ថា៖ «អ៊ីចឹងអត់មានលក្ខខណ្ឌថាអ្ហេ៎ គណបក្សនយោបាយតូច ឬធំ ទាល់តែមានអង្គបោះឆ្នោត ទើបគ.ជ.ប ចុះបញ្ជី អត់មានជាលក្ខខណ្ឌហ្នឹងទេ»។
តាមច្បាប់បោះឆ្នោតកម្ពុជា អាសនៈចំនួន៤.១១៤ សម្រាប់ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅក្នុងខេត្តនិងរាជធានីចំនួន២៥ មិនត្រូវបានជ្រើសរើសដោយសាធារណជននោះទេ ប៉ុន្តែអ្នកដែលអាចជ្រើសរើសបាននោះ មានតែក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១.៥៧២នាក់ ដែលភាគច្រើនមកពីគណបក្សកាន់អំណាច។
ក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើននាក់ត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីសាធារណជន ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ រដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ គណបក្សប្រជាជនកម្ពុជា បានបែកចែកបំណែក៤៥ភាគរយនៃចំនួនក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំសង្កាត់កាន់កាប់ដោយគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សតូចៗជាច្រើនទៀត ខណៈដែលបក្សកាន់អំណាចបានយកតំណែងជាមេឃុំ ចៅសង្កាត់ប្រមាណ៤៨៩ពីបក្សប្រឆាំងដោយការចុះចូល ឬក៏តាមមធ្យោបាយច្បាប់។
ក្នុងចំណោមគណបក្សតូចៗ ដែលមានក្រុមប្រឹក្សាឃុំសង្កាត់ គឺគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានរក្សាតំណែងក្រុមប្រឹក្សាឃុំរបស់ខ្លួន នៅឃុំថ្មពួក ខេត្តបន្ទាយមានជ័យ។
អវត្តមានរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតអសកលមិនបានបង្អាក់ដំណើរការប្រព័ន្ធប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសកម្ពុជានោះទេ។ នេះបើតាមការអះអាងរបស់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី កែវ រិន្ទ វ័យ៦៥ឆ្នាំ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានប្រសាសន៍ថា ដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅតែវិលទៅមុខដដែល ទោះបីគ្មានគណបក្សប្រឆាំងចូលរួម ក៏ដូចការអភិវឌ្ឍប្រទេសដូច្នោះដែរ គឺការអភិវឌ្ឍនឹងបន្តទៅជាធម្មតា ទោះមិនមានការចូលរួមពីក្រុមមន្ត្រីរបស់គណបក្សប្រឆាំង៖
«ការបោះឆ្នោតហ្នឹងអត់មានគណបក្សសង្គ្រោះជាតិ ក៏វាអាចដំណើរការទៅបាន ដោយសារអានេះ វាជាឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយយើងមើលឃើញពីសកម្មភាពក្នុងការដំណើរការដើម្បីអភិវឌ្ឍនប្រទេស... [អត់]ពួកគាត់ក៏ប្រទេសនៅតែទៅមុខរហូតច៎ា»។
តាមសេចក្តីប្រកាសរបស់គ.ជ.បចេញផ្សាយនៅថ្ងៃអាទិត្យបានឲ្យដឹងថា ដំណើរការបោះឆ្នោតនៅតាមការិយាល័យទូទាំងប្រទេសសរុប២០៣ បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ និងគ្មានអំពើហិង្សា។ ប៉ុន្តែជាអកុសល្យ មានអង្គបោះឆ្នោតមួយរូប បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយអង្គបោះឆ្នោត៦រូបផ្សេងទៀតមិនបានចូលរួមដោយមូលហេតុផ្សេងៗ។
លទ្ធផលបឋមនឹងត្រូវគ.ជ.បផ្សាយនៅយប់ថ្ងៃអាទិត្យនេះ លទ្ធផលបណ្តោះអាសន្ននឹងត្រូវផ្សាយនៅថ្ងៃ ទី៣១ ខែឧសភា ហើយលទ្ធផលជាផ្លូវការនឹងមិនត្រូវបានគេដឹងទេ រហូតដល់ការប្រកាសនៅថ្ងៃទី ៨ ខែមិថុនាខាងមុខ។ នេះបើតាមការបញ្ចាក់របស់គ.ជ.ប.នៅក្នុងសន្និសីទព័ត៌មាននៅវេលាម៉ោង៤រសៀលថ្ងៃអាទិត្យនេះ៕