ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៩ សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត


រូបឯកសារ៖ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប​បង្ហាញ​លិខិត​ស្នាម​របស់​លោក​ដល់​មន្ត្រី​បោះ​ឆ្នោត ​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភា​​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបឯកសារ៖ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប​បង្ហាញ​លិខិត​ស្នាម​របស់​លោក​ដល់​មន្ត្រី​បោះ​ឆ្នោត ​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភា​​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​សប្តាហ៍​នេះ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ដោយ​កំណត់​យក​ថ្ងៃទី២៦ ខែឧសភា នៅឆ្នាំខាងមុខ​ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ។

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ខណៈ​មន្រ្តី​បក្ស​ប្រឆាំង​អះអាង​ថា ការ​បោះឆ្នោត​នោះ ជា​ការ​បោះឆ្នោត​ «លេងសើច និង​ក្លែងក្លាយ» ក្រោយ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​នោះ។

សេចក្តី​សម្រេច​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​ន័យ​ដើម​ថា៖

«ត្រូវ​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី២៦ ខែ​ឧសភា ឆ្នាំ២០១៩ ជា​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​លើក​ទី៣ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រាប់ VOA នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ នឹង​ធ្វើឡើង​ជា​អសកល ពោល​មិន​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​មានតែ​ការ​បោះឆ្នោត​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​នៅ​ទូទាំង​ប្រទេស​តែប៉ុណ្ណោះ។

​លោក​បាន​បញ្ជាក់​ពី​ផល​ប្រយោជន៍​នៃ​ការបោះឆ្នោត​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ដូចដែល​បាន​អនុវត្ត​កន្លង​មក ក្រុម​ប្រឹក្សា​គឺជា​ក្រុម​ចាស់ទុំ​នៃ​ការងារ​ដឹកនាំ​របស់​រចនា​សម្ព័ន្ធ​ខេត្ត ហើយ​ការអនុវត្ត​ផ្ទាល់​គឺ​មាន​ឋានានុក្រម​របស់​អភិបាល​រាជធានី ឬក៏​ខេត្ត។ ក្រុមប្រឹក្សា​នេះ​គឺជា​ក្រុម​ដែល​ផ្តល់​យោបល់ ក្រុម​ដែល​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​រួម ដើម្បី​ផ្តល់​ឲ្យ​មានការ​រីកចម្រើន​សម្រាប់​ខេត្ត​នី​មួយៗ»។

នៅក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែកក្កដា ឆ្នាំ២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំង១២៥ ខណៈ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង៤,៨លាន​សំឡេង​គឺ​ស្មើនឹងប្រមាណ​៧៦ភាគរយ។

​ការ​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹក​ភ្លូកដី​របស់​គណបក្ស​កាន់​អំណាច ដែល​ដឹកនាំ​ប្រទេស​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ បាន​កើតឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជាង៤០ភាគរយ​នៅ​ទូទាំង​ប្រទេស​កាលពី​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧ ត្រូវ​បាន​តុលាការ​រំលាយ​ចោល។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​រហូតដល់​ជិត​៤៤ភាគរយ និង​បាន​គ្រប់គ្រង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង៥០០០ នៅ​ទូទាំង​ប្រទេស។ យ៉ាងណា​ក្តី ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមូល​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ស្ទើ​តែ​ទាំងអស់ និង​បាន​ក្លាយជា​គណបក្ស​ដែល​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស។

​ទាំង​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ និង​ស្ថាប័ន​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន បាន​រិះគន់​ការ​បោះឆ្នោត​នោះ ថាធ្វើឡើង​ដោយ​មិន​ស្របតាម​ច្បាប់។

​អ្នកស្រី មូរ សុខ​ហួរ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ទៅ​តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល​ ប្រាប់ VOA ​ថា ​ការ​បោះឆ្នោត​ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង និង​មិន​មានការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​នោះ​ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​លេងសើច​ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​នោះ​ឡើយ។

អ្នកស្រី​បញ្ជាក់​ថា៖ «ការ​បើ​ឆ្នោត​លេងសើច និង​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ដែល​លទ្ធផល​នេះ​មិនមែន​ជា​លទ្ធផល​សម្រាប់​កសាង​ប្រទេសជាតិ។ ជា​លទ្ធផល​សម្រាប់​ជួយ​កាន់​ដាវ​ដល់​គណបក្ស​ប្រជាជន មន្រ្តី​ពី​គណបក្ស​ប្រជាជន ឯកបក្ស​ដោយ​ខ្លួនឯង ហើយ​អ្នក​ដែល​ខាត​គឺ​ប្រទេសជាតិ​យើង»។

​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ធំៗ​ចំនួន​ពីរ​ដែល​មិន​រណប​នឹង​រដ្ឋាភិបាល គឺ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុមហ្វ្រែល (Comfrel) និង​និចហ្វិ​ច (Nicfec) ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដោយ​ពួកគេ​លើកឡើង​ថា ការ​បោះឆ្នោត​នោះ​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ និង​មិន​មាន​តម្លាភាព។

​លោក កន សាវាង្ស​ មន្ត្រី​អង្កេត​ការ​បោះឆ្នោត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត (Comfrel) មាន​ប្រសាសន៍ថា ក្រោយ​ការ​ប្រមូល​យក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ជាង​៥០០០ ព្រម​ទាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​កន្លងមក ដោយ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង លោក​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខាងមុខនេះ នឹង​ត្រូវ​ធ្លាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ដដែល។

លោក​បន្ថែម​ថា តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គណបក្ស​តែមួយ​ដឹកនាំ​ប្រទេស នឹង​មិន​អាច​ធ្វើឲ្យ​មានការ​ជជែក​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​គណនេយ្យភាព​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «រាល់​ដង​យើង​មើល​ថា​ នៅក្នុង​រដ្ឋសភា​តែងតែ​មាន​សំឡេង​គណបក្ស​ប្រឆាំង​ក្នុង​ការ​ជជែក ក្នុង​ការ​ទាមទារ ឬក៏​មាន​ការ​ចរចា​គ្នា​ពី​បញ្ហា​ដែល​អាច​កើតមាន ដែល​មិន​អាច​ដោះស្រាយ​បាន ដែល​បញ្ហា​ខ្លះ​វា​កើត​ចេញពី​អាជ្ញាធរ ចេញពី​ការ​វិនិយោគ​អី​ផ្សេងៗ​ហ្នឹង ឬក៏​ដោយ​រដ្ឋាភិបាល​អីហ្នឹង គឺថា​មាន​ការ​ជជែក​គ្នា។ អានេះ​ជា​ចំណុច​ដែល​ប្រសើរ នៅក្នុង​តួនាទី​របស់​គណបក្ស​ប្រឆាំង​ដែល​លោក​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ។ ប៉ុន្តែ​ក្នុង​បរិបទ​នេះ​យើង​ឃើញ​ថា​ អត់មាន​ទេ»។

ក្រោយ​ការបោះឆ្នោត​ដែល​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ថាប័ន​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​ក្នុង​ប្រទេស​ផង​នោះ សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​ប្រកាន់​យក​របប​លទ្ធិ​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា ជា​បន្តបន្ទាប់។

សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា និង​សហភាព​អឺរ៉ុប​ជាដើម បាន​ចាត់​ទុក​ថា​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​មិន​ស្រប​តាមច្បាប់។ ពួកគេ​ក៏​បាន​ចោទសួរ​អំពី​ការ​បោះឆ្នោត​ដែល​បាន​កើត​មាន ជាមួយ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា នៅមុន​ការ​បោះឆ្នោត។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង គ.ជ.ប បាន​ច្រានចោល​ការ​រិះគន់​របស់​អន្តរជាតិ​ថា ការ​រិះគន់​ទាំងនោះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​ថា​រដ្ឋាភិបាល​កម្ពុជា និង គ.ជ.ប បាន​អនុវត្ត​ទៅតាម​ច្បាប់ ស្របតាម​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

ឆ្លើយតប​ទៅ​នឹង​ការ​ដើរ​ថយក្រោយ​នៃ​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ សហភាព​អឺរ៉ុប​ បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា។ សហគមន៍​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​នេះបាន​ទុក​ពេល​ឲ្យកម្ពុជា​រយៈពេល​១២​ខែ​ ដើម្បី​កែខៃ​ឡើងវិញ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​គ្របដណ្តប់​លើ​ការ​នាំចេញទំនិញ​កាត់ដេរ​កម្ពុជា​ ជាង​៤៦​ភាគរយ។

អ្នកឃ្លាំមើល​មួយ​ចំនួន​បាន​និយាយ​ថា​ ការ​បាត់​បង់​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​រង្គោះរង្គើ​ រក​កល់​នឹង​រំលំ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG