ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សមាជិក​បក្សប្រឆាំង​ដែល​ត្រូវកោះហៅ​ដោយ​តុលាការ​និង​ប៉ូលិស​ឡើង​ដល់​១៤០​នាក់


រូប​ឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ពន្យល់ពី​មូលហេតុ​ដែល​មិនចូល​រួម​ប្រជុំ​រដ្ឋសភា នៅទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។​
រូប​ឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ពន្យល់ពី​មូលហេតុ​ដែល​មិនចូល​រួម​ប្រជុំ​រដ្ឋសភា នៅទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។​

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ ទាំង​ខាង​ភាគី​តុលាការ​ និង​នគរបាល​បាន​កោះ​ហៅ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១៤០​នាក់​ហើយ។​ មន្ត្រីរដ្ឋា​ភិបាល​បាន​ហៅ​ការ​កោះ​ហៅ​ទ្រង់​ទ្រាយធំនេះ​ថា​ ជា​វិធានការ​ទាក់​ទង​នឹង​កិច្ច​ការ​សន្តិ​សុខជាតិ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រហូតមក​ទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤០​នាក់​ហើយត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​និង​ដោយ​ប៉ូលិស។​

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​បញ្ជាក់​ឲ្យ​ VOA ​ដឹងថា​ ​ ក្នុង​ចំណោម​សកម្មជន​នយោបាយ​ទាំង​នោះ​ ​តុលាការខេត្ត​បាត់​ដំបង​កោះហៅ​៣៥នាក់​ ​នគរ​បាល​ខេត្ត​កំពង់ធំ​កោះហៅ​៣៥​នាក់ នគរ​បាល​ខេត្ត​កណ្តាលកោះហៅ​៣៦​នាក់​ តុលាការ​កំពង់​ស្ពឺ​កោះហៅ​៦នាក់​ នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យកោះ​ហៅ​៨នាក់​ ​នគរបាល​កំពង់ឆ្នាំងចាប់​ខ្លួន​ម្នាក់​ និងកោះហៅ​ម្នាក់ ​ តុលាការ​ខេត្ត​កំពត​កោះ​ហៅ​ម្នាក់​ និង​នគរ​បាល​កោះ​ហៅ​៣​នាក់ និង​នគរបាល​ខេត្ត​ត្បូង​ឃ្មុំកោះ​ហៅ​ពីរ​នាក់។​

លោក​អំ សំអាត​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ ការ​កោះហៅ​អតីត​មន្ត្រី​និង​សមាជិក​បក្ស​ប្រឆាំង​នឹង​បន្ត​ទៅ​ទៀត​ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ខាង​នយោបាយ។ ​

«តាំង​ពី​បោះឆ្នោត​ឆ្នាំ​១៩៩៣​មកគឺ​អ៊ីចឹង​ នៅ​ពេល​ដែល​នយោបាយ​មាន​ភាព​តាន​តឹង​គឺការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ឬ​ការ​រំខានតែង​តែ​មាន​ ​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ​ បញ្ហា​ទាំង​អស់​ហ្នឹងក៏​ត្រូវ​ចប់​ដែរ​បាទ»។​

ការ​កោះ​ហៅ​ជា​សេរី​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ខេត្ត​បាត់​ដំបង​កោះ​ហៅ​អតីត​សមាជិក​ និង​សកម្ម​ជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ចូល​បំភ្លឺ​ក្រោម​បទ​សង្ស័យ​ថា​ ​ពួកគេ​បាន​រំលោភ​សាល​ដីកា​តុលាការ​កំពូល​ ដែល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

ផ្អែក​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​ ​ក្នុង​ចំណោមអតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៤០​នាក់​នោះ​មាន ​អតីត​មេ​ឃុំ ​ចៅ​សង្កាត់​ ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ​ក្រុម​ប្រឹក្សា​ខេត្ត ​និងសមាជិក​ប្រតិបត្តិ​ស្រុក​ខេត្ត ​និង​សកម្ម​ជន​មូលដ្ឋាន។ ​

កាល​ពី​សប្តាហ៍​មុន ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​បាន​ចាប់​និង​ឃុំ​ខ្លួន​អតីត​ហេរញ្ញឹក​ប្រចាំ​ខេត្ត​នេះ​របស់អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អះអាង​ថា ​រូប​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ខុស​ក្នុង​វិជ្ជា​ជីវៈ​សុខាភិបាល។​

ភរិយា​លោក ​ប៉ុល​ ទិត្យធានី ​គឺ​អ្នក​ស្រី ហៃ ធារី បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​ចាប់​ខ្លួន​ប្តី​អ្នក​ស្រី​បាន​បំពាន​សិទ្ធិ​ខាង​ច្បាប់​ដោយ​សារ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​មុន​ពេលប្តី​អ្នក​ស្រី​ត្រូវ​តុលាការ​តម្រូវឲ្យ​ចូល​ខ្លួន​នៅ​ខែ​មិថុនា។​

«ការ​ទៅចាប់​គាត់​ហ្នឹង​ វាខុស​ច្បាប់។ ​វា​រំលោភ​បំពាន​នឹង​ច្បាប់​ហ្មង​ ព្រោះ​ខ្ញុំ​អត់​បាន​ឃើញ​ដីកា​តាំង​ពី​ការ​ តាំងពី​ថ្ងៃ​ចាប់​គាត់​មក​ដល់​ឥឡូវ​ ​ខ្ញុំ​អត់​ទាន់ អត់​ទាន់​បាន​ឃើញ​ដីកា​ទេ»។​

រហូត​មក​ទល់​ពេល​នេះ​មាន​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ស្លាប់​ក្នុង​បន្ទប់​ឃុំ​ឃាំង​នៅ​ខេត្ត​កំពង់ចាម​និង​ម្នាក់​ទៀត​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្រោយ​ពី​បាន​បង្ហោះ​សារ​រិះគន់​ការ​យក​ពន្ធ​អង្ករ​កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប។​

ក្រសួង​ការ​បរទេស​ស.រ.អា.​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា«​បញ្ឈប់​ការ​រឹត​បន្តឹងខាងនយោបាយ​ ​និង​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ដោយខុស​ច្បាប់»​ រួម​មាន​លោក កឹម សុខា​ និងសកម្ម​ជន​ជាច្រើន​ទៀត​ រួម​ទាំង​អ្នក​ដែល​ត្រូវចាប់​ខ្លួន​ថ្មីៗនេះ។​ សហ​រដ្ឋអាមេរិក​ក៏បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ស្តារ​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ឡើង​វិញ​ ​ព្រមទាំង​គោរព​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស។​

ជាមួយ​គ្នា​នេះ​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប.)​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាលពី​ថ្ងៃអង្គារ​ ចំពោះ​ការ​កោះ​ហៅ​និង​ការ​ឃុំ​ខ្លួន​សកម្ម​ជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រីក​រាល​ដាល។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ ​ សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​បាន​ស្នើ​ច្បាប់ថ្មី​មួយហៅ​កាត់ថា​ CARI​ Act​ ​ដែល​ទាមទារ​ឱ្យ​ដោះ​លែង​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន ​និង​ខ្លះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​មាន​ប្រសាសន៍​ថា ​ការ​កោះ​ហៅ​អតីត​សកម្ម​ជន​និង​មន្ត្រី​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ផ្អែក​លើ​ហេតុផល​សន្តិសុខ​ជាតិ។​

«សកម្ម​ភាព​មួយ​ចំនួន​នោះ​ គេ​អាច​សង្ស័យ​ថា​ វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​អា​ហ្នឹង​ជា​រឿង​មួយ​ ដែល​គ្មាន​អ្នក​ណា​មួយ​អាចបង្ក​ឧបសគ្គប្រឆាំង​នឹងបទ​សង្ស័យ​នៃ​កាតព្វកិច្ច​របស់​តុលាការ​នោះ​ទេ​ បាទ»។​

ដោយ​ឡែក​ទាក់ទង​នឹង​សេចក្តី​អំពាវនាវរបស់​ក្រសួង​ការ​បរទេស​អាមេរិកនិង​ការ​ស្នើ​ច្បាប់​ថ្មី​របស់​ព្រឹទ្ធ​សភា​អាមេរិក​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​អតីត​គណបក្ស​ប្រឆាំង​និង​ដោះ​លែង​លោក​កឹម សុខា​នោះ ​លោក​ផៃ ស៊ីផាន​មាន​ប្រសាសន៍​ថា​ ​រដ្ឋា​ភិបាល​អាមេរិក​មិន​អាចធ្វើ​តាម​ក្រុម​អ្នក​ច្បាប់​ទាំង​នោះ​បាន​គ្រប់​ពេល​នោះ​ទេ​ ​ហើយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នឹង​មិន​អាច​ជ្រៀត​ជ្រែក​កិច្ច​ការ​តុលាការ​កម្ពុជា​នោះ​ដែរ៕

XS
SM
MD
LG