ពួកអ្នកគាំទ្របព្វជិត Muqtada al-Sadr រាប់រយនាក់ កាលពីថ្ងៃសៅរ៍ បានចូលទៅក្នុងសភានៃប្រទេសអ៊ីរ៉ាក់ នៅក្រោយពួកគេបានជម្រុលចូលទៅក្នុងតំបន់បៃតងដែលត្រួតត្រាដោយរដ្ឋាភិបាលក្រុងបាកដាដ។
ឧប្បត្តិហេតុនេះបានកើតមានឡើងនៅក្នុងសភានៃប្រទេសអ៊ីរ៉ាក់ នៅក្រោយពេលបព្វជិតអ៊ីស្លាម Sadr បានបរិហាររិះគន់លើបរាជ័យរបស់រដ្ឋាភិបាលក្នុងការកែទម្រង់ប្រព័ន្ធកូតាខាងនយោបាយមួយដែលបានត្រូវបន្ទោសថា បាននាំឱ្យមានអំពើពុករលួយរាលដាល។ នៅខាងក្នុងសាលសភានោះ ពួកបាតុករបានរាំនិងគ្រវីទង់ជាតិអ៊ីរ៉ាក់ និងបានស្រែកបន្ទរពាក្យស្លោកលម្អៀងទៅខាងបព្វជិត Sadr។
ពួកអ្នកគាំទ្របានធ្វើបាតុកម្មច្រើនសប្តាហ៍មកហើយនៅក្នុងក្រុងបាកដាដ ឆ្លើយតបនឹងការអំពាវនាវរបស់មេដឹកនាំពួកគេឱ្យដាក់ឱ្យមានគំនាបសង្កត់លើលោកនាយករដ្ឋមន្ត្រី Haider al-Abadi ឱ្យលោកធ្វើតាមការសន្យារបស់លោកថាធ្វើកំណែទម្រង់ជាច្រើនខែមកហើយនោះ។
សម័យប្រជុំសភាមួយកាលពីព្រឹកថ្ងៃសៅរ៍ មិនមានសមាជកិកគ្រប់ចំនួនកំណត់ ដើម្បីបោះឆ្នោតអំពីការរុះរើគណៈរដ្ឋមន្ត្រីដែលបានត្រូវស្នើដោយលោក Abadi ទេ។ រដ្ឋមន្ត្រីខ្លះបានទទួលការយល់ព្រមក្នុងសប្តាហ៍នេះ ទោះណាជាមានការបង្អាក់ការប្រជុំដោយពួកសមាជិកសភាដែលមានការខ្វែងគំនិតក៏ដោយ។
គណបក្សនយោបាយក្នុងប្រទេសអ៊ីរ៉ាក់ បានទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់លោក Abadi ក្នុងការដាក់ពួកបច្ចេកាធិបតេយ្យឱ្យកាន់តំណែងជំនួសរដ្ឋមន្ត្រីខ្លះដែលត្រូវបានតែងតាំងតាមខ្សែបន្ទាត់គណបក្ស ពូជសាសន៍និងនិកាយសាសនា។ បញ្ជាការដ្ឋានកិច្ចប្រតិបត្តិការក្នុងក្រុងបាកដាដ របស់រដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាស«ភាពមានអាសន្ន»មួយនៅខាងក្នុងរដ្ឋធានីក្នុងរយៈពេលខ្លីក្រោយពីពួកបាតុករបានចូលទៅក្នុងតំបន់បៃតង។
ពួកប៉ូលិសនិងពួកទាហាននៅក្នុងតំបន់បៃតងដែលមានការយាមល្បាតមាំទាំមិនបានចាត់វិធានការអ្វីទេនៅពេលពួកបាតុការបានទៅដល់កំផែងហើយបានឆ្មក់ចូលលុកក្នុងសភានោះ។ ទីស្តីការរដ្ឋមន្ត្រីភាគច្រើននៃប្រទេសអ៊ីរ៉ាក់ ក៏ដូចជាស្ថានទូតបរទេសមានមូលដ្ឋាននៅក្នុងតំបន់បៃតងនោះ៕