ពួកមន្ត្រីអាហ្វហ្គានីស្ថាន បាននិយាយថា ពួកទាហានជ្រើសរើសថ្មីៗ១២នាក់បានស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងក្រុង Jalalabad នាប៉ែកខាងកើតប្រទេសកាលពីរសៀលថ្ងៃចន្ទ។
លោក Dawlat Waziri អ្នកនាំពាក្យក្រសួងការពារប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា មនុស្ស២៦នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកនេះ។លោក Waziri បានបញ្ជាក់ថាជាការពិតអំពីរបាយការណ៍ដំបូងៗដែលថា អ្នកធ្វើការវាយប្រហារនេះបានជិះលើម៉ូតូកង់បីមួយគ្រឿងនៅពេលគាត់បើកសំរុកទៅបុកឡានទួរីសមួយគ្រឿង បណ្តាលឱ្យផ្ទុះគ្រឿងផ្ទុះនៅក្នុងម៉ូតូកង់បីនោះ។
លោក Ahmad ដែលជាអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ឪពុកនិងបងប្អូនប្រុសលោកពីរនាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនោះ។
មានសម្លៀកបំពាក់ប្រឡាក់ឈាម និងវត្ថុផ្ទាល់ខ្លួនផ្សេងៗនៅលើដីជុំវិញឡានទួរីសដែលឆេះរោលនៅនឹងកន្លែងផ្ទុះគ្រាប់នោះ។
លោក Waziri បាននិយាយថា ជនរងគ្រោះទាំងអស់ជាពួកទាហានត្រូវបានជ្រើសរើសកាលពីពេលថ្មីៗនេះ ដែលបានជិះឡានទួរីសនោះ នៅជាយក្រុង Jalalabad ដើម្បីធ្វើដំណើរទៅកាន់រដ្ឋធានីកាប៊ុលដែលពួកគេបានត្រូវផ្ទេរទៅកាន់ទីនោះ។
អ្នកនាំពាក្យពួកតាលីបានឈ្មោះ Zabihulla Mujahid បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនោះ៕