ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដោយ​មិន​បាន​ប្រកាស​​​ជាមុន


រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក John Kerry ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​បាកដាដ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក John Kerry ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​បាកដាដ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

លោក John Kerry រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បានបើក​កិច្ចប្រជុំ​ជាមួយ​នឹង​ក្រុម​មន្រ្តី​អ៊ីរ៉ាក់​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១​ថ្ងៃ​របស់​លោក​ទៅ​កាន់រដ្ឋធានី​បាកដាដ។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។

លោក Kerry ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារ៉ែន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​ក្រុម​មន្រ្តី​ដោយ​រួម​មានទាំង​លោក​នាយក​រដ្ឋ​មន្រ្តី​ ​Haider al-Abadi ​និង​លោក Nechrivan Barzani នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋាភិបាល​ថ្នាក់​តំបន់ Kurdistan ផង​ដែរ។

លោក John Kirby អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​បាន​មាន​ប្រសាសន៍​ថា «លោក​រដ្ឋ​មន្រ្តី​នឹង​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​យើង​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែល​ដោះស្រាយ​បញ្ហា​សន្តិសុខ​ សេដ្ឋកិច្ច និង​ឧបសគ្គ​នយោបាយ​នានា»។

​លោកKerry ​ក៏​នឹង​ពិភាក្សា​អំពី​ការ​បន្ត​គាំទ្រ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​មាន​សមាជិក​ជា​ច្រើន​ប្រទេស ទៅ​ដល់កិច្ចខិតខំ​ប្រឹងប្រែងដែល​ដឹកនាំ​ដោយ​អ៊ីរ៉ាក់ ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ច្បាប់​របស់​លោក Kirby។ ​

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ាក់​ជំរុញ​ដណ្តើម​យក​ទីក្រុង Mosul មក​វិញ ដែល​ទីក្រុង​នេះ​បាន​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​កាល​ពី​ឆ្នាំ​២០១៤។

សហរដ្ឋ​អាមេរិក​ប្រហែល​ជា​នឹង​បន្ថែម​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ។ កាល​ពី​ដើម​សប្តាហ៍​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​បន្ទាយ​ទាហាន​តូច​មួយ​បន្ថែម​ទៀត៕

XS
SM
MD
LG