លោករដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក John Kerry មានប្រសាសន៍ថា លោកមានការខឹងសម្បារនឹងការវាយប្រហារផ្លូវអាកាសទៅលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Aleppo នៃប្រទេសស៊ីរីណាស់ ដោយលោកបានស្តីបន្ទោសចំៗដល់កងកម្លាំងរបស់លោកប្រធានាធិបតី Bashar al-Assad។
ការវាយប្រហារផ្លូវអាកាសនេះបានបំផ្លាញមន្ទីរពេទ្យដែលឧបត្ថម្ភដោយគ្រូពេទ្យគ្មានពំ្រដែន។ មានកុមារនិងវេជ្ជបណ្ឌិតយ៉ាងហោចណាស់ចំនួន២០នាក់ត្រូវបានសម្លាប់ ដោយរាប់បញ្ចូលទាំងវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺកុមារតែម្នាក់ចុងក្រោយបង្អស់ ដែលនៅបម្រើការនៅក្នុងតំបន់ដែលក្រុមឧទ្ទាមត្រួតត្រាក្នុងទីក្រុង Aleppo នេះផងដែរ។
លោក Kerry បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា «វាហាក់ដូចជាការវាយប្រហារដោយមានគោលដៅវាយឲ្យចំមន្ទីរពេទ្យនេះ ហើយក្នុងរបបរបស់លោក Assad គឺជាប់លំដាប់ថ្នាក់ខាងវាយប្រហារលើកន្លែងសំខាន់បែបនេះ។ ការវាយប្រហារទាំងនេះបានសម្លាប់ប្រជាជនស៊ីរីដែលស្លូតត្រង់អស់រាប់រយនាក់មកហើយ»។
ការវាយប្រហារផ្លូវអាកាសនេះគឺជាផ្នែកមួយនៃការវាយប្រហារបង្ហូរឈាមរយៈពេល២៤ម៉ោងក្នុងទីក្រុង Aleppo ដែលបានបណ្តាលឲ្យមនុស្សស្លាប់អស់ជាង៦០នាក់ នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងស៊ីរីនិងក្រុមឧទ្ទាម។
បេសកជនពិសេសអង្គការសហប្រជាជាតិ គឺលោក Staffan de Mistura បានមានប្រសាសន៍ថា បទឈប់បាញ់កាលពីខែកុម្ភៈដែលលោកបានជួយសម្របសម្រួល នៅមានប្រសិទ្ធភាពខ្លះៗតែប៉ុណ្ណោះ ហើយវាអាចនឹងអស់ប្រសិទ្ធភាពទាំងស្រុងនៅថ្ងៃណាមួយ។
លោក Kerry កំពុងតែស្នើឲ្យប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តកំពូលរបស់លោក Assad ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ឈប់លោក Assad កុំឲ្យធ្វើការវាយប្រហារបន្តទៅទៀត៕