ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ឡុង គឹមហ៊ាង ​ថា​អ្នក​ចូលរួម​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ត្រូវ​គេ​គំរាម


អ្នកស្រី ឡុង គឹមហ៊ាង និងកូនប្រុស ព្រមទាំង​អ្នកគាំទ្រ​មួយរូប​កំពុង​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតរុស្ស៊ី​ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)
អ្នកស្រី ឡុង គឹមហ៊ាង និងកូនប្រុស ព្រមទាំង​អ្នកគាំទ្រ​មួយរូប​កំពុង​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតរុស្ស៊ី​ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

អ្នកស្រី ឡុង គឹមហ៊ាង ​ប្រាប់ VOA ​ថា​ ការ​តវ៉ា​នៅ​សប្តាហ៍​នេះ ​មិនមាន​អ្នក​ចូល​រួម​ជាមួយ​អ្នកស្រី​ដូច​សប្តាហ៍​មុនៗ​​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​មូលហេតុ​ថា​ ដោយសារ​ពួកគេ​មួយ​ចំនួន​រង​នូវ​ការ​លួង​លោម ​និង​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ។

ភរិយា​លោក​ ​រ៉ាត់ រត្នមុនី ​អ្នក​បកប្រែ​ឲ្យ​ក្រុម​ផលិត​ភាពយន្ត​ឯកសារ ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ​អះអាងថា ​ក្រុម​អ្នក​គាំទ្រ​អ្នកស្រី​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី​នោះ​ រងការ​បញ្ចុះ​បញ្ចូល​និង​គំរាម​កំហែង​មិន​ឲ្យ​ចូល​រួម​តវ៉ា។

នៅ​ថ្ងៃ​ពុធ​ ទី១៣ ​ខែមីនា​នេះ​ អ្នកស្រី ឡុង គឹមហ៊ាង​ ភរិយា​របស់​លោក រ៉ាត់​ រត្ន​មុនី ​បាន​ដឹកនាំ​ការ​តវ៉ា​ជាថ្មីនៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ សុំ​ឲ្យ​រដ្ឋាភិបាលប្រទេស​នេះ​ចេញ​មុខ​ស្វះស្វែងឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រត្នមុនី​ ​ដែល​កំពុង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។

ខណៈ​កំពុង​អង្គុយ​កាន់​រូបថត​របស់​ស្វាមី​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី អ្នកស្រី ឡុង គឹមហ៊ាង ​ប្រាប់ VOA ​ថា​ ការ​តវ៉ា​នៅ​សប្តាហ៍​នេះ ​មិនមាន​អ្នក​ចូល​រួម​ជាមួយ​អ្នកស្រី​ដូច​សប្តាហ៍​មុនៗនោះ​ទេ។ អ្នកស្រី​បញ្ជាក់​មូលហេតុ​ថា​ ដោយសារ​ពួកគេ​មួយ​ចំនួន​រង​នូវ​ការ​លួង​លោម ​និង​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ។

អ្នកស្រី​បញ្ជាក់​ថា៖ «គេ​ប្រើ​គ្រប់​រូបភាព​ដើម្បី​គំរាម​កំហែង ​រាំង​ស្កាត់​អ្នក​ដែល​ចូលរួម​មក​ជួយ​គាំទ្រ​រក​យុត្តិធម៌ឲ្យ​ប្តី​ខ្ញុំ ​មិន​ឲ្យ​ពួកគេ​បាន​មក​ចូល​រួមជួយ​ខ្ញុំ។ ករណី​លោក​យាយ​ម៉ាំមី​គេ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កោះ​ហៅ​គាត់។ ​ករណី​អ្នក​ផ្សេងហ្នឹង​គាត់​បាន​ប្រាប់​ថា​គេ​ចរចារ លួង​លោម​គាត់ កុំ​ឲ្យ​មក​ចូល​រួម។ ហើយ​អ្នកខ្លះ​ទៀត​គាត់​ប្រាប់​ថា​ ត្រូវ​បាន​គេ​សម្លុត​ គំរាម​កំហែង​តាម​ទូរស័ព្ទ​ ថា​កុំ​ឲ្យ​មក​ចូល​រួម​ កុំ​ឲ្យ​មក​អី បើ​មិន​អញ្ចឹង​ទេ​ប្រយ័ត្ន​មាន​បញ្ហា​ដល់​ខ្លួន​ឯង​អី​អញ្ចឹង​ទៅ»។

អ្នកស្រី ឡុង គឹមហ៊ាង ផ្តល់​សម្ភាសន៍​ដល់ VOA នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)
អ្នកស្រី ឡុង គឹមហ៊ាង ផ្តល់​សម្ភាសន៍​ដល់ VOA នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

អ្នកស្រី​បន្ថែម​ថា ​ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក រ៉ាត់ រត្នមុនី ​អ្នកស្រី​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​បានបាត់បង់​ការងារ​ដោយសារ​ត្រូវ​ចំណាយ​ពេល​ថែររក្សា​កូនប្រុស​អាយុ​ជាង​១​ឆ្នាំ ​និង​ត្រូវ​ចេញ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​អ្នកស្រី​ជា​ប្រចាំ។

នេះ​ជាសប្តាហ៍​ទី​៩​ដែល​អ្នកស្រី ឡុង គឹមហ៊ាង ​បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី ​បន្ទាប់​ពី​អ្នកស្រី​ប្តេជ្ញា​ថា​ នឹង​បន្ត​តវ៉ា​ជា​រៀង​រាល់​ថ្ងៃពុធ​ ​រហូត​មាន​ដំណោះស្រាយ​មួយ​ ដែល​ផ្តល់​សេរីភាពដល់​ស្វាមី​របស់​អ្នកស្រី។

កាលពី​សប្តាហ៍​មុនៗ ​គេ​ឃើញ​មាន​អ្នកគាំទ្រ​ប្រមាណ​ជា​១០​នាក់ ​ដែល​ភាគ​ច្រើន​ជា​សកម្មជន​ដីធ្លី និង​បរិស្ថាន ​តែង​ចូលរួម​តវ៉ា​ជាមួយ​អ្នកស្រី​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក រ៉ាត់ រត្នមុនី ដោយ​ឥត​លក្ខខណ្ឌ ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​នេះ ​គេមិន​ឃើញ​មានវត្តមាន​អ្នកតវ៉ា​ច្រើន​ចូលរួម​ជាមួយ​អ្នកស្រី​ដូច​សប្តាហ៍​មុនៗ​នោះ​ទេ ​ពោល​គឺមាន​តែ​ម្នាក់​ប៉ុណ្ណោះ។

​វីដេអូ​ឯកសារ​ដែល​មាន​ចំណងជើង​ថា​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ ត្រូវ​បាន​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ ​ឈ្មោះ​ ​Russia​ ​Today ​(RT)​ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។​ ​ក្រោយ​វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ​ហើយ​ចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ការ​ប្រឌិត​ឡើង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កម្ពុជា។

លោក​ រ៉ាត់ រត្នមុនី​ សកម្មជន​សិទ្ធិ​ពលករ ​និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​វីដេអូ​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ​បន្ទាប់​ពី​តុលាការ​ចោទ​លោក​ពី​បទ«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​ លោក​រ៉ាត់ រត្នមុនី​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​ទោស។

VOA​ បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ជាច្រើន​ដង តែរហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ឆ្លើយតប​ណាមួយ​នៅ​ឡើយ។

​អ្នកស្រី ង៉ែត ឃុន ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​មួយ​រូប​ដែល​បាន​ចូល​រូម​តវ៉ា​ជាមួយ​អ្នកស្រី ឡុង គឹមហ៊ាង​ កាលពី​សប្តាហ៍​មុនៗ បាន​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ក្នុង​សំណុំ​រឿង​ហិង្សា​ដោយ​ចេតនា​ ដែល​ប្តឹង​ដោយ​អតីត​សកម្មជន​បឹងកក់​ម្នាក់​ឈ្មោះ​ សាទ សុខា​។

អ្នកស្រី ង៉ែត ឃុន ស្រ្តីសកម្មជន​ដីធ្លី​តំបន់​បឹងកក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅខាង​ក្រៅ​សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)
អ្នកស្រី ង៉ែត ឃុន ស្រ្តីសកម្មជន​ដីធ្លី​តំបន់​បឹងកក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅខាង​ក្រៅ​សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

អ្នកស្រី ង៉ែត ឃុន ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ចេញ​ពី​សវនាការ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា ​អ្នកស្រី​តែង​ចូលរួម​តវ៉ា​ជាមួយ​អ្នកស្រី​ ឡុង គឹមហ៊ាង​ នៅ​ខាងមុខ​ស្ថានទូត​រុស្ស៊ី​នៅ​រៀងរាល់​ថ្ងៃពុធ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក រ៉ាត់ រត្នមុនី។ អ្នកស្រី​បន្ថែម​ថា ​បន្ទាប់​ពី​អ្នកស្រី​ចូល​រួម​តវ៉ា​ជាមួយ​អ្នកស្រី​ ឡុង គឹមហ៊ាង ​ជា​បន្ត​បន្ទាប់​មក​នោះ​ អ្នកស្រី​ក៏​ទទួល​បាន​ដីកា​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​ដើម្បី​ឆ្លើយ​បំភ្លឺ​ដំណើរ​រឿង​ក្តី​ដែល​កប់​ចោល​យូរ​មក​ហើយ​។

ស្រ្តី​សកម្មជន​ដីធ្លី​វ័យ​ជិត​៨០​ឆ្នាំ​ ដែល​ត្រូវ​បាន​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​ហៅ​ថា «យាយ​ម៉ាំមី» ​រូបនេះ​ រៀបរាប់​បន្ត​ថា ​ការ​កោះ​ហៅ​អ្នកស្រី​ឲ្យ​ចូល​សវនាការ​នា​ថ្ងៃ​ពុធ​នេះ ​គឺ​ដោយសារ​តុលាការ​មិន​ចង់​ឲ្យ​អ្នកស្រី​ចូលរួម​តវ៉ា​ជាមួយ​អ្នកស្រី ឡុង គឹមហ៊ាង នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ីទៀត​ទេ​។

អ្នកស្រី​បញ្ជាក់​ថា៖ «គេ​ធ្វើអី​មិន​កើត គេ​ចេះ​ចង់​បំបែក ​ដើម្បី​គេ​កុំ​ឲ្យ​ខ្ញុំ​ចូលរួម​សកម្មភាព​ជាមួយ។ ថ្ងៃ​ហ្នឹង​ជា​ថ្ងៃពុធ ​ត្រូវ​ខ្ញុំ​ទៅ​ទូត​រុស្ស៊ី ខ្ញុំ​ត្រូវ​ទៅ​ទូត​រុស្ស៊ី​ទៀត អញ្ចឹង​ហើយ​គេ​បំបែក​ខ្ញុំ​ ឲ្យ​ខ្ញុំ​ចូល​មក​តុលាការ»។

​អ្នកស្រី ឡុង គឹមហ៊ាង បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃ​ពុធ​ដដែល​នេះ​ថា​ ចាប់​តាំងពី​មាន​ការ​ឃុំ​ខ្លួន​ស្វាមី​របស់​អ្នកស្រី រហូត​មកដល់​ពេលនេះ ​មិន​ទាន់​មាន​ដំណឹង​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​បន្ថែម ឬ​សវនាការលើ​ស្វាមី​របស់​អ្នកស្រី​នោះ​ទេ។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក លី សុផាណា អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់ ​VOA ​ថា សារព័ត៌មាន Russia Today គួរតែ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ និង​ថា សមត្ថកិច្ច​កម្ពុជា​គួរ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​លោក រ៉ាត់ រត្នមុនី។ មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា សម្រាប់​ការ​កោះ​ហៅ​អ្នក​គាំទ្រ​លោក រ៉ាត់ រត្នមុនី ចូល​សវនាការ គួរតែ​ធ្វើ​ឡើង​ពេល​ផ្សេង ​ជៀស​វាង​រង​ការរិះគន់​ថា ​តុលាការ​មាន​បំណង​បង្អាក់​សកម្មភាព​តវ៉ា​របស់​សកម្មជន។

លោក​បញ្ជាក់​ថា៖ «នេះ​វា​គ្រាន់តែ​ជា​មូលហេតុ​មួយ ឧទាហរណ៍​ថា​គាត់​មាន​សំណុំ​រឿង​ផ្សេង ប៉ុន្តែ​ពេល​ណា​មិន​ហៅ ពេល​ហៅ​ចំ​ពេល​ដែល​គាត់​កំពុង​តែ​គាំទ្រ​ អាហ្នឹងនាំ​ឲ្យ​មាន​ការ​រិះគន់​ថា ដោយសារ​តែ​គាត់​ចូលរួម​គាំទ្រ និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក រ៉ាត់ រត្នមុនី ហ្នឹង​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ហ្នឹង អាហ្នឹង​គេ​អាច​យល់​ឃើញ​ដូច្នេះ»។​

ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​លោក ​រ៉ាត់ រត្នមុនី​ បញ្ជូន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ​និង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ​គេ​ឃើញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ចេញ​ប្រតិកម្ម​ថា​ ​វិធានការ​នេះ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក រ៉ាត់ រត្នមុនី៕

XS
SM
MD
LG