ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»​ត្រូវ​ចោទ​​ពី​បទ​​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»


លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)
លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

អ្នក​បកប្រែ​ឲ្យ​សារព័ត៌មាន​ ​Russia Today​ ​ហៅ​កាត់​ថា​ ​(RT) ​ដែល​បាន​ផលិត​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ចោទ​ប្រកាន់​ពី​​បទ​ញុះញង់។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភរិយា​របស់​លោក​និង​មន្ត្រី​តុលាការ។

អ្នកស្រី​ ​ឡុង គឹមហ៊ាង​ ​ដែល​ជា​ភរិយា​របស់​លោក​ រ៉ាត់ រត្ន​មុនី ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ថា​ តុលាការ​ក្រុង​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ស្វាមី​អ្នកស្រី​ថា​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​នាំ​ឱ្យ​មាន​ការ​រើស​អើង។​ ​យ៉ាង​ណា​ក៏​ដោយ​ ​អ្នកស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​ស្ថានភាព​ផ្លូវ​ចិត្ត​ស្វាមី​អ្នក​ស្រី​ពេល​នេះ​ មាន​ភាព​ប្រសើរ​ជាង​ពី​ពេល​មុន។​

អ្នកស្រី​ ឡុង គឹមហ៊ាង​ បាន​បន្ថែម​ថា៖

«​គាត់​ស្មារតី​ហ្នឹងហ្ន​ឡើង​វិញ​ គ្រាន់​បើ​ជាង​ពីមុន​ ​ហើយ​មិនទាន់​ដឹង...ទេ​ បទ​ចោទ​គឺ​គេ​ចោទ​ហើយ​ គឺ​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើស​អើង​ហ្នឹង​ឯង ហើយ​មិន​ដឹង​ថា​ តើ​គេ​នឹង​ប្រកាស​ថ្ងៃ​ណា​ កាត់​ទោស​ថ្ងៃ​ណា​ អី​យ៉ាង​ម៉េច​ យើង​អត់​ដឹង​ទេ ព្រោះ​ពេល​នេះ​ មេធាវី​គាត់​កំពុង​តែ​ធ្វើ​ការ​លើ​រឿង​ហ្នឹង។ ​ហើយ​គាត់​កំពុង​ធ្វើ​ការ​សុំ​ជួប​ប្តី​ខ្ញុំ​ ហើយ​ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ ដើម្បី​ឲ្យ​ប្តី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​មិន​ដឹង​ថា​យ៉ាង​ណា​ទេ?»

កាលពី​សប្តាហ៍​មុន​ ​លោក​ ​រ៉ាត់ រត្នមុនី​ អាយុ​៤៧​ឆ្នាំ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ឃុំខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ព្រៃ​ស ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ។​ ​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ ​រ៉ាត់ រត្នមុនី​ ដែល​ជាប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ផង​នោះ កើត​មាន​ឡើង​បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​កម្ពុជា។

លោក ​លី សុផា​ណា​ ព្រះ​រាជ​អាជ្ញារង​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ប្រាប់​ VOA ​ឲ្យ​ដឹង​តាម​សារ​ទូរស័ព្ទ​ចល័ត​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​

«ចៅក្រម​ស៊ើប​សួរ​បានសម្រេច​ឃុំ​ខ្លួន​លោក​ រ៉ាត់​ រត្នមុនី​ បណ្តោះ​អាសន្ន​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ តាម​មាត្រា​៤៩៦នៃ​ក្រម​ព្រហ្មទណ្ឌ​តាំងពី​សប្តាហ៍​មុន»។

បើ​រក​ឃើញ​ថា​មាន​កំហុស​មែន ​លោក រ៉ាត់​ រត្នមុនី​ អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ជិត​១៥០០​ដុល្លារ​អាមេរិក។

សកម្មជន​សិទ្ធិ​ពលករ​ លោក ​រ៉ាត់ រត្នមុនី បាន​រត់ភៀស​ខ្លួន​ទៅ​ទីក្រុង​បាងកក​ ​ជាទី​ដែល​លោក​រង់ចាំ​ទិដ្ឋាការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហូឡង់ ដើម្បី​គេច​វេសពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា។​ ​លោក​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ថៃ​នៅ​ក្នុង​ទីក្រុង​បាងកក ​កាល​ពី​ថ្ងៃទី ៧​ ខែ ធ្នូ ​កន្លង​ទៅ​ ​ហើយ​ឃុំ​ខ្លួន​នៅ​ឯ​មជ្ឈមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​ថៃ​រហូត​ដល់​ថ្ងៃ​ ពុធ​ សប្តាហ៍​មុន ​មុន​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។

លោក​ ​ស៊ឹង សែនករុណា​ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ VOA នៅ​ថ្ងៃ ច័ន្ទ នេះ​ថា​ មេធាវី​របស់​សមាគម​ Adhoc ​កំពុង​ស្វះស្វែង​ដាក់​ពាក្យ​សុំ​ការពារ​ក្តី​ឲ្យ​លោក ​រ៉ាត់ រត្នមុនី​ ដែល​លោក​អះអាង​ថា​ មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​លើ​ខ្លឹមសាររបស់​ខ្សែ​ភាព​យន្ត​ឯកសារ​ផលិត​ដោយ​សារ​ព័ត៌មាន RT ​ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ​របស់​រុស្ស៊ី​នោះ​ទេ។

លោក​ ​ស៊ឹង សែនករុណា ​ថ្លែង​ថា៖​

«បើ​យើង​និយាយ​ពី​តួនាទី​របស់​លោក លោក​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល​បកប្រែ​ភាសា​ និង​ទំនាក់​ទំនង​ប្រភព​ដែល​គាត់​បាន​ ចង់​លើក​ឡើង​ពី​បញ្ហា​រឿង​របស់​គាត់​ឲ្យ​សាធារណជន​បាន​ដឹង​តែ​ប៉ុណ្ណោះ​ ​ហើយ​រឿង​នេះ យើង​មើល​ ពិនិត្យ​មើល​ទៅ​ ថា​វា​ជា​រឿង​មួយ​ដែល​មាន​ការ​ស្ម័គ្រចិត្ត​ពី​ប្រភព​ដែល​គាត់​មានការ​ធ្វើ​ចង់​បង្ហាញ​ដល់​សាធារណជន។ អីចឹង​ហើយ​បាន​ជា​មាន​ការមិនបិទ​បាំង​នូវ​អត្ត​សញ្ញាណ​អី​ជាដើម​ហ្នឹង»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា ខាង​បណ្តាញ​ព័ត៌មាន​ RT ​ធ្លាប់​បាន​បញ្ជាក់​ថា​ រឿង​ដែល​ផលិត​ឡើង​នេះ​គឺ​ធ្វើឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​របស់​តួអង្គ​ក្នុង​រឿង​ ពោល​គឺ​មិន​មាន​ការ​រៀប​ចំ​ទុក​ជា​មុន​ណា​នោះ​ទេ។​

លោក​ ​ស៊ឹង សែនករុណា​ ​បញ្ជាក់​ទៀត​ថា​ ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​លោក​ រ៉ាត់ រត្ន​មុនី នឹង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ​ឯទៀត ដែល​ប្រកបរបរ​បកប្រែ​និង​ជួយ​ដល់​សារព័ត៌មាន​បរទេស។​

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​បន្ថែម​ថា៖​

«យើង​ឃើញ​ថា​ មិនកើត​ចំ​តែ​ទៅលើ​ លោក​ រ័ត្នមុនី​ នេះ​ទេ​ យើង​ឃើញ​ថា​ អ្នក​អាជីព​ ធ្វើ​កិច្ចការ​ផ្នែក​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ ក៏​មាន​ការ​ព្រួយបារម្ភ​ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​ធ្វើ​វិជ្ជាជីវៈ​មួយ​ក្នុង​ន័យ​ជួយ​ស​ម្របសម្រួល​ឲ្យ​កាសែត​បរទេស​ដែល​គេ​បាន​មក​សុំ​ច្បាប់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ដែល​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ។​ ហើយ​ពួកគាត់​គ្រាន់​តែ​បំពេញ​តួនាទី​ហ្នឹង​ ជួយ​សម្របសម្រួល​ ឲ្យ​អ្នក​កាសែត​ទាំង​អស់​ហ្នឹង​ គាត់​បាន​ធ្វើ​កិច្ចការ​របស់​គាត់​ ទៅ​ជាមួយ​នឹង​ប្រភព​ដែល​គេ​ចង់​បំភ្លឺ​ហ្នឹង​តែ​ប៉ុណ្ណោះ»។

ភាពយន្ត​ឯកសារ​មាន​ចំណង​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ (My Mother Sold Me)​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខឹង​សម្បារ​ ​ហើយ​ចោទ​ថា ភាពយន្ត​ឯកសារ​នោះ​គឺជាការ​ប្រឌិត​ឡើង។

មុន​អាជ្ញាធរ​ថៃ​ធ្វើ​ការ​បញ្ជូន​ខ្លួន​លោក​ ​រ៉ាត់ រត្នមុនី ​មក​កម្ពុជា​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch)​ បាន​អំពាវ​នាវ​មិន​ឲ្យ​រដ្ឋាភិបាល​ថៃ​បញ្ជូន​លោកមក​កម្ពុជា​នោះ​ទេ។​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ជឿ​ថា មាន​ហេតុផល​ជាច្រើន​ដែល​នឹង​បង្ហាញ​ថា​ លោក រ៉ាត់ រត្នមុនី ​អាច​នឹង​ប្រឈម​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ ការ​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ​ និង​ការ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ប៉ុន្តែ​ភ្លាមៗ​នោះ លោក ឆាយ គឹមខឿន​ ​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​ទាត់​ចោល​ការ​អត្ថាធិប្បាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ហើយ​ស្នើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​ មក​ចុះ​អង្កេត​ស្វែង​រក​ការពិត​ដោយ​ផ្ទាល់​នៅ​កម្ពុជា​។

VOA បាន​ផ្ញើ​សំណួរ​ទៅ​អង្គភាព​ទទួល​បន្ទុក​កិច្ចការ​សារព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ RT ​អំពី​ការ​ចាប់​ឃុំ​ខ្លួន​ លោក​ រ៉ាត់ រត្នមុនី​ ​តែ​មិន​ទាន់​មានការ​ឆ្លើយតប​នៅ​ឡើយ​ទេ៕

XS
SM
MD
LG