ភរិយានិងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នៅថ្ងៃពុធនេះ ប្រកាសថា នឹងសុំអន្តរាគមន៍ពីស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាជាបន្តបន្ទាប់រហូតមានការដោះលែងស្វាមី បើទោះបីស្ថានទូតនេះមិនមានការឆ្លើយតបក្តី។
អ្នកស្រីឡុង គឹមហ៊ាង ភរិយាលោករ៉ាត់ រត្នមុនី និងកូនប្រុសព្រមទាំងអ្នកគាំទ្រប្រមាណជា១០នាក់បានប្រមូលផ្តុំគ្នាជាថ្មីទៀតនៅមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាដែលមានទីតាំងស្ថិតលើបណ្តោយផ្លូវសុធារស រាជធានីភ្នំពេញ ដើម្បីសុំឲ្យរដ្ឋាភិបាលរុស្ស៊ីចេញមុខអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី ដែលកំពុងត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារពីបទ«ញុះញង់ឲ្យមានការរើសអើង»។
ខណៈអង្គុយលើខឿនផ្លូវម្ខាងនៅមុខស្ថានទូតរុស្ស៊ី អ្នកស្រី ឡុង គឹមហ៊ាង ភរិយារបស់លោករ៉ាត់ រត្នមុនី ប្រាប់ VOA ថា អ្នកស្រី និងអ្នកតវ៉ាផ្សេងទៀតបានមកប្រមូលនៅខាងមុខស្ថានទូតរុស្ស៊ីគឺដើម្បីឲ្យរដ្ឋាភិបាលប្រទេសនេះបានដឹងអំពីការទាមទាររបស់អ្នកស្រី បើទោះបីជាមិនមានមន្រ្តីស្ថានទូតណាម្នាក់ចេញមកជួបអ្នកស្រីក៏ដោយ។ មន្រ្តីអង្គការការពារសិទ្ធិលំនៅស្ថានរូបនេះបន្ថែមថា អ្នកស្រីនឹងមកប្រមូលផ្តុំនៅខាងមុខស្ថានទូតនេះបន្តទៀត រហូតស្វាមីរបស់អ្នកស្រីត្រូវបានដោះលែង។
អ្នកស្រីបញ្ជាក់ថា៖
«ក្រៅតែពីប្រើនីតិវិធីតាមផ្លូវតុលាការ ដែលដាក់ពាក្យស្នើសុំឲ្យប្តីខ្ញុំបាននៅក្រៅឃុំលើកទី១ លើកទី២ហើយនឹងលើកទី៣ ដាក់ទៅកំពូល យើងអត់មានជម្រើសអី លុះត្រាតែប្តីរបស់ខ្ញុំត្រូវបានដោះលែង។ អ៊ីចឹងខ្ញុំអត់ឈប់ទេ។ ខ្ញុំនឹងមកស្ថានទូតរុស្ស៊ីនេះជារៀងរាល់សប្តាហ៍»។
ក្រោយការចាប់ឃុំខ្លួនលោករ៉ាត់ រត្នមុនី គេឃើញភរិយារបស់លោកបានទៅស្ថានទូតរុស្ស៊ី សុំឲ្យមានការអន្តរាគមន៍ជាច្រើនដង។ ភរិយា និងមេធាវីរបស់លោកក៏បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍សុំឲ្យលោកបាននៅក្រៅឃុំតែតុលាការជាន់ខ្ពស់មួយនេះបានច្រានចោល កាលពីសប្តាហ៍មុន។
ខណៈដៃទាំងពីរកំពុងឱបកូនប្រុសអាយុជាង១ខួប អ្នកស្រីឡុង គឹមហ៊ាង បានថ្លែងអំពីផលលំបាក ខណៈស្វាមីរបស់អ្នកស្រីត្រូវជាប់ឃុំ។
អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំត្រូវចំណាយ ខ្ញុំត្រូវពិបាក មានកូន ហើយមួយទៀត ខ្ញុំអត់មានពេលក្នុងការរកស៊ី ធ្វើការខ្លួនឯងទេ។ ខ្ញុំក៏ជាមន្រ្តីអង្គការមិនមែនរដ្ឋាភិបាលមួយរូបដែរ។ ប៉ុន្តែនៅពេលដែលប្តីខ្ញុំត្រូវបានគេចាប់ដាក់គុកបែបនេះ ខ្ញុំបាត់បង់ការងាររបស់ខ្ញុំហើយខ្ញុំអត់អាចធ្វើការងារខ្លួនឯងទេ ព្រោះខ្ញុំត្រូវការចំណាយពេលដើម្បីតស៊ូមតិទាមទារឲ្យមានការដោះលែងប្តីខ្ញុំសិន»។
VOA ព្យាយាមទាក់ទងទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជានិងបានសុំការអត្ថាធិប្បាយពីលោក Vitaly Malikov មន្រ្តីអនុព័ន្ធស្ថានទូតមួយនេះ តែមិនមានការឆ្លើយតបនៅឡើយ រហូតមកដល់ល្ងាចថ្ងៃពុធនេះ។
វីដេអូឯកសារដែលមានចំណងថា «ម្តាយខ្ញុំលក់ខ្ញុំ» ត្រូវបានផលិតដោយបណ្តាញព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ី ឈ្មោះ Russia Today (RT) ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទនៅកម្ពុជា។ ក្រោយវីដេអូនេះត្រូវបានផ្សព្វផ្សាយ មន្រ្តីរដ្ឋាភិបាលកម្ពុជាបានបង្ហាញការមិនសប្បាយចិត្ត ហើយចោទថា ភាពយន្តឯកសារនោះគឺការប្រតិដ្ឋឡើងធ្វើឲ្យខូចកិត្តិយសរបស់កម្ពុជា។
លោករ៉ាត់ រត្នមុនី សកម្មជនសិទ្ធិពលករ និងជាអ្នកបកប្រែក្នុងការផលិតវីដេអូឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»បានរត់ភៀសខ្លួនទៅទីក្រុងបាងកកដើម្បីគេចពីការចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា និងរង់ចាំទិដ្ឋាការសុំសិទ្ធិជ្រកកោននៅប្រទេសហូរឡង់។ ប៉ុន្តែលោកត្រូវបានប៉ូលិសថៃចាប់ខ្លួននៅក្នុងទីក្រុងបាងកក និងបញ្ជូនមកកម្ពុជាវិញ កាលពីដើមខែធ្នូ ឆ្នាំ២០១៨។
អ្នកស្រីឡុង គឹមហ៊ាង បន្ថែមថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីយកទៅឃុំឃាំងនេះបង្ហាញពីការគំរាមកំហែងដល់អ្នកសារព័ត៌មានផ្សេងទៀត កុំឲ្យសរសេរអំពីការណ៍ពិតក្នុងសង្គម។
រហូតមកដល់ពេលនេះ លោករ៉ាត់ រត្នមុនីកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការចោទលោកពីបទ«ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រានេះ លោករ៉ាត់ រត្នមុនី អាចនឹងត្រូវជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកមានទោស។
លោកអំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា បើតាមការឃ្លាំមើលរបស់លោក ភាគច្រើននៃស្ថានទូតប្រចាំកម្ពុជាតែងមានមន្រ្តីទូតចេញមកទទួលញត្តិ ឬជួបជាមួយអ្នកដែលដាក់ញត្តិឬតវ៉ា។ ទោះយ៉ាងណាលោកថា លោកមិនដឹងថា តើនីតិវីធី ឬគោលការណ៍របស់ស្ថានទូតរុស្ស៊ីបែបណានោះទេ។
មន្រ្តីការពារសិទ្ធិមនុស្សរូបនេះបន្ថែមថា គ្រួសាររបស់លោករ៉ាត់ រត្នមុនី អះអាងថា រាល់ឯកសារដែលលោករ៉ាត់ រត្នមុនី ធ្វើជាអ្នកបកប្រែក្នុងភាពយន្តនោះគឺមានការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធជាមុន ដូច្នេះលោកថា លោកមិនគួរត្រូវបានចោទប្រកាន់បែបនេះទេ។
លោកបញ្ជាក់ថា៖
«លោករ៉ាត់ រត្នមុនី ហ្នឹងគ្រាន់តែជាអ្នកជួយបកប្រែសម្រាប់អ្នកផលិតខ្សែភាពយន្តហ្នឹងទេ។ អ៊ីចឹងបើយើងពិនិត្យទៅថា លោកមិនគួរត្រូវបានចោទប្រកាន់ដូច្នេះទេ។ អ្វីដែលសំខាន់គឺត្រូវការបើកការស៊ើបអង្កេតទៅអង្គហេតុហ្នឹងថា តើជារឿងពិតទេ? ហើយបើសិនរឿងហ្នឹងមានកើតអ៊ីចឹង យើងគួរតែចាត់វិធានការបែបណាដើម្បីកុំឲ្យមានអាបញ្ហាទាំងអស់ហ្នឹងកើតឡើងជាបន្តទៅទៀត»។
ក្រោយពីមានការចាប់ខ្លួនលោករ៉ាត់ រត្នមុនី បញ្ជូនពីប្រទេសថៃមកកម្ពុជាវិញ និងក្រោយពីមានការចោទប្រកាន់ពាក់ព័ន្ធនឹងបទញុះញង់ឲ្យមានការរើសអើង គេឃើញអង្គការការពារសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិចេញប្រតិកម្មថា វិធានការនេះធ្វើឡើងដោយមិនត្រឹមត្រូវ និងអំពាវនាវឲ្យមានការទម្លាក់ចោលបទចោទលើលោករ៉ាត់ រត្នមុនី៕