ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​អ្នក​បកប្រែ​​ភាពយន្ត​ឯកសារ​​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​​សុំ​កិច្ច​អន្តរាគមន៍​ពី​រុស្ស៊ី


ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​​លោក​​​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​​ភាពយន្ត​ឯកសារ​​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ដើម្បី​​ដាក់​ញត្តិ ​និង​សូម​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​លោក។ (រូបថត​ពី​ហ្វេសប៊ុក)
ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​​លោក​​​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែ​​ភាពយន្ត​ឯកសារ​​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ដើម្បី​​ដាក់​ញត្តិ ​និង​សូម​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​លោក។ (រូបថត​ពី​ហ្វេសប៊ុក)

អ្នកស្រី​ ឡុង គឹមហ៊ាង​ ​ដែល​ភរិយា​​លោក ​រ៉ាត់ រត្ន​មុនី​ ​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​​ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​ស្វាមី​អ្នកស្រី​ ​ប៉ុន្តែ​ញត្តិ​របស់​អ្នកស្រី​មិន​មាន​អ្នក​ទទួល​ទេ។

ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រលោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែភាពយន្ត​ឯកសារ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ដើម្បីដាក់​ញត្តិ ​និង​សូម​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​លោក​ ​ក្រោយ​ពី​តុលាការ​សម្រេចឃុំ​ខ្លួន​ ​និងចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង»។​

អ្នកស្រី ​ឡុង គឹមហ៊ាង​ ​ភរិយា​របស់​លោក ​រ៉ាត់ រត្ន​មុនី ​ប្រាប់​ ​VOA​ ​ក្រោយ​ដាក់​ញតិ្ត​នៅថ្ងៃ​អង្គារ​នេះ​ថា​ ​ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​លោក ​រ៉ាត់​ ​រត្ន​មុនី ប្រមាណ​ជាង​២០​នាក់​ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​រុស្ស៊ី​ដើម្បី​ស្នើ​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ ​ប៉ុន្តែ​អ្នកស្រី​លើក​ឡើង​ថា​ ​មិន​មាន​អ្នក​ចេញ​មក​ទទួល​ញត្តិ​របស់​អ្នក​ស្រីនោះ​ទេ។​ ​អ្នកស្រី​បន្ថែម​ថា​ ​អ្នកស្រី​នឹង​បន្ត​ប្តឹង​ទៅ​ស្ថាប័នពាក់​ព័ន្ធ​ផ្សេងៗ​ទៀតដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី។

អ្នកស្រី​បន្ថែម​ដោយ​លើក​ពី​មូលហេតុ​នៃ​ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖

«កាសែត​រុស្ស៊ី​ហ្នឹងគឺជា​កាសែត​របស់​រដ្ឋាភិបាល​រុស្ស៊ី​ ​ហេតុដូច្នេះ​ហើយ​ប្តី​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ ​ហើយ​គេ​បញ្ជូន​គាត់​ទៅ​ក្នុង​គុក។​ ដូច្នេះ​ហើយ​ខ្ញុំ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ឬក៏​ក្រសួង​ការ​បរទេស​របស់​កម្ពុជា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ប្តី​ខ្ញុំ។​ ​ហើយ​ខ្ញុំ​អំពាវនាវ​ទៅ​តុលាការ​ ​ឬក៏​រដ្ឋាភិបាល​កម្ពុជា​ ​បើ​ចង់​ដឹង​ថា​ ​ខ្សែភាពយន្ត​ហ្នឹង​ពិត​ ​មិន​ពិត​ ​ប្រឌិត​យ៉ាងណា​នោះ​ ​សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏​ដូច​ជា​តុលាការ​ធ្វើការ​ទាក់ទង​ទៅបណ្តាញ​ព័ត៌មាន​ RT​ ​ឬ​ក៏​រដ្ឋាភិបាល​រុស្ស៊ី​ខ្លួន​ឯង​ដោយ​ផ្ទាល់​ដើម្បី​បំភ្លឺ​រឿង​ហ្នឹង»។

អ្នកស្រី ​ឡុង​ ​គឹមហ៊ាង ​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​លំនៅដ្ឋាន​បន្ថែមថា​ ​ប្រសិន​បើ​រដ្ឋាភិបាល​រុស្ស៊ី​ចេញ​ធ្វើ​អន្តរាគមន៍​ ​នោះ​ស្វាមី​របស់​អ្នកស្រី​នឹង​ត្រូវ​បាន​ដោះលែង។

វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ថា​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»ត្រូវ​បាន​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ ​ឈ្មោះ​ ​Russia​ ​Today​ ​(RT​)​ ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។​ ​ក្រោយ​វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ​ហើយ​ចោទ​ថា​ ​ភាពយន្ត​ឯកសារ​នោះ​គឺ​ការ​ប្រឌិត​ឡើង​ ​ធ្វើឲ្យខូច​ដល់​កិត្តិយស​របស់​កម្ពុជា។​

លោក រ៉ាត់​ ​រត្នមុនី​ ​សកម្មជន​សិទ្ធិ​ពលករ​ ​និង​ជា​អ្នក​បកប្រែ​ក្នុង​ការ​ផលិត​វីដេអូ​ឯកសារ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»បាន​រត់​ភៀសខ្លួន​ទៅ​ទីក្រុង​បាងកក​ ​ដើម្បី​គេច​ពី​ការ​ចាប់ខ្លួនដោយ​អាជ្ញាធរ​កម្ពុជា​ និង​រង់ចាំ​ទិដ្ឋាការ​សុំ​សិទ្ធិ​ជ្រក​កោ​ននៅប្រទេស​ហូរឡង់។​ ប៉ុន្តែ​លោក​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​បាងកក​និង​បញ្ជូន​មក​កម្ពុជា​វិញ​កាល​ពី​ដើម​ខែធ្នូ​នេះ​ ហើយ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង»​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ​យោង​តាមមាត្រា​នេះ​ ​លោក រ៉ាត់ រត្នមុនី​ អាច​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​ទោស។

VOAបាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​Vitaly​ ​Malikov​ ​មន្រ្តី​អនុព័ន្ធ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ ​តែ​រហូត​មកដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​មិន​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អ្នកស្រី ឡុង​ គឹមហ៊ាង​ ក៏​បាន​ស្នើ​ជាថ្មី​ទៀត​ឲ្យ​អាជ្ញាធរ​កម្ពុជា​សួរ​ទៅ​ខាង​បណ្តាញព័ត៌មាន​ ​Russia​ ​Today​ ​និង​ស្ថានទូត​រុស្ស៊ី​ដើម្បី​បញ្ជាក់​អំពី​ការ​ផលិត​វីដេអូ​ឯកសារ​ដែល​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ស្វាមី​របស់​អ្នកស្រី​នោះ។​

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​ថ្លែងថា ​លោកកំពុង​ជាប់​ប្រជុំ មិន​អាច​ឆ្លើយ​សំណួរ​បាន​ទេ។​ ​ចំណែកការ​ទាក់ទង​ទៅ​ទូរស័ព្ទ​របស់លោក អ៊ី​ ​រិន្ទ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​មាន​អ្នក​ទទួល។

យ៉ាង​ណា​ក្តី​អ្នកស្រី ជូ ប៊ុនអេង​ ​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំងនឹង​ការ​ជួញដូរ​មនុស្ស​និង​ផ្លូវភេទ​លើ​ស្ត្រីនិង​កុមារ​នៃ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់​ ​VOA​ ​កាលពី​សប្តាហ៍​មុន​ថា​ ​ខ្សែ​វីដេអូ​ដែល​ផលិត​ឡើង​ដោយ​មាន​លោក​ ​រ៉ាត់ រត្នមុនី​ ​ជា​អ្នក​បកប្រែ​សម្រួល​នោះ​គឺ​មាន​ការ​បំភ័ន្ត​ការពិត​ ​ដែល​ប៉ះពាល់​ដល់​សាម៉ីខ្លួន​ជា​អ្នក​ផ្តល់​សម្ភាសន៍​ ​និង​ធ្វើឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​សាលារៀន​ក៏​ដូច​ជា​ក្រសួង​អប់រំ។​

ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រលោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែភាពយន្ត​ឯកសារ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ដើម្បីដាក់​ញត្តិ ​និង​សូម​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​លោក។ (រូបថត​ពី​ហ្វេសប៊ុក)
ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រលោក​ រ៉ាត់ រត្នមុនី​ ​អ្នក​បកប្រែភាពយន្ត​ឯកសារ«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ដើម្បីដាក់​ញត្តិ ​និង​សូម​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​លោក។ (រូបថត​ពី​ហ្វេសប៊ុក)

បើ​តាម​អត្ថបទ​មួយ​របស់​បណ្តាញព័ត៌មាន​ ​RT​ ​ដែល​ផ្សាយ​អំពី​ការ​ចាប់​ខ្លួន​លោក​ ​រ៉ាត់ រត្នមុនី​ ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ​ ​បាន​ស្រង់​សម្តី​របស់​លោក​ ​Pavel​ ​Burnatov​ ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នោះ​ថា​ ​លោក​ ​Pavel​ ​Burnatov​ ​សង្ស័យ​ថា​ ​ក្មេងស្រី​ក្នុង​ខ្សែ​វីដេអូ​នោះ​ត្រូវ​បា​នប៉ូលិស​បង្ខំ​ឲ្យ​និយាយ​ថា ​នាង​ត្រូវ​បាន​គេ​ផ្តល់​លុយ​ក្នុង​ការ​ផ្តល់​សម្ភាសន៍ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​ខ្លួន​ម្តាយ​របស់​នាង។​ ​លោក​ ​Pavel​ ​ត្រូវបាន​បណ្តាញព័ត៌មាន​ ​RT​ ​ស្រង់​សម្តី​បន្ថែម​ថា​ ​ក្រុម​ការងារ​ផលិត​ខ្សែ​ភាពយន្ត​នោះ​មិន​បាន​ផ្តល់​ប្រាក់​ណាមួយ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​សម្ភាសន៍​ក្មេងស្រី​នោះ​ទេ​ ​និង​ថា​ ​ក្រុម​ការងារ​របស់​លោក​ទទួល​បាន​ការ​អនុញ្ញាត​ ​និង​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ដឹង​ច្បាស់​អំពី​លក្ខណៈ​នៃ​ឯកសារ​នេះ។​

ក្នុង​សារ​អេឡិចត្រូនិច​មួយ​ដែល​ឆ្លើយ​តប​មក​ ​VOA​ ​កាលពី​យប់​ថ្ងៃ​ចន្ទ​ ​ដោយ​មន្រ្តី​ព័ត៌មានដែល​មិន​បញ្ចេញ​ឈ្មោះរបស់​បណ្តាញ​ព័ត៌មាន​ ​RT ​បាន​សរសេរ​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«យើង​ ​[បណ្តាញ​ព័ត៌មាន​ ​RT]​ ​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឃុំឃាំង​លោកមុនី ​និង​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដោះស្រាយ​ស្ថានភាព​នេះ​ រួម​ទាំង​តាម​រយៈ​បណ្តាញ​ទូត។​ ​យើង​មាន​ទំនាក់​ទំនង​ជា​ប្រចាំ​ជាមួយ​គ្រួសារ​របស់​លោក​មុនី ហើយ​នឹង​បន្ត​គាំទ្រ​ពួក​គេ​តាម​វិធី​ណា​ដែល​អាច​ធ្វើ​ទៅ​បាន»។​

ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួនលោក ​រ៉ាត់​ ​រត្នមុនី បញ្ជូន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ​និង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ​គេឃើញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ប្រតិកម្ម​ថា វិធានការ​នេះធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក ​រ៉ាត់ រត្នមុនី៕

XS
SM
MD
LG