ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកជនភាព​រង​ការ​គំរាមកំហែង​ ខណៈ​​រដ្ឋាភិបាល​កាន់តែ​ច្រើន​​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ចារកម្ម​ដើម្បី​តាមដាន​ពលរដ្ឋ​ខ្លួន


ស្ត្រី​ម្នាក់​ចូល​មើល​គេហទំព័រ​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់ ​Pegasus របស់​អ៊ីស្រាអែល​ដែល​អាច​លួច​ទិន្នន័យ​ពី​ទូរសព្ទ​ ថត​នៅ​ការិយាល័យ​មួយ​នៅ​ប្រទេស​ស៊ីប​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១។
ស្ត្រី​ម្នាក់​ចូល​មើល​គេហទំព័រ​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់ ​Pegasus របស់​អ៊ីស្រាអែល​ដែល​អាច​លួច​ទិន្នន័យ​ពី​ទូរសព្ទ​ ថត​នៅ​ការិយាល័យ​មួយ​នៅ​ប្រទេស​ស៊ីប​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា ចំណាត់ការ​ជា​បន្ទាន់​គឺ​ត្រូវ​ការ​ដើម្បី​ដោះស្រាយ​ការ​រីករាលដាល​នៃ​ការ​ប្រើប្រាស់កម្មវិធី​បច្ចេកវិទ្យា​ចារកម្ម។ របាយការណ៍​នេះ​កត់សម្គាល់​ថា រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ជា​បណ្តាញ​ទំនើប​ ដើម្បី​តាមដាន គ្រប់គ្រង និង​រឹតត្បិត​លើ​ពលរដ្ឋ​របស់​ខ្លួន។

អ្នកនាំពាក្យ​ផ្នែក​សិទ្ធិ​មនុស្ស​អ្នកស្រី Liz Throssell និយាយ​ថា របាយការណ៍​ខាង​លើ​បញ្ជាក់​លម្អិត​ពី​ការណ៍​ដែល​បច្ចេកវិទ្យា​តាម​ដាន​ដូចជា កម្មវិធី​កុំព្យូទ័រ​ឈ្មោះ «Pegasus» អាច​ផ្លាស់ប្តូរ​ទូរសព្ទ​ស្មាតហ្វូន​ទៅ​ជា​ឧបករណ៍​តាមដាន​ពេញ ២៤​ ម៉ោង​បាន។ អ្នកស្រី​បន្ត​ថា ការ​បំពាន​ទៅ​លើ​ឯកជនភាព​របស់​ពលរដ្ឋ​ដូចនេះគឺពិតជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់។

​អ្នកស្រី​ថ្លែង​ថា៖ «ជា​ឧទាហរណ៍​ ទូរសព្ទ​ស្មាតហ្វូន​ដែល​មនុស្ស​ទូទៅ​មាន ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍ផ្តល់​ព័ត៌មាន​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ ទីកន្លែង​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ មនុស្ស​ដែល​ពួកគេ​ជួប​ជាមួយ និង​អំពី​អ្វី​ដែល​ពួកគេ​និយាយ។ វា​ពិតជា​ឧបករណ៍​ដ៏​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​នេះ​ជា​ហេតុផល​ជំរុញ​ឲ្យយើង​ធ្វើការអំពាវនាវ​ឱ្យ​មាន​ជា​ចំណាត់ការ​ផ្សេងៗ​នៅ​ក្នុង​របាយការណ៍​ថ្ងៃនេះ»។

អង្គការ​គាំពារ​សិទ្ធិ​មនុស្សនានា​បាន​ចោទប្រកាន់​ប្រទេស​មួយ​ចំនួនដូចជា ចិន​ ជុំវិញការ​បង្កើតប្រព័ន្ធ​តាមដាន​និងប្រព័ន្ធ​សន្តិសុខ​ដ៏​ធំ​មួយ ដើម្បី​អាច​តាមដាន​យ៉ាង​ជិតដិត​លើ​ពលរដ្ឋ​របស់​ខ្លួន។

របាយការណ៍​អង្គការ​សហប្រជាជាតិ​នេះ​មិន​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស​ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​តាមដាន​តាម​ប្រព័ន្ធ​ឌីជីថល​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី Throssell កត់សម្គាល់​ថា ក្រុមហ៊ុន​ជាង ៥០០​ ត្រូវ​បាន​រាយការណ៍​ថា​ បាន​បង្កើត ធ្វើ​ទីផ្សារ និង​លក់​កម្មវិធីបច្ចេកវិទ្យា​ចារកម្ម​របៀប​នេះ​ទៅ​ឱ្យ​រដ្ឋាភិបាល​នានា។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​រដ្ឋាភិបាល​ទាំង​នោះ​ជារឿយៗ​តែង​ប្រើប្រាស់​ហេតុផល​បំភ្លៃ​ការពិត​ដើម្បី​ទទួល​បាន​បច្ចេកវិទ្យា​ឌីជីថល​នេះ។ ​

អ្នកស្រី​ថ្លែង​ថា៖ «ស្រប​ពេល​កម្មវិធី​បច្ចេកវិទ្យា​ចារកម្ម​ត្រូវ​បាន​ប្រើប្រាស់ក្នុង​គោលដៅប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម ​កម្មវិធី​ទាំង​នេះ​ជា​រឿយៗ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ហេតុផល​ខុសច្បាប់​ផង​ដែរ។ ​ឧទាហរណ៍​ដូចជា ប្រើប្រាស់​ដើម្បី​បង្រ្កាប​លើ​មតិ​រិះគន់ ឬ​ប្រឆាំង និង​ទៅ​លើ​អ្នក​ដែល​បញ្ចេញ​មតិ​ទាំងនោះ​រួម​មាន អ្នកសារព័ត៌មាន អ្នកនយោបាយ​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម»។

​មន្រ្តី​អង្គការ​សហប្រជាជាតិ​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​កំហិត​លើ​ការ​ប្រើប្រាស់ និង​ការ​លក់កម្មវិធី​បច្ចេកវិទ្យាលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ រហូត​ទាល់តែ​មាន​យន្តការ​គ្រប់គ្រាន់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស។ ពួកគេព្រមាន​ថា សិទ្ធិ​ឯកជនភាព​គឺ​កាន់​តែប្រឈម​នឹង​ហានិភ័យនាពេល​ឥឡូវ​នេះ ជាង​ពេល​ណា​ទាំងអស់ ហើយ​ចំណាត់ការ​ផ្សេងៗ​គឺ​ត្រូវ​ការ​ដើម្បី​បញ្ឈប់​ការ​រំលោភបំពាន​ផ្សេងៗ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG