ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្ហាញ​រឿង​លប​យក​ការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចុងក្រោយ​នៅ​ថៃ​ គ្រាន់​តែ​ជា​​«ផ្នែក​ដ៏​តូច​ដែល​គេ​បាន​ដឹង​‍»​ប៉ុណ្ណោះ


ស្ត្រី​ម្នាក់​ចូល​មើល​គេហទំព័រ​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់ ​Pegasus របស់​អ៊ីស្រាអែល​ដែល​អាច​លួច​ទិន្នន័យ​ពី​ទូរសព្ទ​ ថត​នៅ​ការិយាល័យ​មួយ​នៅ​ប្រទេស​ស៊ីប​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១។
ស្ត្រី​ម្នាក់​ចូល​មើល​គេហទំព័រ​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់ ​Pegasus របស់​អ៊ីស្រាអែល​ដែល​អាច​លួច​ទិន្នន័យ​ពី​ទូរសព្ទ​ ថត​នៅ​ការិយាល័យ​មួយ​នៅ​ប្រទេស​ស៊ីប​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល​និង​អ្នក​តស៊ូ​មតិ​សិទ្ធិ​ពលរដ្ឋ​និយាយ​ថា ការ​បង្ហាញ​ថ្មីៗ​ឱ្យ​ដឹង​ថា​យ៉ាងតិច​មាន​សាស្ត្រាចារ្យ ​អ្នក​តស៊ូ​មតិ ​និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ​ចំនួន​៣០​នាក់​បាន​ក្លាយ ជា​គោលដៅ​នៃ​កម្មវិធី​របស់​ក្រុម​អ្នក​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ទំនើប ​ហើយ​វា​គ្រាន់តែ​ជា​ «ផ្នែក​ដ៏​តូច​ដែល​គេ​បាន​ដឹង​‍»​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​បន្ត​ស្វែង​រកគោលដៅ​បន្ថែម​ទៀត។

របាយការណ៍​ចំនួន​ពីរ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​បាងកក​ដោយ​មន្ទីរ​ពិសោធន៍​ប្រជាជន​កាណាដា​ (Canada’s Citizen Lab) និង​ក្រុម​សិទ្ធិ​មនុស្ស​ក្នុងស្រុក​ចំនួន​ពីរ​គឺ​ក្រុម​កិច្ចសន្ទនា​កំណែរ​ទម្រង់ ច្បាប់​អ៊ីនធឺណិត​ឬ iLaw ​និង Digital Reach ​បាន​និយាយ​ថា​ក្រុម​របស់​ពួកគេ​បាន​បញ្ជាក់​ថា ក្រុម​សកម្មជន​និង​សាស្ត្រាចារ្យ​ថៃ​ចំនួន​៣០នាក់ ​ត្រូវ​ក្រុម​អ្នក​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ​Pegasus លួច​ទិន្នន័យ​ពី​ទូរសព្ទ ​Apple iPhones ​របស់​ពួកគេ ​នៅ​ចន្លោះ​ឆ្នាំ២០២០​និង​២០២១។

រឿងនេះ​ ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​ នរណា​នៅ​ពីក្រោយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​នេះ។

កម្មវិធី ​Pegasus ​ត្រូវ​បាន​អភិវឌ្ឍ​និង​រក្សាសិទ្ធិ​ដោយក្រុម ​NSO Group ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ របស់​ប្រទេស​អ៊ីស្រាអែល។​ កម្មវិធី Pegasus ​អាច​គ្រប់គ្រង​និង​ផ្លាស់ប្តូរ​ការ​គ្រប់​គ្រង​ទូរសព្ទ​ដៃ​ណាមួយ​ទាំង ស្រុង ​ហើយ​អាច​លួច​យក​ទិន្នន័យ ​និង​ការ​ទាក់ទង​ទាំងអស់​ពី​ទូរសព្ទ​នោះ។​ អ្វី​ដែល​ធ្វើ​ឱ្យ​កម្មវិធី Pegasus មាន​ភាព​ខុសប្លែក​ពី​កម្មវិធី​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ភាគច្រើន​គឺ​ដោយសារ​មុខងារ«zero click‍» មិន​បាច់​ចុច ​ដែល​ជា​បច្ចេកវិទ្យា​មួយ​អាច​ឱ្យ​កម្មវិធី​នេះ​បញ្ចូល​មេរោគ​ឬលួច​ទិន្នន័យ​ពីទូរសព្ទ​នោះ ​ដោយ​មិន​ចាំបាច់​បញ្ឆោត​អ្នក​ប្រើ​ទូរសព្ទ​នោះ ​ឱ្យ​ធ្វើ​សកម្មភាព​អ្វីមួយ។

ការ​លួច​ទិន្នន័យ​បែបនេះ​កើតឡើង​មុនដំបូង​បង្អស់​កាលពី​ឆ្នាំមុន​នៅ​ពេល​ដែល​ក្រុមហ៊ុន ​Apple បាន​ចាប់ផ្តើម ជូនដំណឹង​ដល់​ម្ចាស់​ទូរសព្ទ iPhone ​ថា​ទូរសព្ទ​ដៃ​របស់​ពួកគេ​ត្រូវ​គេ​លួច​ទិន្នន័យ។​ លោកYingcheep Atchanont ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី iLaw បាន​ប្រាប់ VOA ថា​ ក្រុម​ស្រាវជ្រាវ​ចម្រុះ ​បាន​ឆែក​ទូរសព្ទ ចំនួន​២០០គ្រឿង ​ហើយ​រក​ឃើញ​កម្មវិធី Pegasus ​នៅ​ក្នុង​ទូរសព្ទ​ចំនួន​១០គ្រឿង​ ដែល​ម្ចាស់​ទូរសព្ទ​ទាំងនោះ មិនបាន​ទទួល​ឬ​ឃើញ​ការ​ជូនដំណឹង​ពី​ក្រុមហ៊ុន​ Apple​ អំពី​រឿង​នេះ​ទេ។ ម្ចាស់​ទូរសព្ទ​ iPhone ចំនួន​២០នាក់​ផ្សេង​ទៀត​បាន​ទទួល​ការ​ផ្តល់​ដំណឹង​និង​បញ្ជាក់​ចំពោះ​ការ​លួច​ទិន្នន័យ​នេះ ​ពី​ក្រុម​ស្រាវជ្រាវ​ចម្រុះ។

មនុស្ស​ចំនួន​៥នាក់​ក្នុង​ចំណោម​៣០នាក់​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ។​ ចំណែក​មនុស្ស​២៥នាក់​ទៀត​ដែល​បាន​បង្ហាញ​ឈ្មោះ​សុទ្ធតែ​បាន​រិះគន់​ខ្លះៗ​ចំពោះ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ​Prayut Chan-ocha។ អតីត​ឧត្តមសេនីយ៍​យោធា​រូប​នេះ ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ក្នុង​ឆ្នាំ២០១៤​ហើយ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត ដ៏​ចម្រូងចម្រាស​នៅ​៥ឆ្នាំ​បន្ទាប់​ ជាមួយ​នឹង​សំឡេង​គាំទ្រ​យ៉ាង​ច្រើន។​គោលដៅ​មួយ​ចំនួន​នៃ​ការ​លួចទិន្នន័យ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ​គឺ​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ល្បីល្បាញ​បំផុត​នៃ​ចលនាតវ៉ា​ទាមទារ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី ​Prayut Chan-ocha ​លាលែង​ពី​តំណែង​ឬធ្វើ​កំណែ​ទម្រង់​របប​រាជានិយម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ។ ពួកគេ​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ជាមួយគ្នា​ពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង​បទឧក្រិដ្ឋ​រាប់​សិប​ករណី។

សាស្ត្រាចារ្យ​ ដែល​មាន​គំនិត​សេរី​មួយ​ចំនួន​ ដូចជា​លោក ​Prajak Kongkirati ​ដែល​ជា​អ្នក​ជំនាញ​ផ្នែកវិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ ​Thammasat ​ដែល​ដំបូង​ឡើយ​ទាត់ចោល​ការ​ជូន​ដំណឹង​ក្រុមហ៊ុន Apple​ ថា​ជា​ការ​បោកបញ្ឆោត​នេះ ​មិនបាន​រំពឹង​ទុក​ថា ​ខ្លួន​ក្លាយ​ជា​គោលដៅ​នៃ​ការ​ស៊ើបការណ៍​ទេ។

វា​កម្រ​នឹង​ឈប់​ត្រឹមនេះ

លោក ​Prajak ​បាន​និយាយ​ថា​ «វាពិត​ជាគួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់» បន្ទាប់​ពី​បាន​ដឹង​ថា​កម្មវិធី​ Pegasus អាច​លួច​ទិន្នន័យ​ទាក់ទង​នឹង​ជីវិត​ផ្ទាល់ខ្លួន​និង​ការងារ​របស់​លោក។​

លោក​បន្ថែម​ថា​៖ «វាដូច​ជា​រឿង​ប្រលោម​លោក​ឆ្នាំ១៩៨៤‍»។ លោក​បាន​លើកឡើង​ពី​ចក្ខុវិស័យ​របស់​កវី George Orwell ​ដែល​និពន្ធ​រឿង​នេះ​ពេល​សង្រ្គាម​លោក​លើកទី២​ទើប​តែ​បញ្ចប់​ អំពី​ស្ថានភាព​តាមដាន​ពលរដ្ឋ​ក្នុង​សង្គម​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នា​ពេល​អនាគត។ លោក​ថា៖ «ប៉ុន្តែ​លើក​នេះ​វា​នៅ​ក្នុង​ជីវិតពិត​ វា​ពិត​ជាកើត​ឡើង​មែន»។​


ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា ពួកគេ​មិនទាន់​អាច​បញ្ជាក់​នៅឡើយ​ទេ​ថា ​អ្នកណា​ជា​អ្នក​បង្ក​ការ​វាយ​ប្រហារ​នេះ ប៉ុន្តែ Citizen Labបាន​និយាយ​ថា​ យ៉ាងតិច​ណាស់​ក្រុមហ៊ុន​ប្រតិបត្តិករ​នៃ​កម្មវិធី Pegasus ​មួយ ​នៅ​ពី​ក្រោយ​រឿង​នេះ​ នៅក្នុង​ប្រទេស​ថៃ​គិត​មក​ដល់​ថ្ងៃ​ចន្ទ​ ទី​១៨ ខែ​កក្កដា។ ក្រុមហ៊ុន ​NSO Group បាន​លើកឡើង​កាលពី​លើក​មុន​ថា ខ្លួន​លក់​កម្មវិធី Pegasus ទៅ​ឱ្យ​តែ​ស្ថាប័ន​រដ្ឋាភិបាល​ប៉ុណ្ណោះ។​ លោកYingcheep ​ដែល​ត្រូវ​បាន​គេ​លួច​ទិន្នន័យ​ពី​ទូរសព្ទដៃ​ដោយ​កម្មវិធី​នេះ​ចំនួន​១០ដង បាន​និយាយ​ថា ​រដ្ឋាភិបាល​ថៃ​គឺ​ជា​អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើនជាង​គេ​ពី​ការ​វាយប្រហារ​នេះ។

លោក ​John Scott-Railtonនៃ​ Citizen Lab ​បាន​និយាយ​ថា​ក្រុម ​Pegasus នេះ ​កំពុង​បន្ត​ស្វែងរក​គោលដៅ ដើម្បី​លួច​ទិន្នន័យ​បន្តទៀត ​ហើយ​ក៏​កំពុង​ស្វែងរក​ថា អ្នកណា​កំពុង​តាម​លួច​ទិន្នន័យ​ពួកគេ​ផងដែរ។

លោក​បាន​ប្រាប់​ VOAថា៖ «យើង​កំពុង​ធ្វើ​ការស៊ើប​អង្កេត​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ករណី​នេះ»។ លោក​បាន​បន្ថែម​ថា ​អ្នក​លួចទិន្នន័យ (hackers) តាម​អ៊ីនធឺណិត​ ប្រហែលជា​ប្រើប្រាស់​កម្មវិធី​ផ្សេងៗ​ទៀត ដើម្បីតម្រង់​គោលដៅ​ទៅ​លើ​សកម្មជន​និងអ្នក​តស៊ូ​ម​តិ​ថៃ​ផងដែរ ​ក្រៅពីប្រើ​កម្មវិធី ​Pegasus ។

លោក​បាន​និយាយ​ថា៖ «នៅ​ពេល​គេស្វែង​រក​ភស្តុតាង​បញ្ជាក់​ពី​គោលដៅ​បែបនេះ​ វា​កម្រ​នឹង​បញ្ឈប់​ត្រឹមនេះ​ណាស់។ ​សម្រាប់​ខ្ញុំ ជារឿយៗ ​រឿង​បែប​នេះ ​គ្រាន់តែ​ជាផ្នែក​តូច​មួយ​នៃ​បញ្ហា​ដ៏​ធំ​ប៉ុណ្ណោះ»។

លោក Yingcheepនិយាយ​ថា៖ «មកដល់​ពេលនេះ​យើង​មាន​តែ​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​យើង គិតថា​កំពុង​ត្រូវគេ​លួចតាម​ដាន ​ប៉ុន្តែខ្ញុំ​ដឹងថា​មាន​មនុស្ស​ជាច្រើន​នាក់ទៀត​ដែលអាច​ក្លាយ​ជា​គោលដៅ។​ យើង​ជឿថា​ប្រសិន​បើ​រដ្ឋាភិបាល​កាន់កាប់​អាវុធ​លួច​ទិន្នន័យ​តាម​អ៊ីនធឺណិត​នេះ ​វានឹងមាន​ជនរង​គ្រោះច្រើន ជាង​នេះទៅ​ទៀត‍»។

អ្នកនាង Sutawan Chanprasert ដែល​ជា​ស្ថាបនិក​របស់​ DigitalReach ​យល់​ស្រប​ដោយ​និយាយ​ថា «ខ្ញុំ​ជឿ​ថា​វា​ប្រហែល​ជា​មាន​ករណី​ច្រើន​ទៀត»។

ក្រុម​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា ​ក្រុមហ៊ុនAppleនេះ​ហាក់​ដូចជា​បាន​បិទទ្វារ​ក្រោយ​ក្រុមPegasus ដែល​បាន​ទាញ​យក​ប្រយោជន៍​ពីការ​លួច​ទិន្នន័យ​ជាមួយ​បច្ចេកវិជ្ជា​ចុងក្រោយ​បង្អស់​របស់ខ្លួន។ ​ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​សំខាន់ៗ​ច្រើន​នាក់​ទៀត​ អាច​រក​ឃើញ​នៅ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​ប្រើប្រាស់​ទូរសព្ទ ​ប្រព័ន្ធ​ Android ដំណើការ​ដោយ​ក្រុមហ៊ុន​ Google។ លោកស្រី ​Sutawan​ បាន​និយាយ​ថា ក្រុមនេះ​នៅតែ​ខ្វះខាត​ឧបករណ៍ សម្ភារ​ក្នុង​ការ​ត្រួតពិនិត្យ​ទូរសព្ទ Android ​ដើម្បី​ស្វែករក​កម្មវិធី Pegasus ប៉ុន្តែ​វា​ជា​ដំណាក់​កាល​ដំបូងៗ ​ដើម្បី​ដំឡើង​បច្ចេកវិជ្ជា​ទាំងនោះ។

អ្នកនាង​និយាយ​ថា៖ «ទូរសព្ទ Android​ នៅតែ​ជា​ពិបាក​យល់​នៅឡើយ​ ដូច្នេះ​ហើយ​យើង​នៅតែ​មិនទាន់​ដឹង​ថា តើ Android បាន​កែច្នៃ ​ភាព​ងាយ​រងគ្រោះ​បែបនេះ​នៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន​ឬទេ។ វា​នៅ​តែ​ស្ថិត​ក្នុង​ភាព​ងងឹត​នៅ​ឡើយ‍»។​

«ខ្ញុំ​ចង់​ឱ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត»

នៅ​ពេល​ដែល​របាយការណ៍​ទាក់ទង​នឹង​ការ​លួច​ទិន្នន័យ​របស់ Pegasus​ ចេញផ្សាយ​លើកដំបូង​កាលពី​ឆ្នាំមុន រដ្ឋាភិបាលថៃ​បាន​បដិសេធ​ពី​ការពាក់ព័ន្ធ​របស់ខ្លួន​ទាក់ទង​នឹងរឿង​នេះ។ឧបនាយក​រដ្ឋមន្ត្រី​លោកPrawit Wongsuwanបាន​និយាយ​ថា ការ​វាយប្រហារ​ដែល​ត្រូវ​បានរាយការណ៍​គឺស្ថិតនៅ​ក្នុងកា​រស៊ើបអង្កេត​ នៅ​ឡើយទេ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​មិន​ឆ្លើយតប​នឹង​សំណើ​របស់ VOAក្នុង​ការ​ផ្តល់​មតិ​ទាក់ទង​នឹង​ការ​បង្ហាញ​ពីការ​លួច​យក​ទិន្នន័យ​ចុងក្រោយ​នេះ​ទេ។​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃអង្គារ ​មន្ត្រី​ប៉ូលិស​ថៃ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា៖ «ពួកគេ​មិន​ដែល​ប្រើ​កម្មវិធី​លួច​យក​ទិន្នន័យ​តាម​អ៊ីនធឺណិត​ណាមួយ​ដើម្បី​រំលោភ​សិទ្ធិ​នរណា​ម្នាក់​ឡើយ»។

នៅ​ថ្ងៃ​ដដែល​ រដ្ឋមន្រ្តី​សង្គម​និង​សេដ្ឋកិច្ច​ឌីជីថល​លោក​ Chaiwut Thanakamanusornបាន​និយាយ​ប្រាប់​សភាថៃ​ថា​ លោក​ដឹងថា ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​ប្រើប្រាស់​កម្មវិធី​លួច​យក​ទិន្នន័យ​«ដោយ​មាន​កំណត់‍» ​មួយ​ចំនួន​ ហើយ​បាន​លើក​ឡើង​ពី​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ជា​ឧទាហរណ៍​ ប៉ុន្តែ​លោក​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ទេ។

រូប​ឯកសារ៖ រដ្ឋមន្រ្តី​សង្គម​និង​សេដ្ឋកិច្ច​ឌីជីថល​ថៃ ​លោក​ Chaiwut Thanakamanusorn នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ រដ្ឋមន្រ្តី​សង្គម​និង​សេដ្ឋកិច្ច​ឌីជីថល​ថៃ ​លោក​ Chaiwut Thanakamanusorn នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១។

ស្ថានទូត​អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​ថៃ​និង​ក្រុមហ៊ុន ​NSO Group មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​VOA​ដែល ស្នើ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​ចំពោះ​រឿងនេះ​ទេ។ ក្រុមហ៊ុន NSO Groupលើក​ឡើង​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា អតិថិជន​របស់​ពួកគេ​មាន​កិច្ចសន្យា​ក្នុង​ការ​កំណត់​ការប្រើប្រាស់​គ្រឿង​ឧបករណ៍​របស់​ខ្លួន​ចំពោះ​តែ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដូចជា​អំពើ​ភេរវកម្ម​និង«ធានា​ថា​ឧបករណ៍​ទាំងនោះ​នឹង​មិន​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិមនុស្ស​ឡើយ»។

លោក ​Scott-Railton នៃ Citizen Labនិយាយ​ថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​អាច​ការពារ​ខ្លួន​ពី​កម្មវិធី​លួច​ទិន្នន័យ​តាម​អ៊ីនធឺណិត​ដោយ​មិនបាច់​ចុច​ឬ zero-click ដូចជា​កម្មវិធី Pegasus នេះ។

ដូច្នេះ ​ជាទូទៅ​ លោក​បាន​ផ្តល់​ដំបូន្មាន​ឱ្យធ្វើ​បច្ចុប្បន្នភាព update ​ទូរសព្ទ​ដៃ​ជាមួយ​នឹង​កម្មវិធី​ ប្រតិបត្តិការ​ចុង ក្រោយ​បំផុត​និងឱ្យ​ប្រើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ពីរ​ដំណាក់កាល​សម្រាប់​គណនី​អនឡាញ​ណាមួយ។ ​យកល្អ​គួរប្រើ​កម្មវិធី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ជាជាង​ការ​ផ្ទៀងផ្ទាត់​តាមរយៈ​ការផ្ទើសារ​ដែល​រដ្ឋាភិបាល​អាច​ដឹង​បាន។ លោក​ក៏​បាន​ជំរុញ​អ្នកប្រើប្រាស់ ​Gmail ​ដែល​ជឿថា​ពួកគេ​អាច​មាន​ហានិភ័យ​ខ្ពស់​ពីការ​លួច​ទិន្នន័យ ​តាម​អ៊ីនធឺណិត​ ឱ្យ​ចុះឈ្មោះ​ប្រើ​កម្មវិធី​ការពារ​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន​ Google​ ដែល​ធ្វើ​ឱ្យ​គណនី​របស់​ពួកគេ​ពិបាក​ក្នុង​ការ​លួច​យក​ទិន្នន័យ​ដោយសារ​តែ​ការ​បង្អាក់​មុខងារ​មួយ​ចំនួន​នោះ។

លោក Yingcheepនិង​អ្នកនាង Sutawan​ ក៏​បាន​ស្នើ​ឱ្យ​ប្រើ​កម្មវិធី​ផ្ញើ​សារ​ដាក់​លេខ​កូដ ​អ៊ិនគ្រីប ​(encrypt) ជាមួយ​នឹង​ជម្រើស​លុប​សារ​តាម​ពេល​កំណត់​និង​រក្សា​ទូរសព្ទ​កុំ​ឱ្យ​នៅ​ជិត​ពេក ​និង​ឃើញ​រូបភាព​ កំឡុង​ពេល សន្ទនា​ដោយ​ផ្ទាល់​មុខ​អំពី​ប្រធាន​បទ​រសើបៗ​ណាមួយ។

សកម្មជន​កំពុង​ធ្វើ​ការ​កត់​សម្គាល់

អ្នកនាង ​Panusaya “Rung” Sithijirawattanakul ដែល​ជា​ឥស្សរជន​លេច​ធ្លោ​បំផុត​ម្នាក់​ក្នុង​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ​បាន​និយាយ​ថា ការ​ជូនដំណឹង​អំពី​ការ​លួច​ទិន្នន័យ​របស់​ក្រុមហ៊ុនApple បាន​មកដល់​ខណៈ​ពេល​ដែល​នាង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​កាត់​ទោស​ពី​បទ​ចោទប្រកាន់​ជាច្រើន​ទាក់​ទង​នឹង​រឿង​បរិហារ​កេរ្តិ៍ ​មហាក្សត្រ​ថៃ ​ដែល​ករណី​ចោទប្រកាន់​នីមួយៗ​មាន​ឥទ្ធិពល​អាច​ឱ្យ​នាង​ជាប់​គុករហូត ដល់១៥ឆ្នាំ។​ នាង​បាន​ដឹងពី​ប្អូនស្រី​របស់​នាង​បន្ទាប់​ពី​នាង​បាន​ចេញ​ពី​ពន្ធនាគារ ​ដោយមាន​ការ​បង់​ប្រាក់​ធានា​ក្រៅឃុំ​ កាលពី​ខែធ្នូ។

នាង​និយាយ​ថា នាង​បាន​ផ្លាស់ប្តូរ​លេខ​សម្ងាត់​របស់​នាង​ទាំងអស់ ធ្វើ​ឱ្យ​បា្រកដ​ថា​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទូរសព្ទ ​ហើយ​ទុក​ទូរសព្ទ​នៅ​ឆ្ងាយ​ពី​«ការសន្ទនា​សំខាន់ៗ»។​ អ្នកនាង​បាន​បន្ថែម​ថា៖​ «មនុស្ស​គ្រប់គ្នា​ផ្សេងទៀត ស្ថិត​ក្នុង​ក្រុម​សកម្មជន​របស់​នាង​ឥឡូវ​ក៏​កំពុង​ធ្វើ​ដូចគ្នា​នេះ​ដែរ ​ទោះបី​ជា​ពួក​គេដឹង​ថា គ្មាន​អ្វី​ធានា​ថា ​ទូរសព្ទ​ឬ​កុំព្យូទ័រ​របស់​ពួកគេ ​មាន​សុវត្ថិភាព​ទាំងស្រុង​ក្តី‍»។

អ្នកនាង​ Panusaya បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​នៅទីបំផុត​យើង​អាច​ស្វែងរក​ឃើញ អ្នក​ដែល​ប្រព្រឹត្តរឿង​នេះ​បាន​ ខ្ញុំចង់​ឱ្យ​ពួក​គេ​ទទួលខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​បានធ្វើ។»

ប្រែសម្រួល​ដោយ អ៊ូ ចរិយា

XS
SM
MD
LG