ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ស្វាគមន៍​បទ​ឈប់​បាញ់​គ្នា ៣០ថ្ងៃ​ក្នុង​ប្រទេស​អ៊ុយក្រែន


ទាហាន​អ៊ុយក្រែន​នៃ​កងពលតូច Khartia ម្នាក់បាញ់​ M101 Howitzer ឆ្ពោះ​ទៅ​កាន់​ទីតាំង​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០២៥។
ទាហាន​អ៊ុយក្រែន​នៃ​កងពលតូច Khartia ម្នាក់បាញ់​ M101 Howitzer ឆ្ពោះ​ទៅ​កាន់​ទីតាំង​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០២៥។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ការប្រកាសកាលពី​ថ្ងៃ​អង្គារថាអ៊ុយក្រែន​បាន​យល់ព្រម​ដល់​បទ​ឈប់​បាញ់​គ្នា​រយៈពេល ​៣០ថ្ងៃថា ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់​សន្តិភាព​នៅអឺរ៉ុប។

លោក Michael McCaul សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ជា​អតីត​ប្រ ធានគណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​បាន​ប្រាប់​វីអូអេ​ថា«ខ្ញុំ​មាន​ការ​លើក​ទឹកចិត្ត​ដែល​ភាគី​ទាំង​អស់​បាន​ធ្វើ​ឱ្យ​សម្រេច​កិច្ច​ព្រមព្រៀង​មួយ។ ខ្ញុំ​គិត​ថា​លោក​ប្រធានាធិបតី​ឥឡូវនេះ​បាន​សម្រេច​លុបចោល​ការផ្អឹប​ផ្នែក​ស៊ើបការណ៍សម្ងាត់និង​អាវុធ​ដែល​ជាបញ្ហា​សំខាន់»។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​នឹង​បញ្ឈប់​ជំនួយ​យោធា​និង​ការចែក​រំលែក​ការ​ស៊ើបការណ៍​សម្ងាត់​ជាមួយ​អ៊ុយក្រែន បន្ទាប់​ពី​មាន​ការ​ប៉ះ​ពាក្យ​សម្តី​គ្នា​នៅ​សេតវិមាន​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ​មក។ បន្ទាប់ពី​ការ​ប្រកាស​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មក​ សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ៊ុយក្រែន។

លោក Jason Crow សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រាប់​វីអូអេ​ថា«តាម​ការពិត ​ការណ៍​នេះ​មិនដែល​បាន​កើតមាន​ឡើង​ក្នុង​ដំណាក់​កាល​ដំបូង​ទេ។ ការណ៍​នេះ​មិន​ត្រូវ​ផ្អាក​ដែល​ធ្វើឲ្យ​មាន​ផលវិបាក​ដល់ជីវិត​ពិតប្រាកដ​សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព​និង​ដើម្បី​ប្រជាធិបតេយ្យ​និង​សម្រាប់​សន្តិសុខ​ជាតិ។ ដូច្នេះ វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​ត្រូវ​បាន​លុបចោល​ដោយ​រដ្ឋបាល​នេះ»។

លោក McCaul បាន​និយាយ​ទៀត​ថា«ជំហាន​បន្ទាប់​គឺ​លោក​ប្រធានាធិបតី Zelenskyy នឹង​វិលត្រឡប់​មក​កាន់​សេតវិមាន​វិញ​ដើម្បី​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​នៃ​កិច្ចស​ហប្រតិបត្តិការ​សេដ្ឋកិច្ច។ បន្ទាប់មក​ អ្វីៗ​នឹង​បែរ​ទៅកាន់​លោក Putin វិញ»។

រុស្ស៊ី​មិន​បាន​យល់ព្រម​ដល់​បទ​ឈប់​បាញ់គ្នា​ទេ ក៏ប៉ុន្តែ លោក​ប្រធានាធិបតី Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​លោកមាន​អ្នក​តំណាង​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​មូស្គូ​ដើម្បី​ពិភាក្សា​បញ្ហា​នេះ៕

XS
SM
MD
LG