បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថា គម្របព្រៃឈើនៅកម្ពុជាប្រមាណជាង ១០ ម៉ឺនហិកតា បានបាត់បង់កាលពីឆ្នាំ ២០២២ នៅក្នុងតំបន់អភិរក្សចំនួនបីដែលជាព្រៃឈើសំខាន់របស់ប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ចេញផ្សាយជាសាធារណៈ កាលពីពេលថ្មីៗនេះ ដោយបណ្តាញសហគមន៍ព្រៃឡង់ ក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)»។
បើតាមរបាយការណ៍ បណ្តាញសហគមន៍ព្រៃឡង់បានចុះល្បាតព្រៃក្នុងតំបន់ចំនួន៣ រួមមានដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តមួយចំនួន ដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ។
របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ដែលវីអូអេទទួលបាន បញ្ជាក់ថា៖ «ទោះបីជាការបាត់បង់គម្របព្រៃឈើបានថយចុះក៏ដោយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ការបាត់បង់គម្របព្រៃឈើសរុបនៅកម្ពុជានៅតែមានកម្រិតខ្ពស់ដដែល»។
បណ្តាញសហគមន៍ព្រៃឡង់បានប្រើការត្រួតពិនិត្យលើដីដោយសហគមន៍ រួមបញ្ចូលគ្នាជាមួយការចាប់សញ្ញាពីចម្ងាយ ការត្រួតពិនិត្យនៅមូលដ្ឋាន និងសហគមន៍ ការប្រមូលទិន្នន័យតាមរយៈកម្មវិធីស្មាតហ្វូន និងយន្តហោះគ្មានមនុស្សបើក ហើយការត្រួតពិនិត្យតាមផ្កាយរណបទំនើបទាន់សម័យ។
របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់បន្តថា ដែនជម្រកសត្វព្រៃព្រៃឡង់បាត់បង់គម្របព្រៃឈើជាង ៨.៦០០ ហិកតាក្នុងឆ្នាំ ២០២២ ដែលថយចុះ ២,១% បើធៀបនឹងឆ្នាំ ២០២១។ បើគិតចាប់តាំងពីឆ្នាំ ២០០០ មក គម្របព្រៃឈើក្នុងដែនជម្រកព្រៃឡង់បានបាត់បង់គម្របព្រៃឈើជាង ៧ម៉ឺន ៦ពាន់ហិកតា ឬស្មើនឹង ១៨% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់។
ចំណែកដែនជម្រកសត្វព្រៃព្រះរកាបានជួបប្រទះការបាត់បង់គម្របព្រៃឈើប្រមាណ ៤២៦ ហិកតាក្នុងឆ្នាំ ២០២២ ដែលបានថយចុះប្រមាណ ៥១% ធៀបនឹងពេលកន្លងទៅ ប៉ុន្តែអត្រានៃការបាត់បង់ព្រៃឈើនៅតែមានកម្រិតខ្ពស់ដដែល។ ចំណែកដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នបានបាត់បង់ព្រៃឈើចំនួនប្រមាណ ២៨ ហិកតា ដែលគ្របដណ្តប់នៅឆ្នាំ ២០២២។ ចំនួននេះបានថយចុះ ៣៣% ចាប់តាំងពីឆ្នាំ ២០២១ មក។
អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ស្វាយ សុង ប្រាប់វីអូអេថា បណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ ខេត្ត នៅតែបន្តរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់។ លោកបន្តថា ការលួចដឹកឈើចេញពីក្នុងព្រៃក៏នៅតែមានជាហូរហែតាមរយៈការដឹកម៉ូតូ និងគោយន្តជាដើម។
លោកថ្លែងថា៖ «ប៉ុន្តែឥឡូវមានបន្ថែមទៀត ហើយដោយសារតែការលាក់លួច លាក់បាំង លបចូលអ៊ីចឹង»។
លោកបន្តថា ប្រជាពលរដ្ឋនៅទីនេះពឹងអាស្រ័យលើអនុផលព្រៃឈើ និងដំាដំណាំផ្សេងៗទៀត។ លោកបញ្ជាក់ដែរថា ប្រសិនបើព្រៃឈើនៅតែបន្តបាត់បង់ នោះនឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែអន់ថយផងដែរ។
យ៉ាងណាមិញ លោកក៏បានអំពាវនាវដល់រដ្ឋាភិបាល ក្រសួងបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលឱ្យចូលរួមទប់ស្កាត់បទល្មើសព្រៃឈើដែលជាធនធានធម្មជាតិដ៏សំខាន់សម្រាប់ប្រជាជន និងប្រទេសទាំងមូល។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំសំណូមពរឱ្យអង្គការក្រៅរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាល សូមលោកជួយទប់ស្កាត់ជាបន្ទាន់ទៅ ព្រោះសកម្មភាពសព្វថ្ងៃហ្នឹង ចង់និយាយថា ការអន់ថយចុះវាបន្តិចបន្តួចទេ ប៉ុន្តែការកើនឡើង និងការដឹកជញ្ជូនរិតតែច្រើនឡើង ទាំងម៉ូតូ ទាំងគោយន្ត។ ឥឡូវហ្នឹងមានក្របី មានគោ មានរទេះទៀត។ អ៊ីចឹងសុំឱ្យរាជរដ្ឋាភិបាលគិតយ៉ាងម៉េច ពីព្រោះពួកយើងខ្ញុំនេះគ្រាន់តែជាអ្នកជួយការពារទេ ប៉ុន្តែសំខាន់ គឺរដ្ឋាភិបាលសូមលោកមេត្តាជួយ បើមិនអ៊ីចឹងទេ ធនធានធម្មជាតិយើងនឹងបាត់បង់មិនយូរមិនឆាប់»។
របាយការណ៍របស់សហគមន៍ព្រៃឡង់ឱ្យដឹងទៀតថា គម្រោងរេដបូក (REDD+) ក្នុងខេត្តស្ទឹងត្រែង បានជួបប្រទះការកើនឡើងនៃការបាត់បង់ព្រៃឈើ ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ ២០១៨។
របាយការណ៍បញ្ជាក់ក្នុងន័យដើមថា៖ «តំបន់ប្រតិបត្តិការជាក់ស្តែងរបស់គម្រោងមិនរាប់បញ្ចូលតំបន់ដែលមានការកាប់ឈើច្រើន ហើយទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៃការកាប់បំផ្លាញព្រៃឈើក៏ដោយ វាមានការកើនឡើងយ៉ាងខ្លាំងនៃការបាត់បង់ព្រៃឈើដែលនាំឱ្យមានការកើនឡើងនៃការបញ្ចេញកាបូន។ ហេតុដូច្នេះហើយគម្រោងនេះបានបរាជ័យ មិនអាចសម្រេចបាននូវគោលបំណងដែលបានកំណត់របស់ខ្លួនក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ហើយជាការណ៍ពិតបញ្ហានេះបានក្លាយជាប្រភពដ៏សំខាន់នៃការបំភាយកាបូនចាប់ តាំងពីការចាប់ផ្តើមគម្រោង»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងខេត្តព្រះវិហារ។ ដែនជម្រកសត្វព្រៃព្រះរការមានផ្ទៃដីទំហំជាង ៩ ម៉ឺនហិកតា។ ចំណែកដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានផ្ទៃដីទំហំប្រមាណ ៣ ម៉ឺនហិកតា។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) យល់ថា ការបាត់បង់គម្របព្រៃឈើបន្ថែមនេះបង្កក្តីព្រួយបារម្ភជាខ្លាំង និងបានធ្វើឱ្យតំបន់សហគមន៍ជាច្រើនហិនហោចព្រៃឈើដែលដើរតួនាទីក្នុងការផ្តល់អនុផលព្រៃឈើសម្បូរបែបដល់ការរស់នៅរបស់ប្រជាសហគមន៍។ លោកបន្តថា ការបាត់បង់គម្របព្រៃឈើដ៏ច្រើននេះនឹងជាភស្តុតាងថ្មីមួយទៀតដែលក្រសួងបរិស្ថានមិនគួរបដិសេធឡើយ។
លោកក៏ជំរុញឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានគួរបង្កើនការយល់ដឹងពីបញ្ហាបទល្មើសព្រៃឈើ និងរាយការណ៍ពីសកម្មភាពមិនប្រក្រតីណាមួយដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ លោកក៏ស្នើដល់រដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងបរិស្ថាន ត្រូវចូលរួមសហការ និងអនុវត្តនូវយន្តការថ្មីៗផ្សេងទៀតឱ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃការកាប់បំផ្លាញព្រៃឈើដែលប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ទាំងមូល។
លោកថ្លែងថា៖ «ខ្ញុំក៏អំពាវនាវឱ្យឈានទៅរកការលុបបំបាត់ទាំងស្រុងតាមរយៈការបង្ក្រាបដោយអត់មានការលើកលែង ការស្វែងរកបណ្តាញជួញដូរព្រៃឈើដែលខុសច្បាប់ ការស្វែងរកប្រភព និងការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីនៅមូលដ្ឋានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ គឺជារឿងមួយដែលសំខាន់ហើយមិនអាចលើកលែងបាន។ បើសិនជាអត់មានយន្តការបែបនេះទេ ព្រៃឈើកម្ពុជានៅតែបាត់បង់ នៅតែខាតផលប្រយោជន៍សង្គម ហើយសហគមន៍មូលដ្ឋាននៅតែរងគ្រោះដោយសារតែការហិនហោច និងការធ្លាក់ចុះនូវចំនួនព្រៃឈើ»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ក្រសួងបរិស្ថានបានដាក់ចេញនូវការអនុវត្តច្បាប់ដោយមិនមានការលើកលែងចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងបានបញ្ចប់«វប្បធម៌អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ»។
លោកបញ្ជាក់ជាអក្សរថា៖ «ក្រសួងបរិស្ថានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យបានស្អិតល្មួតដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងក៏សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក»។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន រដ្ឋាភិបាលក៏បានជំរុញឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តារព្រៃឈើដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ រួមទាំងការអភិរក្សជីវៈចម្រុះដោយចីរភាពផងដែរ។
របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ក៏បានលើកអនុសាសន៍មួយចំនួនដែលស្នើឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថានមានការត្រួតពិនិត្យ និងដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនណាដែលមិនគោរពតាមកិច្ចព្រមព្រៀងផ្សេងទៀតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ត្រួតពិនិត្យ និងវាយតម្លៃតួនាទីរបស់មន្ត្រីណាដែលពាក់ព័ន្ធបទល្មើសព្រៃឈើ និងភាពអសកម្មក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
បណ្តាញសហគមន៍ព្រៃឡង់ក៏ស្នើឱ្យបង្កើតផែនការយុទ្ធសាស្ត្រជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ការកាប់រានព្រៃឈើថ្មីសម្រាប់គោលបំណងកសិកម្ម ការតាំងទីលំនៅអនាធិបតេយ្យ កាំភ្លើងធ្វើដោយដៃ ការបរបាញ់សត្វព្រៃ និងឧបករណ៍ផ្សេងទៀតដែលជួយសម្រួលដល់សកម្មភាពខុសច្បាប់ ដើម្បីអនុវត្តបទប្បញ្ញត្តិ និងច្បាប់ថ្មីសម្រាប់តំបន់ការពារព្រៃឈើ។ បណ្តាញសហគមន៍ព្រៃឡង់ក៏លើកទឹកចិត្តសាធារណជន និងអន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងអំពាវនាវឱ្យគ្រប់គ្នាឈប់ទិញឈើខុសច្បាប់គ្រប់ប្រភេទដែលមានប្រភពពីប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ក្នុងចន្លោះពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ ពោលគឺរយៈពេល ២០ ឆ្នាំ កម្ពុជាបាត់បង់គម្របព្រៃឈើសរុបប្រមាណ ២លាន ៧សែនហិកតា ឬស្មើនឹង ៣១% នៃគម្របព្រៃឈើសរុបក្នុងប្រទេស។ នេះបើតាមរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់៕
វេទិកាបញ្ចេញមតិ