មុនចាកចេញពីតំណែង អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចុះហត្ថលេខាផ្តល់ដីឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ ប្រមាណ២២០ហិកតា ឱ្យក្រុមហ៊ុនវ័នម៉រ(One More Ltd.) ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី កូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ និងលោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យដែលវីអូអេទទួលបាន។
ការផ្តល់ដីនេះ ត្រូវបានរដ្ឋាភិបាលអះអាងថាសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងរយៈពេល៥០ឆ្នាំ។
អនុក្រឹត្យចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា៖ «ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ លើទំហំ២២១,៩៤ ហិកតា ស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាកម្មវត្ថុ ជួលអចិន្ត្រៃរយៈពេលវែង៥០ឆ្នាំ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុន វ័នម៉រ (ONE MORE Ltd.) ដូចមានផែនទី និងចំណុចនិយាមកា ជាឧបសម្ព័ន្ធភ្ជាប់នៃអនុក្រឹត្យនេះ»។
នេះជាលើកទី២ដែលក្រុមហ៊ុន វ័នម៉រ ទទួលបានដីនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនេះ។ កាលពីលើកទីមួយ ក្រុមហ៊ុននេះក៏ទទួលបានដីទំហំដូចគ្នា គឺចំនួន២២១,៩៤ហិកតា ដែលត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព កាលពីខែមិថុនា ឆ្នាំ២០២២។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន។
បើគិតទាំងអនុក្រឹត្យចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន គឺក្រុមហ៊ុនវ័នម៉រ របស់អ្នកស្រី ជឹង សុគន្ធាវី បានទទួលដីសរុបប្រមាណ៤៤៣ហិកតា នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»នោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នកស្រី ជឹង សុគន្ធាវី និងតំណាងខាងក្រុមហ៊ុនOne More តាមទូរស័ព្ទបាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធមិនអត្ថាធិប្បាយជុំវិញករណីនេះ។
អ្នកស្រី
ជាដន្លងជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ដោយកូនស្រីរបស់អ្នកស្រី ជឹង សុគន្ធាវី បានរៀបការជាមួយកូនប្រុសរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា កត់សម្គាល់ថា ការកាត់ឆ្វៀលទ្រព្យសម្បត្តិរដ្ឋ ឱ្យទៅឯកជន ក្នុងរូបភាពជួល និងផ្តល់ឱ្យ គឺនៅតែបន្តកើតមានច្រើន សូម្បីតែតំបន់ការពារធម្មជាតិ ក៏ត្រូវបានកាត់ឆ្វៀលផងដែរ។ លោកបន្តថានៅពេលដែលទ្រព្យសម្បត្តិរដ្ឋត្រូវបានឆ្វៀល ដោយមិនបានពិគ្រោះយោបល់ និងជជែកជាមួយពលរដ្ឋ និងអ្នកពាក់ព័ន្ធជាសាធារណៈ និងមិនមានការវាយតម្លៃដោយចំហ និងមិនបង្ហាញអំពីតម្លៃដែលក្រុមហ៊ុនជួល បានធ្វើឱ្យងឿងឆ្ងល់ និងព្រួយបារម្ភអំពីតម្លាភាព និងគណនេយ្យភាព លើការចាត់ចែង និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ដូច្នេះលោកថារដ្ឋាភិបាលគួរតែពិភាក្សា និងពិគ្រោះយោបល់ជាមួយពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ។
លោកថ្លែងថា៖ «អ៊ីចឹងបានខ្ញុំ បានជជែកថាវាជាការធ្វើសម្បទាន អនុប្បយោគ ឬការជួល ដោយមិនមានតម្លាភាព។ យើងឃើញថាអ្នកទទួលផលប្រយោជន៍ពីការអនុប្បយោគ ជួល លក់ ដោយរដ្ឋ ភាគច្រើនគឺជាក្រុមហ៊ុនធំៗ ដែលមានប្រតិបត្តិការរួចរាល់ជាស្រេច ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលទៀតផង»។
លោកស្នើឱ្យរដ្ឋាភិបាលបង្កើតច្បាប់«អនុប្បយោគ» ដើម្បីឱ្យការអនុវត្តការងារស្របតាមលក្ខខណ្ឌច្បាប់ និងដើម្បីងាយស្រួលសិក្សាឱ្យបានស៊ីជម្រៅ មុននឹងធ្វើអនុប្បយោគឱ្យទៅឯកជន។
គួរបញ្ជាក់ថាក្រុមហ៊ុន វ័នម៉រ ក៏ធ្លាប់ទទួលបានដីនៅតំបន់ផ្សេងទៀត ក្រៅពីឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»នេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុគន្ធាវី ទទួលបានដីទំហំ២៩ហិកតា ពីតំបន់ឧទ្យានជាតិកែប ក្នុងខេត្តកែប និងកាលពីខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលបានកាត់ផ្ទៃដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យក្រុមហ៊ុននេះ។ បន្ថែមពីនេះកាលពីខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលក៏បានកាត់ផ្ទៃដីទំហំ៧០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ចំណុចទឹកធ្លាក់ក្បាលព្រះ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ផ្តល់ឱ្យក្រុមហ៊ុនOne Prosperity ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី ផងដែរ៕