ឥស្សរជនដែលត្រូវបានសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.គឺលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ ជិតដល់ពេលត្រូវជ្រើសរើសដៃគូជាបេក្ខជនអនុប្រធានាធិបតីហើយ។
មហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋត្រូវកំណត់ថានឹងចាប់ផ្តើមធ្វើក្នុងពេលពីរសប្តាហ៍ទៀតដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតី ហើយមហាសន្និបាតរបស់គណបក្សប្រជាធិបតេយ្យនឹងធ្វើមួយសប្តាហ៍បន្ទាប់មក។ បេក្ខជនទាំងពីររូបនេះបានជម្រុះនិងជ្រើរើសឈ្មោះមន្ត្រីរបស់ខ្លួនដែលអាចជាបេក្ខជនអនុប្រធានាធិបតី ដោយពិចារណាទៅលើថាតើជម្រើសរបស់លោកនិងលោកស្រីអាចជួយបេក្ខភាពអស់លោកបានបែបណាខ្លះ។ អស់លោកក៏គិតពិចារណាលើបេក្ខជនដែលអាចបំពេញនាទីជាប្រធានាធិបតីក្នុងករណីដែលលោក Trump ឬលោកស្រី Clinton ទទួលមរណភាពនៅពេលកំពុងកាន់តំណែង ឬមានលទ្ធភាពកាន់តំណែងនៅក្នុងការបោះឆ្នោតជាតិនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារបាននិយាយថា លោកចង់ឱ្យមានមនុស្សម្នាក់ជាដៃគូដែលអាចជួយលោកឱ្យឆ្លងកាត់វប្បធម៌នយោបាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងជួយជំរុញកម្មវិធីសេចក្តីព្រាងច្បាប់របស់លោកក្នុងសភា ពីព្រោះលោកមិនធ្លាប់កាន់តំណែងតាមរយៈការបោះឆ្នោតទេពីមុនមក។
ពួកអ្នកវិភាគនយោបាយមួយចំនួនបាននិយាយថា ជម្រើសជាន់ខ្ពស់របស់លោក Trump គឺមានលោក Newt Gingrich អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកាំងដែលបានកាន់តំណែងតាមរយៈការបោះឆ្នោតនៅពេលចុងក្រោយកាលពីឆ្នាំ១៩៩៩ ទោះណាជាលោកគ្មានជោគជ័យក្នុងការទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០១២ ក៏ដោយ និងលោក Chris Christie អភិបាលរដ្ឋ New Jersey ដែលបានឈរឈ្មោះប្រឆាំងនឹងលោក Trump ក្នុងឆ្នាំនេះ នៅមុនពេលលោកដកខ្លួនថយពីការប្រកួតប្រជែងហើយក៏គាំទ្រលោក Trump វិញ។
លោក Trump មិនទាន់បានជ្រើសរើសនរណាម្នាក់នៅឡើយទេ ហើយលោកបានជួបជាមួយមន្ត្រីឯទៀតៗដែលអាចជាជម្រើសរបស់លោកដោយមានរួមបញ្ចូលលោក Mike Pence អភិបាលរដ្ឋ Indiana ដែលលោកបានជួបជាមួយកាលពីថ្ងៃអាទិត្យ និងលោកស្រី Joni Ernst សមាជិកាព្រឹទ្ធសភាប្រចាំរដ្ឋ Iowa ដែលលោកបានជួបជាមួយកាលពីថ្ងៃចន្ទ។
ចំពោះលោក Clinton វិញ ក្រុមអ្នកធ្វើវិភាគបាននិយាយថា លោកស្រីក៏មានជម្រើសច្រើននាក់ដែរ ដែលក្នុងចំណោមនោះមានលោក Tim Kaine សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Virginia ដែលធ្លាប់កាន់តំណែងជាអភិបាលរដ្ឋនេះក្នុងតំបន់ពាក់កណ្តាលអាតាឡង់ទិច ផងដែរ លោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts ដែលបានទទួលការអបអរសាទរខ្លាំងនៅពេលលោកស្រីវាយប្រហារដោយពាក្យសម្តីប្រឆាំងនឹងលោក Trump កាលពីសប្តាហ៍មុននៅក្នុងការប្រជុំជាមួយអ្នកគាំទ្រមួយរបស់លោកស្រី Clinton សមាជិកព្រឹទ្ធសភាពីរនាក់ទៀតគឺលោក Sherrod Brown នៃរដ្ឋ Ohio និងលោក Corey Booker នៃរដ្ឋ New Jersey បូករួមទាំងសមាជិកពីរនាក់នៃគណៈរដ្ឋមន្ត្រីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោករដ្ឋមន្ត្រីក្រសួងការងារ Thomas Perez ក៏ដូចជាលោក Julian Castro រដ្ឋមន្ត្រីក្រសួងផ្ទះសំបែងជាដើម។
គេរំពឹងថាលោក Trump នឹងប្រកាសអំពីជម្រើសរបស់លោកតែប៉ុន្មានថ្ងៃមុនការចាប់ផ្តើមមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋក្នុងក្រុង Cleveland ក្នុងរដ្ឋ Ohio នាប៉ែកកណ្តាលខាងលិចស.រ.អា. ឬនៅពេលចាប់ផ្តើមមហាសន្និបាតនេះនៅថ្ងៃទី១៨ ខែកក្កដា។ លោកស្រី Clinton អាចរង់ចាំពីរបីថ្ងៃបន្ទាប់ពីថ្ងៃនោះក្នុងការតែងតាំងជម្រើសរបស់លោកស្រី គឺចាំដល់ពេលណាលោកស្រីដឹងអំពីមនុស្សដែលលោក Trump បានតែងតាំង៕