យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកនឹងឆ្ពោះទៅកាន់រដ្ឋ Carolina ខាងជើងនៅថ្ងៃអង្គារនេះខណៈដែលលោក Donald Trump នៃគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clintonនៃគណបក្សប្រជាធិបតេយ្យ នឹងរៀបចំកម្មវិធីនៅទីនោះ។
លោក Trump នឹងឡើងថ្លែងសុន្ទរកថានៅក្នុងការប្រមូលផ្តុំមហាជននៅក្នុងរដ្ឋធានី Raleigh នៃរដ្ឋ Carolina ខាងជើងនាល្ងាចថ្ងៃអង្គារនេះ។
រយៈពេលប៉ុន្មានម៉ោងមុនកម្មវិធីចាប់ផ្តើម លោកស្រី Clinton នឹងធ្វើដំណើរទៅកាន់ទីក្រុង Charlotte ខណៈដែលលោកប្រធានាធិបតី Barack Obama ក៏នឹងមានវត្តមានលើកដំបូងបង្អស់គាំទ្រដល់លោកស្រី Clinton ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានាធិបតីក្នុងអាណត្តិទីមួយរបស់លោក។
លោកស្រី Clinton បានបង្ហោះសារមួយលើបណ្តាញសង្គម Twitter ជាមួយនឹងវីដេអូដែលលោកប្រធានាធិបតីបាននិយាយគាំទ្រលោកស្រីកាលពីខែមុនថា «ទន្ទឹងរង់ចាំការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយគ្នា។»
កាលពី៨ឆ្នាំមុន លោក Obama និងលោកស្រី Clinton បានប្រជែងគ្នានៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយ ដែលចុងក្រោយលោក Obama ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ ហើយលោកស្រី Clinton ក៏បានជួយធ្វើយុទ្ធនាការឃោសនាឲ្យលោក Obama នៅក្នុងការបោះឆ្នោតជាតិ ដើម្បីប្រជែងជាមួយបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក John McCain ផងដែរ៕