ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងថ្លែងសុន្ទរកថាបញ្ចប់តំណែងជាប្រធានាធិបតី ដែលសេតវិមានពណ៌នាថា ជាសុន្ទរកថាមួយដែលគេទន្ទឹងរង់ចាំ ទៅកាន់ប្រជាពលរដ្ឋអាមេរិកាំងនៅយប់នេះ (ម៉ោងនៅស.រ.អា)។
សុន្ទរកថានេះនឹងបូកសរុបសមិទ្ធផលដែលសម្រេចបានរបស់លោក អូបាម៉ា ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ក្នុងនាមជាប្រធានាធិបតី។ សុន្ទរកថានេះក៏គ្រោងនឹងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមនិងតស៊ូដើម្បីប្រជាធិបតេយ្យរបស់ខ្លួនផងដែរ។ នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោកស្រី Valerie Jarrett ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
សុន្ទរកថានេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង៩យប់ម៉ោងក្នុងស្រុក នៅឯមជ្ឈមណ្ឌលសន្និបាត McCormick Place ក្នុងទីក្រុង Chicago ដែលលោក អូបាម៉ា ចាត់ទុកដូចជាស្រុកកំណើតរបស់លោក។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki បាននិយាយថា សុន្ទរកថានេះនឹងខ្លីជាង
សុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានការណ៍ប្រទេសជាតិ ដែលមានរយៈពេលជាមធ្យម ៦៣នាទី ក្នុងអំឡុងពេលដែលលោក អូបាម៉ា កាន់តំណែង។
ពិធីស្បថចូលកាន់តំណែងសម្រាប់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែមករា ដែលលោកនឹងក្លាយជាប្រធានាធិបតីទី៤៥របស់អាមេរិក។
ជំនួយការរបស់លោកប្រធានាធិបតីនិយាយថា លោក អូបាម៉ា ចូលរួមយ៉ាងច្រើនក្នុងការសរសេរសុន្ទរកថាបញ្ចប់តំណែងរបស់លោក ហើយលោកប្រហែលជាអាចបន្តកែសម្រួលសំណេរនោះរហូតដល់ពេលដែលលោកនឹងឡើងលើវេទិកាថ្លែងសុន្ទរកថាតែម្តង។
ដំណើរទៅកាន់ទីក្រុង Chicago របស់លោក អូបាម៉ា នឹងក្លាយជាដំណើរចេញពីរដ្ឋធានី វ៉ាស៊ីនតោនចុងក្រោយបង្អស់ក្នុងនាមជាប្រធានាធិបតី ហើយក៏ជាពេលវេលាចុងក្រោយដែលលោកនឹងធ្វើដំណើរតាមយន្តហោះ Air Force One ផងដែរ៕