លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍បន្ទាប់ពីការសន្និដ្ឋានមួយដោយក្រុមស៊ើបការសម្ងាត់ស.រ.អា.ថាប្រទេសរុស្សីជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកានឹងអាចមានការណ៍ស្រដៀងគ្នានេះទៀត ហើយថាវាមានសារៈសំខាន់សម្រាប់សភាស.រ.អា.និងប្រធានាធិបតីជាប់ឆ្នោត Donald Trump គួរតែធ្វើឱ្យប្រាកដប្រជាថាឥទ្ធិពលបែបនេះមាននឹង «ត្រូវបានកាត់បន្ថយ»។
របាយការណ៍មួយនៃការស៊ើបការសម្ងាត់ដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃសុក្របាននិយាយថាប្រធានាធិបតីរុស្សី Vladimir Putin «បានបញ្ជាឱ្យមានយុទ្ធនាការបំផុសឥទ្ធិពល» លើការបោះឆ្នោតនេះដោយមានការលម្អៀងចំពោះលោក Trump ជាជាងគូប្រជែងរបស់លោកគឺលោកស្រី Hillary Clinton។
លោកអូបាម៉ាបានមានប្រសាសន៍ប្រាប់កម្មវិធីទូរទស្សន៍ ABC News នៅក្នុងសម្ភាសន៍មួយផ្សាយកាលពីថ្ងៃអាទិត្យថាលោកបានបញ្ជាឱ្យមានការស្ទង់ប៉ាន់មើល «ដើម្បីធ្វើឱ្យប្រាកដប្រជាថាយើងយល់ថានេះជាអ្វីដែលលោក Putin បានធ្វើមួយរយៈពេលមកហើយនៅក្នុងទ្វីបអឺរ៉ុប ដំបូងគេនៅក្នុងអតីតរដ្ឋរណបដែលនៅទីនោះមានមនុស្សច្រើននាក់និយាយភាសារុស្សី ក៏ប៉ុន្តែការធ្វើដូច្នេះបានកើនច្រើនឡើងក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងក្រុមបស្ចឹមប្រទេស»។
លោកប្រធានាធិបតីអូបាម៉ាដែលអាណត្តិទីពីររបស់លោកនឹងចប់នៅថ្ងៃទី២០មករាខាងមុខនេះបានមានប្រសាសន៍បន្ថែមថាលោកបានប្រមាថការបំភ្លៃព័ត៌មាននិងការលបលួចចូលមើលទិន្នន័យកុំព្យូទ័រ មានផលប៉ះពាល់បែបណាដល់សង្គមសេរីនិង «សសៀរចូលក្នុងការអនុវត្តន៍បែបប្រជាធិបតេយ្យរបស់យើងដែលខ្ញុំយល់ថាវាកំពុងតែកើនឡើង»៕