ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្តែង​របស់​តារា​ចម្រៀង Rap វៀតណាម​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចង​ចាំ​បំផុត​មួយ​ក្នុង​ពេល​លោក អូបាម៉ា កាន់​តំណែង


រូបឯកសារ ៖តារា​ចម្រៀង Rap វៀតណាម​នាង Suboi ច្រៀង Rap ដល់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​ឯ​វេទិកា​សាធារណៈ​នៃ​កម្មវិធី​ផ្តួច​ផ្តើម​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​យុវជន​អាស៊ីអាគ្នេយ៍ នៅ​ឯ​មជ្ឈមណ្ឌល GEM ក្នុង​ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ២០១៦។
រូបឯកសារ ៖តារា​ចម្រៀង Rap វៀតណាម​នាង Suboi ច្រៀង Rap ដល់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា នៅ​ឯ​វេទិកា​សាធារណៈ​នៃ​កម្មវិធី​ផ្តួច​ផ្តើម​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​យុវជន​អាស៊ីអាគ្នេយ៍ នៅ​ឯ​មជ្ឈមណ្ឌល GEM ក្នុង​ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​បាន​ជួប​ជា​មួយ​នឹងនាង Suboi អាយុ២៦ឆ្នាំ​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ជា​មួយ​នឹង​យុវជន​វៀតណាម​ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ។

ក្នុង​ខណៈពេល​ដែល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជិត​ផុត​តំណែង សេតវិមាន​បាន​ជ្រើស​រើស​ព្រឹត្តិការណ៍​ដែល​នាង Suboi តារា​ Hip Hop កំពូល​របស់​វៀតណាម​ច្រៀង Rap នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ជា​ព្រឹត្តិការណ៍ដ៏​គួរ​ឲ្យ​ចង​ចាំ​បំផុត​មួយ​នៅ​ក្នុង​ពេល​ដែល​លោក​កាន់​តំណែង​ធ្វើ​ជា​ប្រធានាធិបតី។

លោក​ប្រធានាធិបតី​បាន​ជួប​ជា​មួយ​នឹងនាង Suboi អាយុ២៦ឆ្នាំ​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ជា​មួយ​នឹង​យុវជន​វៀតណាម​ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ។

នាង Suboi បាន​ថ្លែង​ប្រាប់​ VOA សេវា​ភាសា​វៀតណាម​ថា៖

«នេះ​ជា​កិត្តិយស​មួយ​ដែល​ព្រឹត្តិការណ៍​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចង​ចាំ​បំផុត​មួយ ហើយ​ថា ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ដែល​ខ្ញុំ​បាន​រៀន​ចេះ​ពាក្យ​ថ្មី​ថា «Town Hall» ឬ​ដែល​មាន​ន័យ​ថា វេទិកា​សាធារណៈ។ ពាក្យ​ថា «Town Hall» គឺ​ថ្មី​សម្រាប់​ខ្ញុំ។ ពាក្យ​នេះ​មាន​ន័យ​ថា​ គ្រប់​គ្នា​មាន​ឱកាស​ក្នុង​ការ​សួរ​សំណួរ​ទៅ​កាន់​មេដឹកនាំ​កំពូល​មួយ​រូប ហើយ​ក្នុង​ករណី​នេះ ទស្សនិកជន​គឺ​សុទ្ធ​តែ​ជា​យុវជន​វ័យ​ក្មេង។ ខ្ញុំ​គិត​ថា ពាក្យ​នេះ​ក៏​ថ្មី​សម្រាប់​ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន​ផង​ដែរ។ ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​លើក​ដៃ​ហើយ​ខ្ញុំ​តែង​តែ​លើក​ដៃ​ឡើង​នៅ​ពេល​ដែល​លោក​អនុញ្ញាត​ឲ្យ​សួរ​សំណួរ។ នៅ​ពេល​ដែល​លោក​ថ្លែង​ថា លោក​នឹង​ទទួល​សំណួរ​ចុង​ក្រោយ​មួយ​ទៀត ខ្ញុំ​ជឿ​ខ្ញុំ​នឹង​ជា​អ្នក​ដែល​សួរ​សំណួរ​ចុង​ក្រោយ​នោះ។ យុវជន​ផ្សេង​ទៀត​បាន​សួរ​សំណួរ​ទាក់​ទិន​នឹង​សេដ្ឋកិច្ច ការ​ជួញ​ដូរ​មនុស្ស ប៉ុន្តែ​មិន​មាន​អ្នក​ណា​សួរ​សំណួរ​ទាក់​ទិន​នឹង​តារា​សម្តែង​ឬ​សិល្បៈ​នោះ​ទេ»។

នៅ​ពេល​ដែល​ Suboi ណែនាំ​ខ្លួន​ថា​នាង​គឺ​ជា​តារា​ចម្រៀង​បែប Rap នោះ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា មុន​នឹង​លោក​សួរ​សំណួរ លោក​ចង់​ឲ្យ​នាង​ Rap ឲ្យ​លោក​ស្តាប់​បន្តិច។

ក្រោយ​មក​នាង Suboi បាន​ច្រៀង Rap អម​ជា​មួយ​នឹង​ស្នូរ​ទះដៃ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​មាន​ភាព​សប្បាយ​រីករាយ។ វីដេអូ​នោះ​មាន​ការ​ពេញ​និយម​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ស្ថាប័ន​ព័ត៌មាន​នានា ដោយ​ហៅ​នាង​ថា​ជា​តារា​ Hip Hop កំពូល​របស់​វៀតណាម។

សម្រាប់​នាង Suboi ភាព​ល្បីល្បាញ​មិន​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​នាង​នោះ​ទេ ប៉ុន្តែ​វា​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​នាង។

«ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​មិន​បាន​ផ្លាស់​ប្តូរ​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​បាន​ផ្លាស់​ប្តូរ​គឺ​ការ​គិត​របស់​ខ្ញុំ។ លោក​ប្រធានាធិបតី​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ខ្ញុំ​ប្រកប​ដោយ​ការ​គាំទ្រ​យ៉ាង​ក្រៃលែង។ យើង​មិន​អាច​គ្រាន់​តែ​អង្គុយ​និង​ពិភាក្សា​ប្រធានបទ​នេះ​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ជា​សកម្មភាព។ ការ​កែប្រែ​យុវជន​និង​សង្គម​របស់​យើង​គឺ​ជា​អ្វី​ដែល​មាន​សារៈ​សំខាន់​បំផុត»។

វីដេអូ​របស់​សេតវិមាន​ក៏​បាន​បង្ហាញ​ពី​តារា​កំពូលៗ​របស់​ពិភពលោក​ដូច​ជា​លោក Tom Hanks លោក Leonardo Dicaprio លោក Bill Gate និង​ភរិយា​របស់​លោក​គឺ​លោកស្រី Melinda Gate ហើយ​និង​មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​គឺ​លោកស្រី Aung San Suu Kyi ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG