ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកលោកស្រី Michelle Obama បានថ្លែងសុន្ទរកថាជាសាធារណៈជាលើកចុងក្រោយដោយលើកឡើងពីក្មេងជំនាន់ក្រោយ ពិសេសអ្នកដែលកើតនៅក្នុងគ្រួសារដែលជាជនអន្តោប្រវេសន៍ ដើម្បីឲ្យពួកគេដឹងថា ពួកគេគឺជាអ្នកដែលធ្វើឲ្យអាមេរិកអស្ចារ្យ ហើយថាពួកគេនឹងជាអ្នកដែលដឹកនាំប្រទេសនេះនាពេលអនាគត។
លោកស្រីបានថ្លែងថា៖ «អ្នកត្រូវដឹងថា ប្រទេសនេះគឺប្រទេសរបស់អ្នកទាំងអស់គ្នា មិនថាអ្នកមានប្រវត្តិយ៉ាងដូចម្តេចនោះទេ។ ប្រសិនបើឪពុកម្តាយរបស់អ្នកគឺជាជនអន្តោប្រវេសន៍ អ្នកត្រូវដឹងថា អ្នកគឺជាផ្នែកមួយនៃប្រពៃណី វប្បធម៌ ទេពកោសល្យ និងគំនិតដ៏គួរឲ្យមានមោទនភាពរបស់អាមេរិក ហើយពីមួយជំនាន់ទៅមួយជំនាន់ វាបានធ្វើឲ្យអាមេរិកក្លាយជាប្រទេសដ៏អស្ចារ្យបំផុតនៅលើពិភពលោក»។
លោកស្រី Michelle Obama បានថ្លែងដូច្នេះក្នុងពិធីរៀបចំឡើងដោយសេតវិមានដើម្បីផ្តល់កិត្តិយសដល់អ្នកពិគ្រោះយោបល់ប្រចាំឆ្នាំ ដែលលោកស្រីតែងធ្វើឡើងចាប់តាំងពីឆ្នាំ២០១៥ មក។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ លោកស្រី Terri Tchorzynski គឺជាអ្នកពិគ្រោះយោបល់នៅឯមជ្ឈមណ្ឌលស្វែងរកការងារធ្វើ Calhoun នៅក្នុងទីក្រុង Battle Creek រដ្ឋ Michigan។
លោកស្រីបានថ្លែងយ៉ាងក្តុកក្តួល អំពីបទពិសោធន៍នៅពេលដែលលោកស្រីធំដឹងក្តី ហើយក្តីសង្ឃឹមរបស់ឪពុកលោកស្រីគឺចង់ឲ្យកូនៗរបស់លោកអាចរៀនដល់ថ្នាក់មហាវិទ្យាល័យ ហើយលោកស្រីចង់ឲ្យគ្រប់គ្នាដឹងថា គ្រប់គ្នាគឺមានសារៈសំខាន់ ហើយអាមេរិកគឺជាប្រទេសរបស់ពួកគេទាំងអស់គ្នា។
លោកស្រីបានថ្លែងទាំងទឹកភ្នែករលីងរលោងថា៖ «នេះគឺក្តីសង្ឃឹមរបស់អ្នកនយោបាយនិងឪពុកម្តាយគ្រប់រូប ដែលចង់ផ្តល់ឲ្យដល់យុវជនក្មេងៗ ពីព្រោះថានេះគឺជាអ្វីដែលធ្វើឲ្យប្រទេសនេះរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ នេះជាក្តីសង្ឃឹមរបស់យើងសម្រាប់ពេលអនាគត»៕