នៅពេលដែលកម្មវិធីសាកលសម្រាប់ចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដដល់ប្រទេសដែលមានចំណូលមធ្យមនិងចំណូលទាបនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤ អ្នកជំនាញព្រមានអំពីការផ្លាស់ប្តូរដ៏សាំញ៉ាំមួយដើម្បីធានាថា ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាបត្រូវបានការពារពីវីរុសកូរ៉ូណានេះ និងវីរុសកូរ៉ូណាបំប្លែងថ្មីៗទៀត។
ការបញ្ចប់យន្តការ COVAX ត្រូវបានអនុម័តកាលពីពេលថ្មីៗនេះក្នុងកិច្ចប្រជុំមួយជាមួយនឹងក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធភាពសាកលសម្រាប់វ៉ាក់សាំងនិងភាពស៊ាំ (Global Alliance for Vaccines and Immunization (GAVI))។
អង្គការ GAVI គឺជាកម្លាំងចលកររបស់យន្តការចែកចាយវ៉ាក់សាំងអន្តរជាតិ រួមជាមួយនឹងអង្គការសុខភាពពិភពលោក និងមូលនិធិចម្រុះដើម្បីនវានុវត្តន៍នៃការត្រៀមបង្ការជំងឺឆ្លង (Coalition for Epidemic Preparedness Innovations (CEPI))។
អង្គការ GAVI បានឱ្យដឹងថា យន្ដការ COVAX មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តដល់ឆ្នាំ២០២៤។ ដល់ពេលនោះ យន្ដការ COVAX គ្រោងនឹងបញ្ចប់កម្មវិធីនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៣៧ ប៉ុន្ដែនៅតែបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងមូលនិធិសម្រាប់ប្រទេសក្រីក្របំផុតក្នុងពិភពលោកចំនួន ៥៤ ដែលនៅតែចង់បានវ៉ាក់សាំងបង្ការជំងឺកូវីដនិងវ៉ាក់សាំងផ្សេងទៀតរហូតដល់ឆ្នាំ២០២៥។
អង្គការ GAVI បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែល យន្ដការ COVAX បន្តមានគម្រោងសម្រាប់ស្ថានភាពអាក្រក់បំផុត ក្រុមប្រឹក្សាភិបាលបានយល់ព្រមស្វែងរកការរួមបញ្ចូលវ៉ាក់សាំងកូវីដ១៩ ក្នុងកម្មវិធីស្នូលរបស់ GAVI»។
ក្រុមអ្នកជំនាញនិយាយថា តម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានធ្លាក់ចុះខ្លាំងនៅទូទាំងពិភពលោក ហើយការងាកចេញពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូលំទូលាយនេះគឺត្រឹមត្រូវណាស់។ ប៉ុន្តែ ពួកគេក៏បានព្រមានពីការផ្លាស់ប្តូរដ៏សាំញ៉ាំមួយពីយន្តការសម្របសម្រួលគ្រាអាសន្នជាសកលដែលត្រូវបានបង្កើតឡើងភ្លាមៗនៅពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩កើតឡើងដំបូង ទៅជាការបង្កើតគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងជំងឺកូវីដ១៩រយៈពេលវែងវិញ។
លោកវេជ្ជបណ្ឌិត Krishna Udayakumar នាយកមជ្ឈមណ្ឌលនវានុវត្តន៍សុខភាពសកលDuke (Global Health Innovation Center Duke) បាននិយាយថា៖ «សំណួរធំៗនឹងត្រូវបានចោទសួរពីការផ្លាស់ប្តូរនេះ ដែលរួមមានទាំងសំណួរអំពីថាតើប្រទេសចំណូលទាបនិងចំណូលមធ្យមចំនួនប៉ុន្មាននឹងបន្តទទួលបានការផ្គត់ផ្គង់ថវិកានិងភស្តុភារផ្សេងៗដែលពួកគេត្រូវការ និងផលប៉ះពាល់លើកម្មវិធីវ៉ាក់សាំងបង្ការផ្សេងទៀតដែលកើតចេញពីការធ្វើសមាហរណកម្មវ៉ាក់សាំងកូវីដ១៩នោះ»។
លោកបានប្រាប់វីអូអេថា៖ «មានការខ្វះខាតការឯកភាពគ្នាពីអង្គភាពប្រតិបត្តិការផ្សេងៗទៀតហើយមិនមាននរណាម្នាក់ ឬអង្គការណាមួយនឹងទទួលខុសត្រូវដើម្បីជំរុញដំណើរការនេះនោះទេ»។
ជាងនេះទៅទៀត ការចាក់វ៉ាក់សាំងបង្ការជាទៀងទាត់ភាគច្រើនគឺសម្រាប់តែកុមារតែប៉ុណ្ណោះ ខណៈដែលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺសម្រាប់មនុស្សពេញវ័យ ដូច្នេះយើងនៅមិនទាន់មានយន្ដការច្បាស់លាស់មួយសម្រាប់ចាត់ចែងនៅឡើយទេ»។
លោកUdayakumar បាននិយាយទៀតថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នឹងបន្តកើតឡើងមួយរយៈពេលទៀត ហើយកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតគួរតែគាំទ្រការបន្តការចាក់វ៉ាក់សាំងបង្ការជំងឺនេះលើក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់មេរោគបំប្លែងខ្លួនថ្មីនិងការគំរាមកំហែងពីការរាតត្បាតជំងឺជាសាកលនាពេលអនាគតទៀត។
កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនៅតែជាអ្នកបរិច្ចាគវ៉ាក់សាំងធំបំផុតក្នុងពិភពលោក ដោយសហរដ្ឋអាមេរិកបានសន្យាថា វ៉ាក់សាំងចំនួន ១២០០ លានដូសនឹងត្រូវបានចែកចាយនៅចុងឆ្នាំ២០២២នេះ។ ប៉ុន្ដែវ៉ាក់សាំងជាច្រើនដូសនៅមិនទាន់ត្រូវបានចែកចាយនៅឡើយទេ ដែលមូលហេតុមួយក្នុងចំណោមមូលហេតុនានានោះគឺដោយសារតែតម្រូវការធ្លាក់ចុះ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកប្រធានាធិបតី Joe Bidenបានប្រាប់វីអូអេថា៖ «គិតត្រឹមដើមខែធ្នូ សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងចំនួនជាង ៦៧០ លានដូសទៅកាន់ប្រទេសចំនួន ១១៦»។
កាលពីខែកុម្ភៈ រដ្ឋបាលរបស់លោក Biden បានកែសម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺកូវីដ១៩របស់ខ្លួនដើម្បីដោះស្រាយឧបសគ្គដែលប្រទេសចំណូលទាបកំពុងជួបប្រទះក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេ តាមរយៈកម្មវិធី Global Vax។ កម្មវិធី Global Vax គឺជាកម្មវិធីមួយដែលត្រូវបានចាប់ផ្តើមអនុវត្តកាលពីចុងឆ្នាំមុនដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID។
កម្មវិធី Global VAX គឺជាកិច្ចប្រឹងប្រែងរួមមួយរបស់រដ្ឋាភិបាលនានាដើម្បីធានាថាវ៉ាក់សាំងត្រូវបានផ្ដល់ដល់ប្រជាជននៅជុំវិញពិភពលោក។ កិច្ចការនោះរួមមាន ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងសីតុណ្ហភាពត្រជាក់ និងភស្តុភារ ការផ្តល់សេវាដឹកជញ្ជូន ការជឿជាក់លើវ៉ាក់សាំងនិងតម្រូវការ ធនធានមនុស្ស ទិន្នន័យនិងការវិភាគ ការធ្វើផែនការក្នុងតំបន់ និងប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វ៉ាក់សាំង។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Biden រូបនោះបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មន្ត្រីរូបនោះបានថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនទាន់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ចប់នៅឡើយទេ ទាំងនៅក្នុងប្រទេសរបស់យើង ហើយនឹងនៅទូទាំងសកលលោក។ រាល់ប្រទេសនិងអង្គការ ត្រូវបន្តការងាររបស់ខ្លួនដើម្បីប្រយុទ្ធនឹងជំងឺនេះនៅគ្រប់ទីកន្លែង»។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានសំណួរអំពីថវិកាសម្រាប់ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបន្តឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដែលរួមមានទាំងការបង្ការការគំរាមកំហែងនានាក្នុងពេលអនាគត។ រដ្ឋបាលរបស់លោក Biden កំពុងតែស្នើឱ្យសភាអនុម័តសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយដើម្បីផ្តល់ថវិកាដល់រដ្ឋាភិបាលចំនួន ១០ ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេស។
ទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារនេះ ត្រូវបានបន្ធូរបន្ថយពីសំណើដើមដែលមានចំនួនដល់ទៅ ២២ ពាន់ ៥០០ លានដុល្លារដែលបានដាក់ស្នើកាលពីដើមឆ្នាំនេះ ដែលក្នុងនោះទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារគឺសម្រាប់ការឆ្លើយតបជាអន្តរជាតិរបស់ខ្លួន ប៉ុន្តែទឹកប្រាក់នេះមិនត្រូវបានអនុម័តនោះទេ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ