កាសែត The Financial Times និយាយថា កម្មវិធី Covax ដែលជាកិច្ចសហការជាសកលដើម្បីឱ្យប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩នោះ បានទទួល«បរាជ័យភាគច្រើន»។ កាសែតនេះ បានរាយការណ៍ថា «ប្រទេសមានៗ ទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន១៦ដងលើសប្រទេសក្រីក្រដែលពឹងផ្អែកលើកម្មវិធី Covax គាំទ្រដោយអង្គការសុខភាពពិភពលោក»។
មនុស្សរាប់លាននាក់នៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក មិនទាន់បានចាក់វ៉ាក់សាំងដំបូងនៅឡើយ ខណៈប្រជាជននៅប្រទេសមានៗ អាចចាក់វ៉ាក់សាំងដូសជំរុញបន្ទាប់ពីបានចាក់ដំបូង។
កាសែត The Financial Times បានព្រមានថា ភាពខុសគ្នានេះ អាចនាំឱ្យមានកំណើនការឆ្លងនិងកំណើតមេរោគដែលកាន់តែកាចជាងមុន ហើយវានឹងបង្អាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។
អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃសុក្រថា ប្រទេសចំនួន៨២ មានហានិភ័យមិនអាចសម្រេចតាមគោលដៅរបស់អង្គការសុខភាពពិភពលោកដែលឱ្យប្រជាជន៤០% ក្នុងប្រទេសទាំងអស់ បានចាក់វ៉ាក់សាំងកូវីដ១៩នៅចុងឆ្នាំនេះ។ លោក Tedros Adhanom Ghebreyesus បាននិយាយថា «ចំពោះប្រទេសភាគច្រើន បញ្ហា គឺដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងមិនអាចទាយទុកជាមុនបាន»។
នៅដើមខែនេះ ចក្រភពអង់គ្លេសបានរាយការណ៍ចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតទាក់ទងនឹងជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី៩ ខែមីនាមក។ ទីប្រឹក្សារដ្ឋាភិបាលម្នាក់ បានប្រាប់ទូរទស្សន៍ BBC នៅថ្ងៃសៅរ៍ថា ប្រជាជន ត្រូវចាប់ផ្តើមវិធានការបង្ការការចម្លងមេរោគ មិនគួររង់ចាំរដ្ឋាភិបាលនោះទេ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅតែបន្តច្រានចោលការអំពាវនាវឱ្យមានវិធានការរឹតបន្តឹងប្រឆាំងកូវីដ១៩ ដោយលោកនិយាយថា គ្មានការបង្ហាញថា ចាំបាច់ត្រូវមានវិធានការទាំងនោះ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះទេ ទោះបីជាអង់គ្លេស កំពុងមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ក៏ដោយ។
ប្រទេសរុស្ស៊ី កំពុងរៀបចំបិទកន្លែងធ្វើការរយៈពេលមួយសប្តាហ៍ និងការបិទឡើងវិញមួយផ្នែក ដោយសារការកើនឡើងនៃការឆ្លង និងស្លាប់ទាក់ទងនឹងកូវីដ១៩។ ការស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះនៅប្រទេសរុស្ស៊ី បានកើនឡើងជាច្រើនសប្តាហ៍ ដោយសារតែអត្រាចាក់វ៉ាក់សាំងយឺតយ៉ាវ ការមិនអើពើចំពោះវិធានការការពារ និងការស្ទាក់ស្ទើររបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹង។
មជ្ឈមណ្ឌល Johns Hopkins អំពីវីរុសកូរ៉ូណា បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យថា នៅទូទាំងពិភពលោក ចំនួនឆ្លងសរុបមាន ២៤៣,៣ លានករណី និងមានអ្នកស្លាប់ជិត៥លាននាក់។ មជ្ឈមណ្ឌលនេះបាននិយាយថា វ៉ាក់សាំងចំនួន ៦,៧ ពាន់ លានដូស ត្រូវបានចាក់៕