អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ បានចាប់ផ្តើមសវនាការនៅថ្ងៃនេះ ដើម្បីពិនិត្យមើលថាតើសំណុំរឿង ០០៤ វគ្គ ២របស់លោក អោ អាន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ត្រូវនាំខ្លួនទៅកាត់ទោសឬ ក៏ត្រូវទម្លាក់ចោលបទចោទប្រកាន់។
បើតាមសេចក្កីប្រកាសព័ត៌មានរបស់សាលាក្តីបានឲ្យដឹងនៅថ្ងៃនេះថា សវនាការរបស់អង្គបុរេដើម្បីស្តាប់អំណះអំណាង ឬទទ្ហ្បីករណ៍ពីភាគីនានាក្នុងសំណុំរឿង ០០២ វគ្គ២នេះ នឹងបន្តដំណើរការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃពុធទី១៩ ខែមិថុនា។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ បានចោទប្រកាន់លោកអោ អាន ពីបទឧក្រិដ្ឋកម្មនានា រួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម ហើយថា ជនជាប់ចោទនេះត្រូវនាំខ្លួនទៅកាត់ទោស។
ក៏ប៉ុន្តែ សហចៅក្រមកម្ពុជា និងសហព្រះរាជអាជ្ញាកម្ពុជាជំទាស់ដោយយោងថាមិនមានភស្តុតាងគ្រប់គ្រាន់ ហើយថាលោក អោ អាន មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត និងជាមេដឹកនាំខ្ពស់បំផុត។ ភាគីអន្តរជាតិនិងភាគីជាតិ បានខ្វែងគំនិតគ្នា ហើយការណ៍នេះតម្រូវឲ្យអង្គបុរេជំនុំជម្រះ ដែលមានចៅក្រមកម្ពុជាបីរូបទល់ នឹងភាគីអន្តរជាតិ ២រូបនោះ សម្រេចលើសំណុំរឿងនេះ ក្រោយពីភាគីចៅក្រមអន្តរជាតិបានចោទប្រកាន់កាលពីខែសីហា ឆ្នាំ២០១៨ ថា ត្រូវនាំលោក អោ អាន ទៅកាត់ទោស។
លោក អោ អាន ជាអតីតមេបញ្ជាការរងភូមិភាគមជ្ឈឹម គ្រប់គ្រងគុក មន្ទីរសន្តិសុខ និងកន្លែងកាប់សម្លាប់ជាច្រើន ក្នុងតំបន់ ៤១ ៤២ និង ៤៣។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ដំណាក់កាលបន្តបន្ទាប់នៃសវនាការត្រូវបានធ្វើឡើងជាអសាធារណៈ ដែលសហព្រះរាជអាជ្ញាជាតិ និង អន្តរជាតិ បានបង្ហាញអំពីទទ្ហ្បីករណ៍នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួន។
សំណុំរឿងបន្ថែម ០០៣ និង០០៤ ត្រូវរងនូវការរិះគន់អំពីការជ្រៀតជ្រែកនយោបាយ នៅពេលមន្ត្រីកំពូលៗរបស់ប្រទេស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជារឿយៗកន្លងមកពីការមិនឲ្យបន្តកាត់ទោសមេដឹកនាំខ្មែរក្រហមបន្ថែម ដើម្បីជាថ្នូរនឹងសន្តិភាព និងការបង្រួបបង្រួមជាតិ ក៏ប៉ុន្តែសហចៅក្រមអន្តរជាតិផ្តោតលើយុត្តិធម៌ និងនីតិរដ្ឋ៕