ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​ចុង​ក្រោយ​របស់​សាលាក្តី​ខ្មែរក្រហម​គឺ​​ជា​សញ្ញា​ថា ​ការកាត់ទោសអំពើ​ប្រល័យ​ពូជសាសន៍​​ជិត​ដល់ទី​បញ្ចប់


រូបឯកសារ៖ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរក្រហម អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) គ្រាដែល​ខ្លួន​រង់ចាំ​សាលក្រម នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថត​របស់​អ.វ.ត.ក.ទទួល​បាន​តាម Reuters)
រូបឯកសារ៖ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរក្រហម អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) គ្រាដែល​ខ្លួន​រង់ចាំ​សាលក្រម នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថត​របស់​អ.វ.ត.ក.ទទួល​បាន​តាម Reuters)

សាលក្រម​ចុង​ក្រោយ​របស់​សាលាក្តី​ខ្មែរក្រហម​គឺ​​ជា​សញ្ញា​ថា ​ការ​កាត់ទោស​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ជិត​ដល់ទី​បញ្ចប់​ហើយ។ ​នេះ​ជា​យុត្តិធម៌​និង​ជា​ការ​បន្ធូរ​អារម្មណ៍​ខ្លះ​សម្រាប់​អ្នក​ដែល​រួចជីវិត​ពី​របប​ខ្មែរក្រហម។

សាលក្រម​កាត់ទោសឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​របស់​មេ​ដឹកនាំ​ជាន់ខ្ពស់​របស់​ប៉ុលពត​បាន​ធ្វើ​ឲ្យ​សកម្មភាព​សំខាន់ៗ​ខ្លះ​របស់​ដំណើរ​ការ​សាលាក្តី​ដ៏ចម្រូងចម្រាស​ដែល​មាន​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ ​ហើយ​ដែល​បាន​ចំណាយលុយ​អស់​ជាង​៣០០​លាន​ដុល្លារ​នោះ​ ឈាន​ដល់​ដំណាក់​កាល​ជិត​ចុង​បញ្ចប់។ ​

លោក​ នួន​ជា និង​លោក​ខៀវសំផន​អាច​ប្តឹងឧទ្ធរណ៍​សាលក្រម​ចុងក្រោយ​ដែល​កាត់ទោស​អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ រីឯការ​កាត់ទោសកម្មាភិបាល​ខ្មែរ​ក្រហម​ដែល​មាន​ឋានៈ​ទាប​បួន​នាក់​ទៀត​នៅ​មិនទាន់​សម្រេច​យ៉ាងណាៗ​ទេ។

នួន ជា អតីត​មេដឹកនាំ​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «បងធំទី២» អង្គុយ​នៅក្នុង​បន្ទប់​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) គ្រាដែល​ខ្លួន​រង់ចាំ​សាលក្រម នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នួន ជា អតីត​មេដឹកនាំ​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «បងធំទី២» អង្គុយ​នៅក្នុង​បន្ទប់​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) គ្រាដែល​ខ្លួន​រង់ចាំ​សាលក្រម នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទោះជា​យ៉ាងណា​ក៏ដោយ​ ដំណើរ​ការ​បណ្តឹង​ឧទ្ធរណ៍​ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​ចំណាយ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ទេ​ ​ហើយ​សំណុំ់​រឿង​ផ្សេងៗ​ទៀត​ទំនង​ជា​នឹង​មិន​មាន​សវនាការ​ទេ ​នៅពេល​មាន​ការ​សន្និដ្ឋាន​ថា​ ចៅក្រម​ភាគី​កម្ពុជា​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.)​នេះ​មិន​ចង់​បន្ត​នីតិវិធី​កាត់ទោស​កម្មាភិបាលដែល​ស្ថិត​នៅ​ក្រៅ​មជ្ឈដ្ឋាន​ផ្ទៃក្នុង​របស់​ប៉ុលពត។​ ​

អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត

លោកស្រី​ Helen Jarvis ​ទីប្រឹក្សា​សាលាក្តី​ខ្មែរក្រហម​និង​ជា​អតីត​ប្រធាន​អង្គភាព​ជន​រងគ្រោះ ​បាន​និយាយ​ថា ​ការ​កាត់ទោស​ដោយ​ជោគជ័យ​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​សំណុំ​រឿង​០០២/០២​បាន​កំណត់​ច្បាស់លាស់​អំពី​អតីត​កាល​ដែល​រួម​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ទាសភាពនិង​ការ​រំលោភ​សេព​សន្ថវៈ​តាម​រយៈការ​រៀប​ការ​ដោយ​បង្ខំ​ ​ខុស​ពី​អាពាហ៍​ពិពាហ៍​ដែល​ឪពុក​ម្តាយ​ផ្សំ​ផ្គុំ​ឲ្យ។​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖​

«អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​យើង​និយាយ​អំពី​អំពើប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ​ហើយ​គេ​តែងតែ​និយាយ​ថា ​គ្មាន​អ្វី​អាច​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​តុលាការ​ទេ​ តែ​ថ្ងៃ​នេះ​យើង​មាន​សេចក្តី​ថ្លែង​ការណ៍​ច្បាស់លាស់​គឺការ​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំ​ជម្រះ»។​

ដំបូង​ឡើយ​ អាណត្តិរបស់​តុលាការ​នេះ​គឺ​ដើម្បី​កាត់ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ការ​ស្លាប់​មនុស្ស​រវាង​ពី​១,៧​ទៅ​២,៣​លាន​នាក់ ​ ការ​បំផ្លិច​បំផ្លាញ​វប្បធម៌​ខ្មែរ​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​ដែលរួច​ជីវិត​ពីការ​គ្រប់គ្រង​របស់​ខ្មែរក្រហម។​

អ្នក​ទទួល​ខុស​ត្រូវខ្ពស់​បំផុត​ត្រូវបាន​គេ​កំណត់​ថា ​ជា​អ្នក​មាន​តួនាទី​នៅគណៈ​កម្មការ​មជ្ឈឹម ​និង​គណៈ​កម្មការអចិន្ត្រៃយ៍ ជាពិសេស​គណៈ​រដ្ឋ​មន្ត្រី​របស់​ប៉ុល ពត​ពី​ខែ​មេសា​ ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩ នៅពេល​ការ​ឈ្លានពាន​របស់​វៀតណាម​ដែល​បាន​បញ្ចប់​អំពើ​កំណាច។​

រូបឯកសារ៖ អ្នកយកព័ត៌មាន ថតរូប​ពី​កញ្ចក់​ទូរទស្សន៍ ដែល​បង្ហាញ​ពី​ការជំនុំ​ជម្រះ កាំង ហ្គិចអ៊ាវ ហៅ​ឌុច អតីត​មេ​គុក​ស-២១ ឬ​គុក​ទួល​ស្លែង នៅ​ឯ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) នៅ​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២។
រូបឯកសារ៖ អ្នកយកព័ត៌មាន ថតរូប​ពី​កញ្ចក់​ទូរទស្សន៍ ដែល​បង្ហាញ​ពី​ការជំនុំ​ជម្រះ កាំង ហ្គិចអ៊ាវ ហៅ​ឌុច អតីត​មេ​គុក​ស-២១ ឬ​គុក​ទួល​ស្លែង នៅ​ឯ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) នៅ​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២។

សង្គ្រាម​ស៊ីវិល​បាន​បន្ត​អស់រយៈ​ពេល​ពីរ​ទសវត្សរ៍​ទៀត។​ ទើបតែ​ពេល​នោះ​ទេ​ ដែល​ការ​ចរចា​អំពី​សាលាក្តី​ខ្មែរក្រហម​អាច​ចាប់​ផ្តើម។ ​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងហើយ​បាន​ធ្វើ​ការ​កាត់ទោស​ជា​លើក​ដំបូងនៅ​ក្នុង​សំណុំ​រឿង​០០១​ ប្រឆាំង​នឹង​កាំងហ្កេកអ៊ាវ​ ហៅឌុច ​ដែល​បាន​គ្រប់គ្រង​មជ្ឈមណ្ឌលប្រល័យ​ពូជ​សាសន៍​ស-២១​គឺគុក​ទួលស្លែង​នៅរាជធានីភ្នំពេញ។

ការ​ចំណាយ​និង​ការ​កាត់ទោស​ដទៃ​ទៀត

លោក​នួនជា​និង​លោក​ខៀវសំផន​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុកមួយ​ជីវិត​ម្តង​ហើយ​នៅ​ពេល​សាល​ក្រម​កាត់ទោស​អំពើ​ប្រល័យ​ពូជសាសន៍​ត្រូវ​បាន​ប្រកាស។​ ​ពួក​គេ​ម្នាក់ៗ​ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​គុក​មួយ​ជីវិត​បន្ថែមទៀត​ហើយ​លោក​ចៅក្រម​និល ណុន​បាន​បញ្ជាឲ្យ​ដាក់​ទោស​មួយ​ជីវិត​ទាំង​ពីរ​ករណី​នេះបញ្ចូល​គ្នា​តែ​មួយ។​

ប៉ុល ពត មេដឹកនាំ​ដ៏​សាហាវ​ព្រៃផ្សៃ​នៃ​របប​ខ្មែរក្រហម ត្រូវ​បាន​បង្ហាញ​ក្នុង​រូបថត​ដ៏​កម្រ​មួយ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេង​ទៀត នៅក្នុង​ជំរំ​មួយ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា នៅ​ខែមករា ឆ្នាំ១៩៨៦។
ប៉ុល ពត មេដឹកនាំ​ដ៏​សាហាវ​ព្រៃផ្សៃ​នៃ​របប​ខ្មែរក្រហម ត្រូវ​បាន​បង្ហាញ​ក្នុង​រូបថត​ដ៏​កម្រ​មួយ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេង​ទៀត នៅក្នុង​ជំរំ​មួយ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា នៅ​ខែមករា ឆ្នាំ១៩៨៦។

អ្នក​ផ្សេង​ទៀត​ រួមមាន ​ប៉ុល ពត ​និងសុនសេន ​រដ្ឋមន្រ្តី​ការ​ពារជាតិ ​ហើយ​នឹង​តាម៉ុក​បាន​ស្លាប់​មុន​ការ​កាត់ទោស។​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស ​អៀងសារី​ និង​ភរិយា​របស់​គាត់​ឈ្មោះ​អៀងធីរិទ្ធ ​ដែល​ជា​រដ្ឋមន្ត្រី​សង្គម​កិច្ច​បាន​ស្លាប់​ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជសាសន៍​ និង​ត្រូវបាន​ឃុំឃាំង​ដោយ​អ.វ.ត.ក.។

លោកស្រី​ Jarvis ​បាន​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា ​យើង​បាន​ធ្វើ​ការងារ​ដែល​ចាំបាច់​ត្រូវ​ធ្វើ ​ហើយ​ខ្ញុំ​គិត​ថា ​គោល​បំណង​នៃ​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​បាន​បំពេញ។ ជា​ការណ៍​ពិត​ណាស់ ​នៅ​មាន​ការ​ប្តឹង​ឧទ្ធរណ៍​ទៀត​ ដូច្នេះ​មិន​ទាន់​ចប់​ទេ។ ​ប៉ុន្តែ​វា​មាន​ភាព​ច្បាស់លាស់​ណាស់​ បើ​តាម​ខ្ញុំ​គិត»។​

មាន​ការ​ត្អូញ​ត្អែរ​អំពី​ការ​ចំណាយ​ច្រើន​ក្នុង​ដំណើរ​ការ​ផ្តន្ទាទោស​មនុស្ស​តែ​៣​ នាក់​និង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា។​

ព្រះសង្ឃ គង់​រង់ចាំ​នៅ​ខាងក្រៅ​បន្ទប់​សវនការ មុនពេល​និមន្ត​ចូលរួម​ស្តាប់​សវនការ​ជំនុំ​ជម្រះ​ក្តី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ពីររូប នៅ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ព្រះសង្ឃ គង់​រង់ចាំ​នៅ​ខាងក្រៅ​បន្ទប់​សវនការ មុនពេល​និមន្ត​ចូលរួម​ស្តាប់​សវនការ​ជំនុំ​ជម្រះ​ក្តី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ពីររូប នៅ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកស្រី​វុនអេម ​និង​គ្រួសារ​របស់​អ្នកស្រី​គឺជា​ជន​រង​គ្រោះ​នៃ​របបប៉ុលពត។​ ពួកគេ​រស់នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​កំពង់ចាម ​ជា​ទី​ដែល​អ្នកស្រី​ធំដឹងក្តី​ក្រោយ​សម័យខ្មែរក្រហម​ហើយ​ពេល​នោះ​នៅមាន​ការ​ប្រយុទ្ធ​ជាមួយ​ពួក​កុម្មុយនិស្ត​ក្នុងសង្គ្រាមជា​បន្ត។ ​អ្នកស្រី​បាន​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា​ ​សាលាក្តី​នេះ​បញ្ចេញលទ្ធផល​ល្អ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំគិត​ថា ​វា​ចំណាយ​ពេល​យូរ​ ហើយ​ចំណាយ​ប្រាក់​ច្រើន​ណាស់»។​ ​

អ្នក​ស្រី​បាន​បន្ថែម​ថា ​ចំណាយ​៣០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ការ​ផ្តន្ទាទោស​មនុស្ស​បីនាក់​គឺ​ច្រើន​ណាស់។​

ទោះជាយ៉ាង​ណាក៏​ដោយ ​ចំណាយ​ប៉ុណ្ណេះ​មិន​ច្រើន​ទេ បើប្រៀប​ធៀប​ទៅ​នឹង​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ដោយ​របប​នេះ។​

អ្នកស្រី​និយាយ​ថា៖​

«ពួកគេ​ធ្វើ​អាក្រក់​ខ្លាំង​ណាស់​ចំពោះ​ប្រជាជន​នៅ​ប្រទេស​កម្ពុជា ​រួម​ទាំង​គ្រួសារ​របស់​ខ្ញុំ។ ​ពួកគេ​បាន​បំបែក​សមាជិក​គ្រួសារ​ទាំងអស់។ ​ពួក​គេ​បាន​សម្លាប់មនុស្ស​ច្រើនណាស់និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ច្រើនណាស់ក្នុង​អំឡុង​សម័យ​នោះ។ ​មិន​មាន​ម្ហូប​អាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ​ ​មាន​ជំងឺ ​មាន​ការ​មិន​ទុកចិត្ត​ មិន​មាន​សុវត្ថិភាព​ហើយ​ក៏មាន​ការ​បង្ខំឲ្យ​រៀបការ​ទៀត»។​

ការចោទ​ប្រកាន់​បន្ថែម​ទៀត​

ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​ក្រោម​បួន​នាក់​ទៀតត្រូវ​បាន​គេ​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ​ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ង​រលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ប៉ុន្តែ​មាន​ការ​បែកបាក់​យ៉ាង​ខ្លាំងរវាង​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​និង​ព្រះ​រាជ​អាជ្ញា​ជាតិ​អំពីថា ​តើត្រូវ​បន្ត​នីតិវិធី ​ឬ​ យ៉ាងណា។​

ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី អ៊ឹមចែម ​អតីតគណៈ​ស្រុក​ ត្រូវ​បាន​ទម្លាក់​ចោល​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ថា ​ខ្លួន​មិន​មាន​យុត្តាធិការ​ក្នុង​ការ​កាត់ទោស​អ្នកស្រី។​

ក្រុម​អ្នក​រិះគន់​បាន​អះអាងថា ​បញ្ហា​នេះគឺ​ដោយសារ​តែ​លោក​ហ៊ុនសែន​មិន​ចង់​ផ្តន្ទាទោស​កម្មាភិបាល​ក្រៅ​ពី​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ខ្ពស់​បំផុត ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​លោក​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជាដែល​មាន​អតីត​កម្មាភិបាលខ្មែរ​ក្រហម​ជា​ច្រើន​រូប។​

ទន្ទឹម​នឹង​នេះ​ដែរ ​មិនទាន់​មាន​ការ​សម្រេច​ចិត្តចុង​ក្រោយអំពី​សំណុំ​រឿងលោក​មាសមុត ​អតីតមេ​បញ្ជាការ​កងទ័ព​ជើងទឹក​លោក​អោ អានអតីតអនុលេខា​គណៈ​តំបន់​មជ្ឈឹម​និង​លោក​យឹមទិត ​អតីត​មេ​បញ្ជាការ​ថ្នាក់​កណ្តាល​ដែល​បានក្លាយ​ជាអ្នក​ជំនួញមាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ​លោកស្រី​ Jarvis ​បាន​បន្ថែម​ថា ​មានតែ​តុលាការ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ថា ​តើត្រូវ​បន្តការ​កាន់ទោស​ ​ឬយ៉ាងណា៕​ ​

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG