ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃអង្គារនេះបានចេញរបាយការណ៍រួមគ្នាមួយដោយបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតឱកាសវិនិយោគថ្មី តាមរយៈការលើកកម្ពស់ដល់ភាពជឿជាក់លើការផ្គត់ផ្គង់អគ្គិសនី ការកែទម្រង់រចនាសម្ព័ន្ធ ចាយវាយធនធានហិរញ្ញវត្ថុមានលក្ខណៈផ្លូវការ និងការកសាងពលករជំនាញ។
លោកអាឡាសាន សូ ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈអ្នកបកប្រែថា ជាការណ៍ពិតណាស់ បរិយាកាសនៃការវិនិយោគទុនដ៏សមស្របមួយគឺមានវិសាលភាពទៅលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដែលជាមធ្យោបាយដ៏មានសារៈសំខាន់បំផុតក្នុងការបង្កើតឲ្យមានការវិវឌ្ឍសេដ្ឋកិច្ចដ៏មាននិរន្តរភាព ជាពិសេសការអភិវឌ្ឍពាណិជ្ជកម្មនិងវិស័យឯកជន។
លោកមានប្រសាសន៍ថា នៅពេលវិស័យឯកជនមានការរីកចម្រើន គេបានពង្រីកនូវចំណេះដឹងក៏ដូចជាបច្ចេកវិជ្ជា ក៏ដូចជាញ៉ាំងឲ្យមនុស្សជាច្រើនមានគំនិតច្នៃប្រឌិតបង្កើតផលិតផលថ្មីនាំចូលក្នុងទីផ្សារហើយនិងបង្កើតនូវវិស័យចំណេះដឹងទាំងនោះ។
លោកនិយាយថា៖ «សេដ្ឋកិច្ចកម្ពុជាគឺកំពុងតែធ្វើពិពិតកម្មឆ្ពោះទៅរកវិស័យនៃផលិតផលថ្មីមួយ ហើយក៏បានទាក់ទាញនូវវិនិយោគទុនថ្មីៗបន្ថែមទៀតផងដែរ»។
យោងតាមរបាយការណ៍វាយតម្លៃវិនិយោគឆ្នាំ២០១៤របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះបានបង្ហាញថា ការផ្គត់ផ្គង់អគ្គិសនី ការចាយវាយធនធានហិរញ្ញវត្ថុ និងបញ្ហាកសាងពលករជំនាញបានបង្កនូវការលំបាកធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគទុនថ្មីៗ។
អគ្គិសនីនៅកម្ពុជាមិនគ្រាន់តែមានតម្លៃថ្លៃជាងតម្លៃអគ្គិសនីនៅបណ្តាប្រទេសជិតខាងប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់មិនបានជាប់លាប់ទៀតផងជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅតែមើលឃើញថា ការបង់ប្រាក់ក្រៅផ្លូវការជាកត្តារារាំងដ៏ធំមួយចំពោះការធ្វើអាជីវកម្មក៏ដូចជាពលករជំនាញផងដែរ។
លោកអេរិក ស៊ីដវិក នាយកធានាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជានិយាយថា ប្រជាពលរដ្ឋកម្ពុជាមានកសិដ្ឋានតូចៗមិនមែនជាកសិដ្ឋានបែបពាណិជ្ជកម្មឡើយ។ ហេតុដូចនេះ វាជាបញ្ហាប្រឈមមួយផងដែរ ដោយសារតែភាគច្រើននៃពលរដ្ឋកម្ពុជាមានកសិករប្រមាណពី៨០ទៅ៩០ភាគរយគាត់ធ្វើកសិកម្មដោយផ្អែកលើគំនិតយល់ដឹងពីបុរាណរបស់គាត់តែប៉ុណ្ណោះ មិនទាន់មានគំនិតក្នុងការឈានដល់ការពង្រីកការធ្វើកសិកម្មឲ្យក្លាយទៅជាកសិពាណិជ្ជកម្មនោះទេ។
លោកនិយាយថា៖ «អ្វីដែលជាចំណុចសំខាន់គឺថា កសិដ្ឋានរបស់ពួកគាត់មានទំហំតូចៗនៅឡើយ»។
លោកសុខ ចិន្តា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ក្នុងពិធីការវាយតម្លៃវិនិយោគនៅកម្ពុជានេះថា មានពេលខ្លះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរកឃើញលទ្ធផលមួយចំនួន ក៏ប៉ុន្តែវាមិនមែនជាការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលទេ។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលមានការគិតជាច្រើនទាក់ទិននឹងការធ្វើសមាហរណកម្មប្រភេទទាំងនេះ ហើយយើងកំពុងរៀបចំគោលនយោបាយបទដ្ឋានឧស្សាហកម្ម។ លោកបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យ៉ាងហោចណាស់ក៏មានការប្រជុំ១០ដងនិងមានឯកសារជាច្រើនដ៏សំខាន់ដើម្បីដាក់ស្នើទៅខុទ្ទកាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត៕