ការគ្រប់គ្រងដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ បានបង្កឲ្យមានអំពើពុករលួយច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍ស្តីពីអំពើពុករលួយកក្រោមចំណងជើងថា «ការវាយតម្លៃប្រព័ន្ធសុចរិតភាព» ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ អង្គការតម្លាភាពកម្ពុជាបានរកឃើញថា វិស័យទាំងពីរនេះបានបង្កឲ្យមានជម្លោះជាច្រើននិងជាប្រភពនៃអំពើហិង្សានៅក្នុងប្រទេសក្រីក្រនេះ។
ម្យ៉ាងវិញទៀត របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា ស្ថាប័នតុលាការនិងភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសកម្ពុជាមានភាពទន់ខ្សោយបំផុតដែលបង្កឲ្យមានការ«ទទួលសំណូកបានយ៉ាងងាយ» ជាពិសេសស្ថាប័ននេះមានលក្ខណៈនយោបាយ និងទទួលរងឥទ្ធិពលពីខាងក្រៅ។
ការរកឃើញនេះគឺលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជារយៈពេលពីរឆ្នាំ។
ការសិក្សាមួយចំនួនគឺផ្អែកលើរបាយការណ៍របស់អង្គការការពារបរិស្ថានGlobal Witness របាយការណ៍របស់អង្គការសហប្រជាជាតិ អង្គការមូលនិធិសកល (Global Fund) និងរបាយការណ៍ពីស្ថាប័នឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល និងអង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន Reporters Sans Frontiers ជាដើម។
ក្រោយពីពិធីបង្ហាញរបាយការណ៍នៅក្នុងទីក្រុងភ្នំពេញ លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា កម្ពុជាមានច្បាប់ដែលអាចនឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបាន ប៉ុន្តែការអនុវត្តច្បាប់ទាំងនោះមានបញ្ហា។
«យើងមានក្របខណ្ឌច្បាប់ល្អគួរសម ប៉ុន្តែការអនុវត្តជាក់ស្តែងនៅមានគម្លាត។ មានចំណុចខ្វះខាតមួយចំនួននៅក្នុងក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយដែលទាមទារឲ្យមានការធ្វើវិសោធនកម្មដើម្បីឲ្យច្បាប់នេះកាន់តែមានប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធភាពនៅក្នុងការប្រឆាំងអំពើពុករលួយក្នុងស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសកម្ពុជា»។
យោងតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាឲ្យដឹងថា អំពើពុករលួយទ្រង់ទ្រាយតូចកើតមានជាទូទៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ ឬក្នុងស្ថាប័នរដ្ឋ ដែលបង្កឲ្យមានអយុត្តិធម៌ និងវិសមភាពក្នុងការយកចិត្តទុកដាក់។
ក្រៅពីការវាយតម្លៃលើប្រព័ន្ធតុលាការ របាយការណ៍របស់អង្គការតម្លាភាពកម្ពុជាក៏បានធ្វើការសិក្សាលើស្ថាប័នប្រឆាំងអំពើពុករលួយ ស្ថាប័នព័ត៌មាន សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។
របាយការណ៍នេះបានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមានភាពសកម្មនៅក្នុងការអប់រំសាធារណជនអំពីអំពើពុករលួយនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក្រៅពីនោះការស៊ើបអង្កេតលើអំពើពុករលួយនៅមានភាពស្រអាប់។
អង្គការតម្លាភាពកម្ពុជាក៏បានបង្ហាញផងដែរថា មានតែបណ្តាញផ្សព្វផ្សាយមួយចំនួនតូចតែប៉ុណ្ណោះដែលផ្តល់ព័ត៌មានអំពីអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋប្រកបដោយគុណភាព នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយភាគច្រើនមានជំហរលម្អៀង។
ដំណាលគ្នានេះ អង្គការដដែលបានលើកឡើងក្នុងបាយការណ៍របស់ខ្លួនថា សង្គមស៊ីវិលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានគណនេយ្យភាពលើសកម្មភាពរបស់រដ្ឋាភិបាល។
លោកស្រីមួរ សុខហួរ តំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងការបង្ហាញរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា យល់ថា ការយកចិត្តទុកដាក់ដល់ប្រព័ន្ធតុលាការនឹងជួយកាត់បន្ថយអំពើពុករលួយរបស់ស្ថាប័ននេះ ជាពិសេសតាមរយៈការដំឡើងប្រាក់ខែដល់មន្ត្រីតុលាការឲ្យបានសមស្របបំផុត។
«តាមរបាយការណ៍ដែលយើងឃើញនៅថ្ងៃនេះគឺស្ថាប័នតុលាការពុករលួយខ្លាំងជាងគេ។ ឃើញថា ត្រូវតែពង្រឹងមន្ត្រី ហើយនិងពង្រឹងសមត្ថភាពនៃចៅក្រម ព្រះរាជអាជ្ញា និងមេធាវីរបស់យើង។ គឺត្រូវតែសម្អាតប្រព័ន្ធនេះទាំងមូល»។
លោកស្រី វ៉ាន់ ហ៊ាលី តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថ្លែងថា ការរួមសហការគ្នាពីគ្រប់ភាគីជាប់ពាក់ព័ន្ធមានសារៈសំខាន់ណាស់សម្រាប់ប្រយុទ្ធទល់នឹងអំពើពុករលួយ។
បន្ថែមពីនោះដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព អង្គការតម្លាភាពកម្ពុជាបានផ្តល់អនុសាសន៍ឲ្យប្រទេសកម្ពុជាត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ វិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ អនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពរដ្ឋាភិបាលប្រឆាំងអំពើពុករលួយមិនឆ្លើយតបនឹងរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជានោះទេ។
«យើងខ្ញុំមិនអត្ថាធិប្បាយទេ។ យើងខ្ញុំមិនមើលរបាយការណ៍របស់គាត់តែហ្មង»។
យ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា អ្វីដែលអង្គការតម្លាភាពកម្ពុជាលើកឡើងនោះគឺជាអ្វីដែល «រដ្ឋាភិបាលកំពុងដោះស្រាយរួចទៅហើយ»។
«អ្វីដែលគេបានលើកឡើង យើងបានដោះស្រាយជាបន្តរួចស្រេចទៅហើយ។ អ្វីដែលគេលើកឡើង គ្រាន់តែជាការបន្ទរ បន្ទាប់ពីកំណែទម្រង់របស់កម្ពុជាដែលបានធ្វើ»។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងទទួលស្គាល់ថា មានអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែលោកស្តីបន្ទោសថា អំពើពុករលួយមួយចំនួនកើតចេញពីឈ្មួញអ្នករកស៊ី ឬបុគ្គលមួយចំនួន ដែលផ្តល់ឲ្យមន្ត្រីសាធារណៈជាមុន៕