អង្គការពិភពលោកដើម្បីសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបានដាក់ញត្តិតវ៉ាមួយទៅធនាគាររពិភពលោកស្នើសុំឱ្យបន្តបម្រាមមិនផ្តល់ប្រាក់កម្ចីទៅប្រទេសកម្ពុជាដោយសារតែមិនមានការដោះស្រាយជូនជនរងគ្រោះពីការរំលោភដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ។
សេចក្តីរាយការណ៍នានាបញ្ជាក់ថា ធនាគាររពិភពលោកកំពុងពិចារណាលើកលែងការហាមឃាត់ហើយនឹងផ្តល់ប្រាក់កម្ចីចំនួន២៥លានដុល្លារឱ្យកម្ពុជានៅដើមខែធ្នូខាងមុខ។
នៅក្នុងញត្តិដាក់ទៅលោក Jim Yong Kim ប្រធានធនាគាររពិភពលោកដែលវីអូអេទទួលបាននៅថ្ងៃពុធបានបញ្ជាក់ថា៖
«សូមជំទាស់នឹងការលើកលែងបម្រាមដោយសារតែរដ្ឋាភិបាលរបស់លោកហ៊ុន សែននៅតែបន្តគោលនយោបាយគាំទ្រនិងអនុវត្តការបណ្តេញចេញពីដីធ្លីដោយខុសច្បាប់និងក្នុងទ្រង់ទ្រាយធំដែលផ្តល់ផលប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍និងមន្ត្រីរដ្ឋាភិបាល ហើយបដិសេធសិទ្ធិតាមផ្លូវច្បាប់របស់ម្ចាស់ដីនិងការសងសំណងសមស្របនិងត្រឹមត្រូវនិងការផ្តល់ជំនួយពេលផ្លាស់ទីលំនៅ»។
លោក Morton Sklar នាយកប្រតិបត្តិនៃអង្គការ អង្គការពិភពលោកដើម្បីសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេថាជំនួសឱ្យការខិតខំដោះស្រាយបញ្ហា រដ្ឋាភិបាលកម្ពុជាបែរជាធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ឡើងចាប់តាំងពីធនាគាររពិភពលោកបានផ្អាកប្រាក់កម្ចីមក។
ធនាគាររពិភពលោកបានផ្អាកប្រាក់កម្ចីទៅកម្ពុជាតាំងពីខែសីហាឆ្នាំ២០១១មកដោយសារមានការតវ៉ាថាគម្រោងដីធ្លីដែលផ្តល់ប្រាក់ដោយធនាគាររនេះបានប៉ះពាល់ដល់ជនក្រីក្រមួយចំនួន។ ពលរដ្ឋដែលរងផលប៉ះពាល់ក្នុងនោះមានសហគមន៍បឹងកក់ដែលនៅកណ្តាលទីក្រុងភ្នំពេញបានចេញមកតវ៉ាជាប្រចាំ។
លោក សៀ ភីរម្យ នាយកលេខាធិការដ្ឋានសិទ្ធិលំនៅដ្ឋានបានបញ្ជាក់ថា៖
«ខ្ញុំមិនជំទាស់ទេចំពោះការលើកលែងការផ្តាច់ថវិកាមកកម្ពុជារបស់ធនាគារពិភពលោកប៉ុន្តែធនាគារពិភពលោកត្រូវតែធ្វើការដោយប្រយ័ត្នប្រយែងជាមួយនឹងរដ្ឋាភិបាលកម្ពុជាកុំឱ្យមានកំហុសឆ្គងដូចលើកមុនទៀត»។
លោកថាអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋរងផលប៉ះពាល់ត្រូវតែចូលរួមក្នុងដំណើរការធ្វើផែនការយកមកដោះស្រាយដើម្បីជៀសវាងបញ្ហាដែលកើតមានកន្លងមកដែលនាំឱ្យខូចមុខមាត់របស់ធនាគារពិភពលោក។
ធនាគារពិភពលោកមិនទាន់ឆ្លើយតបនឹងវីអូអេនៅឡើយទេនៅពេលដែលព្យាយាមទាក់ទងនៅថ្ងៃពុធ៕