លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសស.រ.អា.ថ្លែងថា លោកបានកត់សម្គាល់ការស្ដីបន្ទោសជាប្រវត្តិសាស្រ្តរបស់សមាជិកសភាអាមេរិកប្រឆាំងអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ស.រ.អា.។
ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីសម្រេចបញ្ចប់ការគាំទ្ររបស់អាមេរិកចំពោះអន្តរាគមន៍ផ្នែកយោធារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងសង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែន និងវិធានការមួយទៀតដែលថ្កោលទោសការសម្លាប់អ្នកកាសែតប្រឆាំងអារ៉ាប៊ីសាអូឌីត។
លោក Pompeo បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រថា៖ «យើងបានឃើញការបោះឆ្នោតកាលពីម្សិលមិញ។ យើងតែងតែគោរពជាខ្លាំងនូវអ្វីដែលអង្គនីតិបញ្ញត្តិបានធ្វើ។ យើងមានទំនាក់ទំនងជាប្រចាំជាមួយសមាជិកនៅវិមានរដ្ឋសភា ដូច្នេះយើងយល់់ទាំងស្រុងអំពីកង្វល់របស់ពួកគេ ហើយយើងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពន្យល់ពីមូលហេតុនៃគោលនយោបាយរបស់យើង»។
នៅឯក្រសួងការបរទេស ក្នុងអំឡុងពេលធ្វើសន្និសីទព័ត៌មានរួមជាមួយលោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសមភាគីកាណាដា លោក Pompeo បានបន្ថែមថា៖ «លោកប្រធានាធិបតី ត្រាំ បានប្តេជ្ញាចិត្តធ្វើឱ្យប្រាកដថា យើងការពារអាមេរិកគ្រប់ពេល ខណៈដែលយើងកំណត់ថា អ្នកដែលបានប្រព្រឹត្តឃាតកម្មដ៏ឃោរឃៅលើលោក Jamal Khashoggi ត្រូវតែទទួលខុសត្រូវ»។
បន្ទាប់ពីការជជែកវែកញែកដ៏រំជើបរំជួលជាច្រើនម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋបានបោះឆ្នោតដោយមានសំឡេង៥៦-៤១ដើម្បីអនុម័តសេចក្តីសម្រេចចិត្តទីមួយ។ បន្តិចក្រោយមក ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តសេចក្តីសម្រេចទីពីរ។
ក្នុងករណីទាំងពីរនេះ អង្គនីតិបញ្ញត្តិបានសម្រេចប្រឆាំងនឹងរដ្ឋបាលលោក ត្រាំ ដែលបានជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះការបែកបាក់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Bernie Sanders សមាជិកសភាឯករាជ្យរដ្ឋ Vermont បាននិយាយថា៖ «បច្ចុប្បន្ននេះប្រទេសយេម៉ែន កំពុងមានគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក។ ស.រ.អា.ជាដៃគូរបស់អារ៉ាប៊ីសាអ៊ូឌីតនៅក្នុងសង្គ្រាមដ៏គួរឱ្យរន្ធត់នេះ។ យើងបានផ្តល់គ្រាប់បែកដែលប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែប្រើ និងជួយឧបត្ថម្ភប្រេងយន្តហោះដែលទម្លាក់គ្រាប់បែកទាំងនោះ និងជួយខាងផ្នែកស៊ើបការណ៍សម្ងាត់។ សមាជិកគណបក្សសាធារណរដ្ឋចំនួន៧នាក់បានចូលរួមក្នុងការប្រជុំគណបក្សប្រជាធិបតេយ្យដែលរួបរួមគ្នាដើម្បីគាំទ្រសេចក្តីសម្រេចដែលទាក់ទងនឹងប្រទេសយេម៉ែន។ សេចក្តីសម្រេចនេះលើកឡើងពីកាតព្វកិច្ចរបស់រដ្ឋសភាស្របតាមរដ្ឋធម្មនុញ្ញក្នុងការប្រកាសសង្រ្គាមនិងសម្រេចការយល់ព្រមលើការចូលរួមរបស់យោធាអាមេរិកជាបន្ត»។
អង្គនីតិប្បញ្ញត្តិអាមេរិកមិនបានអនុញ្ញាតតួនាទីគាំទ្ររបស់អាមេរិកក្នុងយុទ្ធនាការរបស់អារ៉ាប៊ីសាអូឌីតដើម្បីប្រយុទ្ធប្រឆាំងពួកឧទ្ទាមយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ ជាជម្លោះដែលនាំឱ្យមានការស្លាប់ពលរដ្ឋស៊ីវិលជាទូទៅ។
ការខឹងសម្បារបស់សភាអាមេរិកប្រឆាំងប្រទេសអារ៉ាប៊ីសាអូឌីតបានឆាបឆេះអស់ជាច្រើនឆ្នាំមកហើយ នៅពេលដែលសង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែន បានអូសបន្លាយ ហើយធ្វើឲ្យចំនួនប្រជាជនស៊ីវិលស្លាប់ច្រើនបំផុតមិនធ្លាប់មាន។ កំហឹងបានពុះកញ្ជ្រោលឡើងយ៉ាងខ្លាំង បន្ទាប់ពីលោក Jamal Khashoggi អ្នកកាសែតប្រឆាំងអារ៉ាប៊ីសាអ៊ូឌីតត្រូវបានសម្លាប់នៅឯស្ថានកុងស៊ុលនៃអារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសតួកគីកាលពីពីរខែមុន។
សេចក្តីសម្រេចទីពីរដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាបានបន្ទោសថា ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតទាក់ទងនឹងការសម្លាប់លោក Khashoggi ហើយបានសម្តែងការគាំទ្រដល់កិច្ចចរចាសន្តិភាពយេម៉ែន។ សេចក្តីសម្រេចនេះចែងថា៖ «មិនមានការអនុញ្ញាតតាមច្បាប់ចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងអរិភាពនៃសង្គ្រាមស៊ីវិលប្រទេសយេម៉ែនទេ»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការទទួលខុសត្រូវចំពោះការសម្លាប់លោក Khashoggi នៅតែជាបញ្ហាមិនទាន់សម្រេចយ៉ាងណានៅឡើយ ហើយលោកប្រធានាធិបតីបានកត់សម្គាល់ម្តងហើយម្តងទៀតនូវសេចក្តីបដិសេធរបស់រដ្ឋាភិបាលក្រុងរីយ៉ាដដែលថា ព្រះអង្គម្ចាស់ Mohammed bin Salman មិនមានជាប់ទាក់ទងនោះ។
អ្នករិះគន់លោក ត្រាំ នៅព្រឹទ្ធសភាបានវាយប្រហារជំហររបស់សេតវិមាន។
លោក Bob Menendez សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យរដ្ឋ New Jersey បាននិយាយថា៖ «រដ្ឋបាលនេះកំពុងដាក់តម្កល់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនៅពីលើសេចក្តីថ្លៃថ្នូររបស់អាមេរិក។ រដ្ឋបាលនេះនៅតែបន្តជួយគ្មានកំណត់ចំពោះបុគ្គលខ្លះនៅក្នុងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ទោះជាសកម្មភាពរបស់ពួកគេមានភាពគឃ្លើនយ៉ាងច្បាស់ក្រឡែតក៏ដោយ»៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ