សមាជិកព្រឹទ្ធសភាអាមេរិក ទាមទារចង់ដឹងថាតើទីភ្នាក់ងារ CIA ដឹងអ្វីខ្លះអំពីការសម្លាប់លោក Jamal Khashoggi អ្នកកាសែតជាតិអារ៉ាប៊ី សាអូឌីតនៅស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានទាមទារឲ្យរដ្ឋបាលរបស់ប្រធានាធិបតីត្រាំចែករំលែកព័ត៌មានទាំងអស់ដែលខ្លួនបានដឹងអំពីថាតើនរណាបានបញ្ជាឲ្យសម្លាប់អ្នកកាសែត Jamal Khashoggi អ្នកប្រឆាំងជាតិអារ៉ាប៊ី សាអូឌីតនិងជាអ្នកមានទីលំនៅក្នុងសហរដ្ឋអាមេរិកកាលពីខែមុននៅឯស្ថានកុងស៊ុលរបស់ព្រះរាជាណាចក្រនោះនៅក្នុងប្រទេសតួកគី។
សមាជិកព្រឹទ្ធសភារបស់គណបក្សទាំង២បានរិះគន់ការមិនចូលរួមរបស់លោកស្រី Gina Haspel ក្នុងកិច្ចប្រជុំសម្ងាត់ ដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃពុធស្តីពីប្រទេសអារ៉ាប៊ី សាអូឌីត ដែលក្នុងនោះរដ្ឋមន្រ្តីការបរទេសលោកMike Pompeoនិងរដ្ឋមន្រ្តីការពារប្រទេសលោក Jim Mattis ត្រូវថ្លែងនៅក្នុងសម័យប្រជុំព្រឹទ្ធសភាសម្ងាត់។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolinaលោក Lindsey Grahamប្រាប់ពួកអ្នកយកព័ត៌មានថា «ខ្ញុំចង់ឲ្យទីភ្នាក់ងារCIA ខ្ញុំចង់ឲ្យនរណាម្នាក់មកពីសហគមន៍ស៊ើបការណ៍សម្ងាត់ប្រាប់សភាអំពីអ្វីដែលប្រធានាធិបតីបានឮអំពីព្រះអង្គម្ចាស់រាជ្ជទាយាទអារ៉ាប់ប៊ី សាអូឌីត Mohammed bin Salman »។
លោក Chris Coonsសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋDelawareបាននិយាយថា «ហេតុអ្វីបានជាយើងមិនមាននាយិការ CIA ពន្យល់ប្រាប់យើង? ពីព្រោះលោកស្រី អាចប្រាប់យើងពីអ្វីដែលពួកគេបានសន្និដ្ឋាន»។ តាមសេចក្តីរាយការណ៍ព័ត៌មាន ទីភ្នាក់ងារ CIA វាយតម្លៃថា ព្រះអង្គម្ចាស់រាជ្ជទាយាទSalman បានបញ្ជាឲ្យសម្លាប់លោក Khashoggi។ អារ៉ាប៊ី សាអូឌីត បានច្រានចោលការចោទប្រកាន់នោះ ដោយបានស្តីបន្ទោសការស្លាប់នោះទៅលើភ្នាក់ងារទុច្ចរិត។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្ទតាមការបដិសេធរបស់រដ្ឋាភិបាលក្រុងរីយ៉ាដហើយបាននិយាយថា បញ្ហានេះនៅតែចោទជាសំណួរ។
លោកCory Gardnerសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Coloradoនិយាយថា «មានសំណួរពិបាកៗជាច្រើនចាំបាច់ត្រូវឆ្លើយនៅជំនួបនៅថ្ងៃពុធ។ខ្ញុំចង់ដឹងពិតប្រាកដពីអ្វីដែលការស៊ើបការណ៍សម្ងាត់របស់យើងមានហើយនរ ណាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោកKhashoggi។ ខ្ញុំគិតថា យើងមានព័ត៌មាននោះ។វានឹងក្លាយជាការល្អ ប្រសិនបើពួកគេចែករំលែកព័ត៌មាននោះជាមួយយើង»។
លោក Bob Menendez សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey នៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា បាននិយាយថា «យើងមិនទទួលយកការពន្យល់ដែលផ្តល់ឲ្យនោះទេ។ វាជាការមិនអាចទទួលយកបានដែលមិនមាននរណាម្នាក់នៅក្នុងឋាននុក្រមនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីតមិនបានដឹងអំពីការសម្លាប់នោះ។ ហើយ ការសម្លាប់នេះត្រូវតែមានផលវិបាក»។
រដ្ឋបាលរបស់លោកត្រាំ បានដាក់ទណ្ឌកម្មលើមន្រ្តីអារ៉ាប៊ី សាអូឌីតចំនួន១៧នាក់ ក៏ប៉ុន្តែ បានប្រឆាំងនឹងវិធានការកាន់តែតឹងតែងខ្លាំងឡើងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិ បាលក្រុងរីយ៉ាដ ដោយប្រធានាធិបតីត្រាំសង្កត់ពីសារៈសំខាន់ខាងសេដ្ឋកិច្ចនៃការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យព្រះរាជាណាចក្រនោះ។ ជំហររបស់ប្រធានាធិបតីត្រាំបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភា រួមទាំងសមាជិកសភាខ្លះ ដែលបានគាំទ្រលោកយ៉ាងខ្លាំងផង។
លោកGraham បាននិយាយទៀតថា «ខ្ញុំយល់ថា ប្រធានាធិបតីត្រាំបានផ្តោតលើទំនាក់ទំនងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ី សាអូឌីត។ អ្វីដែលខ្ញុំមិនយល់ស្របគឺថា តើការបញ្ជានេះឆ្លងកាត់ព្រះអង្គម្ចាស់រាជ្ជទាយាទឬទេ ប្រសិនបើ ព្រះអង្គម្ចាស់ប្រាកដបានចូលដៃ វាជាកំហុសដ៏ធំមួយ។ ភាពគ្រោះថ្នាក់ដ៏ខ្លាំងបំផុតមួយគឺសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក មិនគោរពតម្លៃរបស់យើងហើយជាបទល្មើសជាក់ស្តែង»។
ក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ព្រឹទ្ធសភាត្រូវគេរំពឹងថា នឹងបោះឆ្នោតស្តីពីការបញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិកដល់យុទ្ធនាការខាងយោធារបស់ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប់ប៊ី សាអូឌីត នៅក្នុងប្រទេសយ៉េម៉ែន ជាវិធានការមួយដែលមិនបានទទួលការអនុម័តនៅដើមឆ្នាំនេះ ក៏ប៉ុន្តែ ត្រូវបានសើរើពិនិត្យមើលឡើងវិញនៅពេលដែលមានការខឹងសម្បារកាន់តែខ្លាំងឡើងដល់ព្រះរាជាណាចក្រនោះនៅរដ្ឋសភា Capitol Hill។
លោក Bernie Sanders សមាជិកព្រឹទ្ធសភាឯករាជ្យមកពីរដ្ឋVermont ដែលជាសហ អ្នកនិពន្ធសេចក្តីព្រាងច្បាប់នោះបាននិយាយថា «ខ្ញុំគិតថា យើងមានការគាំទ្រដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។មានការយល់ដឹងកើនឡើងពីមហន្តរាយខាងមនុស្សធម៌នៅក្នុងប្រទេសយ៉េម៉ែន។ពលរដ្ឋកំពុងយល់ដឹងពីលក្ខណៈផ្តាច់ការរបស់របបអារ៉ាប់ប៊ី សាអូឌីត»។
លោក Menendezសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនិយាយថា«ភាគីទាំង២មានការរកាំចិត្តខ្លាំងឡើងពីការខ្វះឆន្ទៈរបស់រដ្ឋបាលប្រធានាធិបតីត្រាំដើម្បីប្រឈមមុខអារ៉ាប់ប៊ី សាអូឌីត ជាពិសេសការសម្លាប់លោក Khashoggi ក៏ប៉ុន្តែ ក៏មានការរកាំចិត្តស្តីពីបញ្ហាប្រទេសយ៉េម៉ែនដែរ។គេមិនអាចអនុញ្ញាតិឲ្យសម្ព័ន្ធមិត្តធ្វើអ្វីដែលពួកគេចង់ ដោយពួកគេគ្រាន់ជាសម្ព័ន្ធមិត្តនោះទេ។ហើយ ប្រសិនបើ អ្នក អនុញ្ញាតិឲ្យធ្វើដូច្នេះ អ្នកបញ្ជូនសារសាកលមួយថា អ្នកអាចសម្លាប់មនុស្សដោយមាននិទណ្ឌភាព»។
ទោះជាយ៉ាងណាក៏ដោយ មិនមែនសមាជិកព្រឹទ្ធសភាទាំងអស់គាំទ្រការដាក់ទណ្ឌកម្មរដ្ឋាភិបាលក្រុងរីយ៉ាដនោះទេ។
លោក John Kennedy សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋLouisiana បាននិយាយថា «ខ្ញុំគិតថា បញ្ហាប្រឈមរបស់យើងនៅទីនេះគឺថា តើត្រូវសម្តែងការរកាំចិត្តនិងការថ្កោលទោសរបស់យើងដល់អារ៉ាប់ប៊ី សាអូឌីតដោយមិនកាត់ផ្តាច់ទំនាក់ទំនងនោះយ៉ាងដូចម្តេច។ប្រធានាធិបតីបាននិយាយថា ឃាតកម្មនេះជាការខុស យើងប្រហែលមិនបានដឹងពិតប្រាកដមួយរយភាគរយថានរណាបញ្ជាឲ្យនរណាឲ្យធ្វើដូច្នេះ ក៏ប៉ុន្តែ គឺថា អារ៉ាប៊ី សាអូឌីត ចាំបាច់ទទួលខុសត្រូវ។ ហើយ ខ្ញុំស្របអំពីចំណាត់ការនេះ»។
សម្រាប់សមាជិកសភាភាគច្រើន ការចូលចិត្តរបស់លោកត្រាំដើម្បីនិយាយសម្រាលឬច្រានចោលការសន្និដ្ឋានរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ពីការសម្លាប់លោក Khashoggiឬការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ជាការព្រួយកង្វល់ខ្លាំងមួយ។
លោក Chris Van Hollen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋម៉ារីឡែននិយាយថា «សហគមន៍ស៊ើបការណ៍សម្ងាត់ចាំបាច់ផ្តល់ឲ្យយើងនូវការពិត។តាមរបាយការណ៍ទាំងអស់ របាយការណ៍របស់ពួកគេគឺថា ព្រះអង្គម្ចាស់រាជ្ជទា យាទនៃប្រទេសអារ៉ាប៊ី សាអូឌីត មានការទាក់ទិនយ៉ាងខ្លាំងក្នុងការសម្រេចដើម្បីធ្វើឃាតនរណាម្នាក់ ដូច្នេះ យើងចាំបាច់ធ្វើឲ្យប្រាកដថា សហគមន៍ស៊ើបការណ៍សម្ងាត់ មិនត្រូវបានចាប់បង្ខំដោយនយោបាយរបស់ប្រធានាធិបតីត្រាំ៕
ប្រែសម្រួលដោយជឹង ប៉ូជីន