អ្នកតវ៉ាដែលដឹកនាំដោយអង្គការសង្គមស៊ីវិល និងអង្គការស្ត្រីនានា បានស្រែកបន្ទោរពាក្យស្លោកប្រឆាំងនឹងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅកណ្ដាលរដ្ឋធានីទុយនីស ប្រទេសទុយនេស៊ី។
ពួកគេរិះគន់ព្រះអង្គទាក់ទិននឹងករណីដែលភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអ៊ូឌីតធ្វើឃាតលើអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីខែតុលា។ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជាក់ថា ព្រះអង្គម្ចាស់ Bin Salman មិនដឹងអំពីការសម្លាប់នេះជាមុនទេ។
ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ Bin Salman កាលពីថ្ងៃអង្គារកន្លងទៅនេះបានដំណើរការទៅមុខ ទោះបីជាអ្នកកាសែតទុយនេស៊ីមួយចំនួនបានអំពាវនាវឲ្យលុបចោលការអញ្ជើញព្រះអង្គក៏ដោយ។ ប្រធានាធិបតីទុយនេស៊ីលោក Beji Caid Essebsi បានការពារការសម្រេចចិត្តរបស់លោកនៅក្នុងការស្វាគមន៍ព្រះអង្គម្ចាស់ Mohammed Bin Salman។
នៅមុននេះ ព្រះអង្គម្ចាស់ Bin Salman បានធ្វើព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារ៉ែន និងអេមីរ៉េតអារ៉ាប់រួម ដែលជាសម្ព័ន្ធមិត្តសំខាន់នៅតំបន់ឈូងសមុទ្រព៊ែក មុនពេលយាងទៅកាន់ទីក្រុងឡឺគែរ ប្រទេសអេហ្ស៊ីប។
នៅក្នុងទីក្រុងឡឺគែរ ប្រជាពលរដ្ឋអេហ្ស៊ីបមួយចំនួនតូចបានស្រែកបន្ទរគាំទ្រព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Bin Salman នៅពេលដែលមន្ត្រីរដ្ឋាភិបាលអេហ្ស៊ីបនានាដែលក្នុងនោះមានទាំងលោកប្រធានាធិបតី Abdel Fattah el Sisi ផងដែរ បានស្វាគមន៍ព្រះអង្គយ៉ាងកក់ក្ដៅ។ ព្រះរាជដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបលើកនេះគឺជាលើកទី ៦ ហើយរបស់ព្រះអង្គ តាំងពីព្រះបិតារបស់ព្រះអង្គមានក្លាយជាព្រះមហាក្សត្រនៅក្នុងឆ្នាំ ២០១៥ មក។
ព្រះអង្គម្ចាស់ Bin Salman យាងទៅកាន់ប្រទេសអេហ្ស៊ីបលើកចុងក្រោយកាលពីខែមិនាកន្លងទៅនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយចំនួន ដែលក្នុងនោះមានដូចជាកិច្ចព្រមព្រៀងសាងសង់ស្ពានរវាងឧបទ្វីប Sinai និងដែនដីគោកប្រទេសអារ៉ាប៊ីសាអ៊ូឌីត កិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចរួមគ្នា និងកិច្ចប្រឹងប្រែងដើម្បីធ្វើគម្រោងអគ្គិសនីរួមគ្នារវាងប្រទេសទាំងពីរជាដើម។
កាសែត Asharqalawsat របស់អារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា រដ្ឋាភិបាលក្រុងរីយ៉ាដគឺជាប្រទេសអារ៉ាប់វិនិយោគធំជាងគេបំផុតនៅក្នុងប្រទេសអេហ្ស៊ីប ដោយពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនលើស ៧ ពាន់ ៣ រយលានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៧។
រដ្ឋាភិបាលអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីតក៏សហការគ្នាលើផ្នែកយោធាផងដែរ នៅក្នុងការល្បាតផ្លូវនាវាសំខាន់ៗនៅក្នុងសមុទ្រក្រហម និងនៅក្នុងប្រទេសយេមែន។ ប៉ុន្តែ ប្រទេសអេហ្ស៊ីបមិនមានទាហានជើងគោកនៅក្នុងប្រទេសយេមែនទេ។
លោក Theodore Karasik អ្នកវិភាគអំពីតំបន់ឈូងសមុទ្រព៊ែកនៅរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed Bin Salman មានគោលបំណងគៀងគរការគាំទ្រផ្នែកភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងជម្លោះក្នុងតំបន់ ដែលក្នុងនោះមានទាំងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ផងដែរ។
លោក Karasik និយាយដូច្នេះថា៖ «ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ Bin Salman ទៅកាន់ប្រទេសទុយនេស៊ីគឺពិតជាផ្ដោតលើរឿងអ៊ីរ៉ង់ និងការធានាថា ប្រទេសទុយនេស៊ីគាំទ្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅពេលដែលមានការប្រឈមជាមួយនឹងប្រទេសអ៊ីរ៉ង់»៕
ប្រែសម្រួលដោយ ភី សុភាដា