ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ​Pompeo៖ មាន​ការ​វិវត្ត​ទៅ​មុខ​ពិត​ប្រាកដ​នៃ​ជំនួប​ជាមួយ​ភួឈួយ​របស់​លោក​គីម ជុងអ៊ុន​អំពី​ជំនួប​កំពូល


លោក Kim Yong Chol អតីត​មេបញ្ជការ​យោធា​កូរ៉េ​ខាង​ជើង ចាប់​ដៃ​ជាមួយ​លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ឧសភា ២០១៨ នៅ​​បុរីញូវយ៉ក់។
លោក Kim Yong Chol អតីត​មេបញ្ជការ​យោធា​កូរ៉េ​ខាង​ជើង ចាប់​ដៃ​ជាមួយ​លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ឧសភា ២០១៨ នៅ​​បុរីញូវយ៉ក់។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ Mike Pompeo​ បាន​មាន​ប្រសាសន៍​ថា «ការ​ជឿន​លឿន​ពិត​ប្រាកដ»​បាន​ត្រូវ​ធ្វើ​ឱ្យ​មាន​ឡើង​នៅ​ក្នុង​កិច្ច​ចរចា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ជា​មួយ​ភូឈួយ​ជាន់​ខ្ពស់​របស់​មេដឹកនាំកូរ៉េខាង​ជើង គីម ជុងអ៊ុន​នៅ​ក្នុង​បុរី​ញូវយ៉ក​ ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ឱ្យ​មាន​ជំនួប​កំពូល​មួយ​រវាង​លោក គីម ជុងអ៊ុន​ និង​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ។

លោក​ Pompeo​ បាន​មាន​ប្រសាសន៍នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រោយ​ជំនួប​នេះ​ថា «យើង​បាន​ធ្វើ​ឱ្យ​មាន​ការ​ជឿន​លឿន​ពិត​ប្រាកដ​ក្នុង​រយៈ​ពេល​៧២​ម៉ោង​មុន​នេះ​ក្នុង​ការ​ដាក់​លក្ខខណ្ឌ»។ ​លោក​បាន​និយាយ​បន្ថែម​ថា «មាន​កិច្ច​ការ​ច្រើន​ត្រូវ​ធ្វី​ថែ​មទៀត»។

លោក ​Pompeo ​បាន​មាន​ប្រាសាសន៍​ថា​លោក​មាន​ជំនឿ​ថា​ប្រទេស​កូរ៉េខាង​ជើង​កំពុង​សម្លឹង​មើល​មាគ៌ា​យុទ្ធ​សាស្ត្រ​ថ្មី​មួយ​ទៅ​មុខ​ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ដោយ​ប្រុង​ប្រយ័ត្នថា​ ប្រទេស​កូរ៉េខាង​ជើង​នឹង​«ត្រូវ​ជ្រើស​រើស​មាគ៌ា​មួយ​ដែល​ប្លែក​ពី​មុន»​ដើម្បី​ឱ្យ​បាន​សម្រេច​សន្តិសុខ​ដែល​មាន​ន័​យថា​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ អាច​ត្រួត​ពិនិត្យ​បាន​និង​មិន​អាច​ប្រែ​ក្រឡះ​បានឡើយ។

លោក ​Pompeo​ បាន​និយាយ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ថា​ «ប្រទេស​ទាំង​ពីរ​របស់​យើង​ប្រឈម​នឹង​ពេល​វេលា​សំខាន់​ក្រៃ​លែង​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ដែល​នៅ​ក្នុង​នោះ​វា​អាច​គ្មានអ្វី​ក្រៅ​ពី​ការ​សោក​ស្តាយ​ដោយ​ខ្លោច​ផ្សា​ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​នេះ»។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះ​បាននិយាយ​ថា​លោក​ Kim Yong Chol ​ដែល​ជា​មន្ត្រី​កូរ៉េខាង​ជើង​ថ្នាក់​ខ្ពស់​បំផុត​ដែល​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ស.រ.អា.​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​គ្រោង​នឹង​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ប្រគល់​លិខិត​ផ្ទាល់​ខ្លួន​មួយ​ពី​លោក គីម ជុងអ៊ុន​ ជូន​លោក​ប្រធានាធិបតី​ ត្រាំ។​

លោក​ Pompeo ​និង​លោក ​Kim Yong Chol ​បាន​ជួប​គ្នា​នៅ​ក្នុង​ផ្ទះ​ Appartement មួយ​ជួល​ដោយ​រដ្ឋាភិបាល​ស.រ.អា​.នៅ​ជិត​ស្នាក់​ការ​កណ្ដាល​អង្គការ​សហប្រជាជាតិ។​ ​លោក​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ការ​ចរចា​គ្នា​នៅ​ពេល​ពិសារ​អាហារ​ពេល​យប់​មាន​បន្ទះ​សាច់​គោ​អាំង​កាល​ពី​ថ្ងៃ​ពុធ​និង​ពិសារ ​croissants chocolat ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។​

កាល​ពី​ពេល​មុន​អស់​លោក​ទាំង​ពីរ​នាក់​នេះ​បាន​ជួប​គ្នា​ពីរ​ដង​នៅ​ក្នុង​ក្រុងព្យុងយ៉ាង។​

កាល​ពី​ពេល​មុន​នេះ​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​និយាយ​ថា​កិច្ច​ចរចាគ្នា​រវាង​លោក Pompeo ​និងលោក ​Kim Yong Chol ​មាន​ដំណើរ​ការ​ល្អ​ហើយ​លោក​សង្ឃឹម​ថា​នឹង​ធ្វើ​ជំនួប​កំពូល​ជាមួយ​លោក​ គីម ជុងអ៊ុន​ នៅ​ថ្ងៃទី​១២​ខែ​មិថុនា​ តាម​ការ​កំណត់​កាល​ពីដំបូង។​ លោក ត្រាំ​ បានថ្លែង​ថា​លោក​ទន្ទឹង​ចង់​ឃើញ​អ្វី​នៅ​ក្នុង​លិខិត​ដែល​គណៈ​ប្រតិភូ​កូរ៉េខាង​ជើង​នាំ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG