ពួកសកម្មជនសិទ្ធិមនុស្សកំពុងពិចារណារិះរកវិធីសាស្រ្តមានប្រសិទ្ធិថ្មីៗដើម្បីធ្វើកំណែទម្រង់របបគ្រប់គ្រងឃោឃៅរបស់រដ្ឋាភិបាលដឹកនាំដោយមេដឹកនាំ Kim Jong Un នៅស្របពេលដែលការចរចាអំពីការធ្វើមិនឲ្យមាននុយក្លេអ៊ែរនៅបន្តធ្វើឡើងដើម្បីបញ្ចប់ភាពឯកកោខាងវិស័យសេដ្ឋកិច្ចនិងវិស័យការទូតរបស់ប្រទេសមួយនេះ។
ក្រុមសកកម្មជនសិទ្ធិមនុស្សមានសង្ឃឹមឡើងវិញថាលោកប្រធានាធិបតី Donald Trump នឹងតតាំងជាមួយនឹងមេដឹកនាំ Kim Jong Un នៅឯជំនួបកំពូលដែលត្រូវបានរំពឹងថានឹងកើតឡើងក្នុងប្រទេសសិង្ហបុរីនៅក្នុងខែមិថុនាខាងមុខនេះស្តីអំពីភាពឃោរឃៅនៅក្នុងប្រទេសកូរ៉េខាងជើង រួមទាំងបណ្តាញនៃជំរំគុកនយោបាយ និងការរំលោភបំពានរបស់រដ្ឋាភិបាលដែលរីករាលនៅទូទាំងប្រទេសនេះ។
លោក Benedict Rogers មកពីអង្គការ Christian Solidarity Worldwide ដែលជាអង្គការផ្តោតលើសេរីភាពសាសនា បានជំរុញឲ្យលោកប្រធានាធិបតី Trump យកគំរូតាមលោកអតីតប្រធានាធិបតី Ronald Reagan ដែលលោកបានអំពាវនាវឲ្យមេដឹកនាំសហភាពសូវៀតបំបែកជញ្ជាំងទីក្រុងប៊ែរឡាំងដែលបែងចែកអាល្លឺម៉ង់ខាងលិចដែលប្រកាន់របបប្រជាធិបតេយ្យ និងអាល្លឺម៉ង់ខាងកើតប្រកាន់របបកុម្មុយនីស្ត។
លោក Rogersបានថ្លែងនៅឯសន្និសីទក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងថា«សាររបស់លោក Trump គួរតែថា លោក Kim ប្រសិនបើលោកចង់ស្វែងរកសន្តិភាពនោះ សូមដើរមកកាន់របងជំរំគុក និងបើកជំរំគុកនេះឡើង ទម្លាយជញ្ជាំងគុកនេះទៅ»។
គេនៅមិនទាន់ដឹងច្បាស់ទេថាតើបញ្ហាសិទ្ធិមនុស្សនឹងស្ថិតក្នុងរបៀបវារៈនៃជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងស្តីពីនុយក្លេអ៊ែរកូរ៉េខាងជើងដែរឬ
យ៉ាងណានោះទេ។ ប្រសិនបើមាននោះ ជំនួបរវាងលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo និងមន្រ្តីកំពូលកូរ៉េខាងជើងលោក Kim Yong Cholនៅក្នុងទីក្រុងញ៉ូវយ៉កក្នុងសប្តាហ៍នេះដើម្បីដោះស្រាយគម្លាតនៃការទាមទាររបស់សហរដ្ឋអាមេរិកនោះ នឹងជួយបន្ធូរបន្ធយទណ្ឌកម្មនៅមុនការប្រជុំមកដល់។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា«មិនថាមានលទ្ធផលយ៉ាងណាពីកិច្ចចរចានុយក្លេអ៊ែរនេះ ទណ្ឌកម្មផ្នែកសិទ្ធិមនុស្សគួរតែដាក់នៅដដែល រហូតទាល់តែកូរ៉េខាងជើងផ្លាស់ប្តូរការប្រព្រតឹ្តទៅលើប្រជាពលរដ្ឋរបស់ខ្លួន»៕