ការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុន Gallup ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែតុលាកន្លងទៅនេះបានរកឃើញថា ប្រជាពលរដ្ឋអ៊ុយក្រែន ៧០% គាំទ្រឱ្យមានការបន្តធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ីរហូតទាល់តែដល់ពេលទទួលបានជ័យជម្នះ ហើយ ៩១% បាននិយាយថា ជ័យជម្នះនេះមានន័យថាការដណ្ដើមគ្រប់គ្រងបានមកវិញនូវទឹកដីទាំងអស់របស់ប្រទេសអ៊ុយក្រែនដែលរុស្ស៊ីបានវាយដណ្ដើមយក ដែលក្នុងនោះរួមមានទាំងតំបន់ Crimea ផងដែរ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងកាលពីខែកញ្ញានៅចំពេលដែលពលរដ្ឋអ៊ុយក្រែនមានអារម្មណ៍រីករាយសប្បាយនឹងជ័យជម្នះដែលកងទ័ពអ៊ុយក្រែនទើបទទួលបានថ្មីៗនៅសមរភូមិ និងនៅមុនពេលដែលរុស្ស៊ីធ្វើការវាយប្រហារតាមអាកាសជាច្រើនលើតំបន់រស់នៅរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។
ការស្ទង់មតិនេះបានបង្ហាញថា ប្រជាពលរដ្ឋអ៊ុយក្រែនគាំទ្រខ្លាំងក្លាលើគោលជំហររបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានប្រកាសកាលពីចុងខែកញ្ញាថា លោកនឹងមិនបន្តធ្វើការចរចាដើម្បីបញ្ចប់សង្គ្រាមទេ ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅធ្វើជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីនោះ។
បន្ទាប់ពីលោក Putin បានប្រកាសអំពី «ការដាក់បញ្ចូល» ដោយខុសច្បាប់នូវទឹកដីអ៊ុយក្រែនចំនួន ៤ ទៅក្នុងផ្នែកមួយនៃប្រទេសរុស្ស៊ីមក លោក Zelenskyy បានថ្លែងភ្លាមៗថា៖ «ប្រទេសអ៊ុយក្រែននឹងមិនធ្វើការចរចាណាមួយជាមួយនឹងរុស្ស៊ីនោះទេ ប្រសិនបើលោក Putin នៅធ្វើជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី។ យើងនឹងចរចា ប៉ុន្តែជាមួយនឹងប្រធានាធិបតីថ្មី»។
នៅពេលដែលការស្ទង់មតិនេះបានធ្វើឡើង ការវាយប្រហារតបតវិញរបស់អ៊ុយក្រែនបានធ្វើឱ្យអ៊ុយក្រែនដណ្ដើមបានមកវិញនូវទឹកដីភាគច្រើនរបស់ខ្លួននៅភាគខាងកើត ដែលបានជួយជំរុញស្មារតីរបស់ពលរដ្ឋនៅទូទាំងប្រទេស។
លោក R.J. Reinhart ដែលជាអ្នកនិពន្ធនាំមុខនៃរបាយការណ៍ជាច្រើនដែលក្រុមហ៊ុន Gallup បានចេញផ្សាយកាលពីខែតុលាដោយផ្អែកលើការរកឃើញនៃការស្ទង់មតិនេះ បាននិយាយថា គេមិនទាន់អាចព្យាករណ៍អំពីផលប៉ះពាល់នៃការវាយប្រហារចុងក្រោយបង្អស់របស់រុស្ស៊ីដែលអាចមានលើទស្សនៈរបស់សាធារណជនបាននៅឡើយទេនៅពេលនេះ ដោយសារវាហាក់ដូចជាឆាប់ពេក។
ការស្ទង់មតិរបស់ក្រុមហ៊ុន Gallup បានរកឃើញថា ការគាំទ្ររបស់ពលរដ្ឋអ៊ុយក្រែនឱ្យមានការប្រយុទ្ធរហូតទទួលបានជោគជ័យគឺមានកម្រិតខ្លាំងក្លាបំផុតនៅក្នុងតំបន់ដែលនៅឆ្ងាយពីតំបន់សង្គ្រាម និងមានកម្រិតខ្សោយបំផុតនៅក្នុងតំបន់ក្បែរតំបន់សង្គ្រាម។
ក្រុមហ៊ុន Gallup បានបញ្ជាក់ថា៖ «ការគាំទ្រចំពោះការធ្វើសង្គ្រាមមានកម្រិតខ្ពស់បំផុតនៅតាមតំបន់មួយចំនួនដូចជារដ្ឋធានីកៀវដែលមានការគាំទ្រ ៨៣% តំបន់ភាគខាងលិចចំនួន ៨២% តំបន់ភាគកណ្តាលចំនួន ៧៨% និងតំបន់ភាគខាងជើងចំនួន ៧៥%។ តំបន់តូចៗភាគច្រើនក៏គាំទ្រឱ្យមានការបន្តធ្វើសង្គ្រាមនេះផងដែរដោយនៅភាគខាងកើតប្រទេសមានការគាំទ្រចំនួន ៥៦% និងនៅភាគខាងត្បូងប្រទេសមានការគាំទ្រចំនួន ៥៨%»។
លោក Reinhart បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយតាមទូរស័ព្ទថា៖ «នៅពេលអ្នកឃើញសង្គ្រាមនៅនឹងមាត់ទ្វាររបស់អ្នក អ្វីដែលអ្នកចង់បានដំបូងគេគឺការបញ្ចប់សង្គ្រាមនិងអំពើហិង្សាដែលកំពុងកើតឡើង»។
លោកបានបន្ថែមថា៖ «យើងឃើញថា ប្រជាពលរដ្ឋនៅតំបន់ផ្នែកខាងលិចនៃប្រទេសអ៊ុយក្រែនហាក់មានគំនិតស្របជាមួយនឹងតំបន់អឺរ៉ុបនិងក្រុមបស្ចិមប្រទេស ចំណែកឯប្រជាពលរដ្ឋនៅតំបន់ផ្នែកខាងកើតប្រទេសវិញហាក់មានគំនិតស្របជាមួយនឹងប្រទេសរុស្ស៊ី»។
ទោះជាយ៉ាងនេះក្តី លោក Reinhart បានបញ្ជាក់ថា ការស្ទង់មតិនេះបានបង្ហាញថា «ពលរដ្ឋអ៊ុយក្រែនភាគច្រើនគាំទ្រឱ្យមានការប្រយុទ្ធរហូតទទួលបានជ័យជម្នះ»។
ទាក់ទិននឹងសំណួរអំពីគុណភាពនៃជីវិតរបស់ពួកគេ ប្រជាពលរដ្ឋអ៊ុយក្រែនមិនសប្បាយចិត្តជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេនោះទេ ប៉ុន្តែមានក្តីសង្ឃឹមចំពោះអនាគត។
នៅពេលសួរឱ្យវាយតម្លៃលើស្ថានភាពរស់នៅរបស់ពួកគេ អ្នកចូលរួមក្នុងការស្ទង់មតិនេះបានឆ្លើយថា ស្ថានភាពរស់នៅបច្ចុប្បន្នរបស់ពួកគេស្ថិតក្នុងកម្រិតមធ្យម ប៉ុន្តែពួកគេមានក្តីរំពឹងថានៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ស្ថានភាពនេះនឹងមានភាពប្រសើរឡើង។
អ្នកចូលរួមនៅក្នុងការស្ទង់មតិនេះលើសពាក់កណ្តាលបន្តិចបានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងឬតំបន់ដែលពួកគេរស់នៅមានលក្ខណៈកាន់តែអាក្រក់ឡើង។ ចំណែកឯអ្នកចូលរួមចំនួនជិតមួយភាគបីបានឆ្លើយថា ស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពល្អប្រសើរឡើង៕
ការស្ទង់មតិ៖ ពលរដ្ឋអ៊ុយក្រែនភាគច្រើនគាំទ្រឱ្យមានការប្រយុទ្ធនឹងរុស្ស៊ីរហូតទទួលបានជ័យជម្នះ
វ៉ាស៊ីនតោន —