ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា​កូរ៉េ​ខាង​ជើង​ផ្គត់ផ្គង់​កាំភ្លើង​ធំ​ដល់​រុស្ស៊ី​ដោយ​សម្ងាត់​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ចាប់ដៃគ្នានៅពេលពួកគេថតរូបមុនពេលការពិភាក្សារបស់ពួកគេ នៅសាកលវិទ្យាល័យ Far Eastern Federal នៅលើកោះ Russky ក្នុងកំពង់ផែ Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ចាប់ដៃគ្នានៅពេលពួកគេថតរូបមុនពេលការពិភាក្សារបស់ពួកគេ នៅសាកលវិទ្យាល័យ Far Eastern Federal នៅលើកោះ Russky ក្នុងកំពង់ផែ Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​នូវ​កាំភ្លើង​ធំ​ដល់​ប្រទេស​រុស្ស៊ី​សម្រាប់​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ព័ត៌មាន​របស់​យើង​បាន​បង្ហាញ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​នូវ​គ្រាប់​ផ្លោង​កាំភ្លើង​ធំ​ក្នុង​ចំនួន​មួយ​ច្រើន​គួរសម​ដល់​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

លោក Kirby បាន​បន្ថែម​ថា គ្រាប់​ផ្លោង​កាំភ្លើង​ធំ​ដែល​កូរ៉េ​ខាង​ជើង​កំពុង​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​នឹង «មិន​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​ដំណើរ​នៃ​សង្គ្រាម​នេះ​នោះ​ទេ» ហើយ​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន​នឹង​បន្ត​ទៅ​មុខ​ទៀត​ហើយ​នឹង​សម្រប​តាម​ការ​ប្រឈម​ថ្មីៗ។

លោក Kirby បាន​បញ្ជាក់​បន្ត​ទៀត​ថា ប្រទេស​រុស្ស៊ី​ក៏​បាន​ទិញ​សព្វាវុធ​ពី​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។ លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹង​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។

កន្លង​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​បញ្ជូន​សព្វាវុធ​ឱ្យ​ប្រទេស​រុស្ស៊ី​នោះ​ទេ។

មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​ថា៖ «យើង​មិន​ដែល​នាំ​ចេញ​សព្វាវុធ​ឬ​ក៏​គ្រាប់​រំសេវ​ណា​មួយ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ពី​មុន​នោះ​ទេ ហើយ​យើង​ក៏​មិន​មាន​គម្រោង​ធ្វើ​ដូច្នេះ​នោះ​ដែរ»៕

XS
SM
MD
LG