ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បង្កើន​ការ​គាប​សង្កត់​លើ​ក្រុម​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ក្រោយពី​លោក​សម រង្ស៊ី គ្រោង​មក​កម្ពុជា


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បារម្ភ​អំពី​ការ​បង្ក្រាប​លើ​អតីត​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ខណៈ​ដែល​លោក សម រង្ស៊ី គ្រោង​ធ្វើ​មាតុភូមិ​និវត្តន៍។

ការបង្ក្រាប​លើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបានរំលាយចោល​ទំនង​កាន់​តែធ្ងន់​ទៅ​ៗ​ នៅ​បន្ទាប់​ពីការ​ប្រកាស​វិលចូល​កម្ពុជាវិញរបស់​លោក សម រង្ស៊ី។ អ្នកនំាពាក្យ​ក្រសួង​យុត្តិធម៌​ចាត់ទុក​ការ​បង្ក្រាបនេះ ថា​ ជាការ​ចាត់​វិធានការ​អ្នកធ្វើ​សកម្មភាព​នយោបាយ​ខុសច្បាប់។ តែ​សកម្មជន​បក្សប្រឆាំង​មួយ ចំ​នួន​នៅ​ប្រកាស​ខ្លាំងៗ​ថា​ មិនមាន​ការប្រែប្រួល​ជំហរ​ទៅ​ទទួល​លោក​ សម រង្ស៊ី​នោះ​ទេ​។

កាល​ពីយប់​ថ្ងៃ​អាទិត្យ​ ទី​៨ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រាប់​សិប​នាក់​បាន​លើក​គ្នា​ទៅផ្ទះ​លោក​ឃ្លាំង ប៊ុនឡាយ​ ​ដើម្បី​ស៊ើប​សួរ​ពី​ដំណឹង​របស់អតីត​សមាជិក​ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ្ឌ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ រូប​នេះ​ថា​តើ​លោក​កំពុង​ស្ថិត​នៅ​ទីណា។

នេះបើតាម​លោក​ ស៊ុំ​ ​ចន្ទគា​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្តបន្ទាយ​មានជ័យ​។

​ការ​ចុះ​ទៅ​ស៊ើប​ដំណឹង​នេះ​ធ្វើ​ឡើងបី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ចាប់​ខ្លួន​អតីត​មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ ​ក្នុងខេត្ត​កំពង់ចាម​ ​បាន​ភៀស​ខ្លួន​មក​រត់​ម៉ូតូឌុប​នៅ​ក្រុង​ប៉ោយ​ប៉ែត។ នៅថ្ងៃ​ចាប់​ខ្លួន​នោះដែរ​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ ក៏បាន​រេចគេចខ្លួន​ ពីការ​តាម​ឆាឆៅ​របស់​អាជ្ញាធរមានស​មត្ថកិច្ច​ក្នុង​ក្រុង​នេះ​ដែរ។

លោក ​ស៊ុំ ចន្ទគា​ មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ កត់​សម្គាល់​ថាហេតុ​ការណ៍​ដែល​កើត​ឡើង​ខាង​លើ​គឺ«ជាផ្នែក​មួយ​នៃការ​បំភិតបំភ័យ​លើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​»​។

លោកបន្ត​ថា​ ​អាជ្ញាធក៏​កំពុង​តែ​តាម​ឃ្លាំមើល​សមាជិក​អតីត CNRP ដោយ​អាជ្ញាធរ​បារម្ភ​ថា​មាន​ការលាក់បំពួន ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ ដើម្បី​មក​ប្រមូល​ផ្តុំគ្នា ចាំ​ទទួល​លោក សម រង្ស៊ី ។ ​លោក​សម រង្ស៊ី ដែលប្រកាស​ថា​លោក​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញនៅ​ថ្ងៃ​ទី​៩​ខែវិច្ឆិកា​ គឺ​ចំថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។

«​វាធម្មតា​ ទាក់​ទង​នឹង​មេ​ ហើយ​និងកូន​អតីត​គ្នា​ ទៅ​ទទួល​ វា​មិនមែន​ជា​អ្នក​ដែល​ទទួល និង​ជា​អ្នកប្រព្រឹត្ត​បទល្មើស​ទេ​ ព្រោះថា​ ការចូលរួម​ការណ៍​អី​ ដែល​ធ្វើ​ ការ​ទៅទទួល​ការ​អី​ដែល​គ្មាន​អាវុធនៅ​ក្នុង​ដៃ​ គ្រាន់តែ​ដើរ​ទៅ​ទទួល​ គ្រាន់តែ​ទៅ​ជួប​អីនោះ​ គឺ​ជា​សេរីភាព​របស់​គាត់នៃ​ការ​ចូលរួម​ នៅក្នុង​ការ​ជួប​ជុំ​គ្នា​ នៅក្នុង​ការ​ទទួល​គ្នា​ អបអរសាទរគ្នា វាអត់​ខុស​ទេ»។​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ យល់​ថា​ ទម្ងន់​នៃ​ការបង្ក្រាបលើ​សកម្ម​ជនអតីត​គណបក្ស​ប្រឆាំង​ កាន់​តែ​ធ្ងន់​ឡើង​ នៅក្រោយ​ការបញ្ជាក់​ពីការ​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​របស់​លោក​សម រង្ស៊ី​។

«​ដោយសារ​តែ​ការ​ផ្លោង​សំដី ហើយ​និងការ​គម្រោង​វិល​ចូល​ ស្រុក​វិញហ្នឹង​គឺ​ យើង​ឃើញ​ថា​ បញ្ហា​ការ​ចាប់​ខ្លួននេះ​ យើង​ឃើញ​មាន​ការកើនឡើង​បន្តបន្ទាប់»។

នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ទាំង​អតីត​សមាជិក សកម្ម​ជន​ និង​អ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ​ ចំនួន​យ៉ាងហោច​ណាស់​២០នាក់​ ត្រូវបាន​ចាប់​ខ្លួន​។​ ហើយ​សមាជិក និង​សកម្មជនគណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ប៉ូលីស​ និងតុលាការ​កោះហៅ​នោះ​ មាន​ចំនួន​១៥៦​នាក់​។​ នេះ​បើតាម​ការ​បញ្ជាក់បន្ថែមរបស់លោក ​អំ សំអាត​។

លោក ​ឃ្លាំង ប៊ុនឡាយ​ ​អតីត​សមាជិក​ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ្ឌរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមាណ​៣០នាក់​ចូលស៊ើប​ដំណឹង​នៅ​ផ្ទះ​របស់​លោក ចាត់​ទុក​ថា​នេះជា​«​សកម្មភាព​គំរាម​កំហែង»​ដល់​រូប​លោក​។

«​ដោយ​សារ​យើង​ជា​អតីត​ របស់​គណបក្ស​ប្រឆាំង​អ៊ីចឹង​ប្រហែល​ជា​ គេធ្វើ​ជា​ឈុត​ឆាក​ដើម្បី​ធ្វើ​ឲ្យយើង​ បាក់​ស្បាត​ ឬធ្វើ​ឲ្យ​យើង​ភ័យ​ ធ្វើ​ឲ្យ​យើង​ខ្លាច​ ព្រោះ​បើ​គិត​ពី​ កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ យើង​ដូច​អត់​មាន​ ធ្វើ​អីទេ»។

លោក​បាន​ឲ្យដឹង​ទៀត​ថា​ សកម្មភាព​គំរាម​កំហែង​បែបនេះ​ គឺកើនឡើង​ខ្លាំង​បន្ទាប់ពីការ​ប្រកាស​របស់​លោក​សម រង្ស៊ី​ ប្រធានស្តីទីអតីតគណបក្ស​សង្គ្រោះជាតិ​ប្រកាស​វិល​ចូល​មកប្រទេស​កម្ពុជា​វិញ។

លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ការពារចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ចនៅតាម​មូល​ដ្ឋាន​ ដោយ​លោក​អះអាងថាក្រុម​អាជ្ញាធរ«​មាន​បំណង​ត្រឹម​តែ​បញ្ឈប់​សកម្មភាព​នយោបាយ​ខុសច្បាប់​ របស់​អតីត​សកម្មជន​»គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោលនោះ​។

«សកម្មជន​ក៏ដោយ​ អ្នកគាំទ្រ​ ឬមួយ​ក៏ជន​ណាក៏ដោយ​ ដែល​ធ្វើ​សកម្មភាព​ក្នុងការ​គាំទ្រ​ អង្គការ​ឬក៏ចលនា​ចាត់​តាំង​ ឬក៏គាំទ្រ​បុគ្គល​ដែល​ជា​ទណ្ឌិត​ អាហ្នឹង​គឺ​ជាការ​ចូលរួម​ក្នុង​ការ​បំពាន​ច្បាប់​ នៅកម្ពុជា​ហើយ​បាទ»។

កាល​ពី​ថ្ងៃទី​៣ ​ខែកញ្ញា លោក​ស្រី ​មិថុនា​ ភូថង​ អភិបាល​ខេត្តកោះកុង​ ត្រូវ​កាសែតក្នុងស្រុក​មួយ​រាយការណ៍​ថា​ លោក​ស្រី​បាន​ប្រាប់ក្រុម​អាជ្ញាធរ​ កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​រាជការ​ស៊ីវិល​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី។

កាលពី​ខែ​សីហា​កន្លងទៅថ្មីៗនេះ​ នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទីអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រសិន​បើប្រធាន​អតីត​គណបក្ស​ជំទាស់​នេះមក​ដល់​កម្ពុជា​នោះ។​

លោក​ ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​ យល់​ថា​ អ្នក​នយោបាយ​គួរ​តែរក​ច្រក​ស្រុះស្រួល​គ្នា​ណាមួយ​ ដែល​តម្កល់​ផលប្រយោជន៍​ជា​ធំ។ លោក​ថា​ ស្ថានភាពនយោ​បាយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា មិនបាន​ហុច​ប្រយោជន៍​អ្វីទាំង​អស់​ ដើម្បីទទួល​បាន​ការគំាទ្រផ្នែក​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពីសហភាព​អឺរ៉ុប​ និងពី​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ការ​មិន​គាំទ្ររបស់​អឺរ៉ុប​និង​អាមេរិក​ដែល​នឹង​ធ្វើឲ្យ​កម្ពុជាបាត់​បង់​ផលរាប់រយ​លានដុល្លារ​ ពី​ការ​នាំ​ទំនិញ​ទៅ​កាន់​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នេះ​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG