នៅក្នុងសារដ៏កម្រមួយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ នៅរសៀលថ្ងៃចន្ទ័នេះ បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរបញ្ឈប់ការធ្វើនយោបាយបែបផ្ចាញ់ផ្ចាលគ្នាដែល ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារការធ្វើនយោបាយនោះ។
«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមឲ្យខ្មែរគ្រប់និន្នាការបញ្ឈប់នូវនយោបាយ យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋនិងជោគវាសនាប្រទេសជាតិជាឈ្នាន់ឬជារបាំងតទៅទៀត»។
ការអំពាវនាវនេះធ្វើឡើងចំថ្ងៃគម្រប់ពីរឆ្នាំនៃការឃុំខ្លួនរួបលោក ដោយមិនទាន់មានការកាត់ទោស។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះបានគូសបញ្ជាក់បន្ថែមលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ពលរដ្ឋ«ខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ»។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរំលងអធ្រាត្រថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក។ លោកត្រូវចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះអាចឲ្យលោកប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោកមានកំហុស។
ការចាប់ខ្លួនរូបលោកធ្វើឡើងពីរខែប៉ុណ្ណោះមុននឹងគណបក្សសង្គ្រោះជាតិត្រូវរំលាយដោយអំណាចសាលដីកាតុលាការកំពូល។
លោក កឹម សុខា ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ មុននឹងត្រូវប្តូរមកឃុំខ្លួនក្នុងផ្ទះក្រោមការឃ្លាំមើល។
សារនេះគឺជាការអធិប្បាយដ៏កម្ររបស់លោក កឹម សុខា លើទំព័រហ្វេសប៊ុករបស់លោក។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ថា ការអំពាវនាវរបស់លោក កឹម សុខា ឲ្យអ្នកនយោបាយខ្មែរបញ្ឈប់ការធ្វើនយោបាយផ្ចាញ់ផ្ចាលគ្នា«គឺជារឿងត្រឹមត្រូវ»។
លោក សុខ ឥសាន្ត លើកឡើងថា គណបក្សរបស់លោកអនុលោមតាមគោលការណ៍នេះ ប៉ុន្តែផ្ទុយទៅវិញលោកចោទលោក កឹម សុខា ថាបាន«យកគោលការណ៍ប្រទេសលោកខាងលិចមកអនុវត្តដើម្បីផ្តួលរំលំរដ្ឋាភិបាល»របស់លោក ដែលជាមូលហេតុធ្វើឲ្យលោកកឹម សុខា ជាប់ចោទដោយតុលាការ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបក៏យល់ស្របដែរថា ការលើកឡើងរបស់លោក កឹម សុខា ជា«គំនិតត្រឹមត្រូវ»។ លោកបណ្ឌិតឡៅ ម៉ុងហៃ បន្ថែមថា ការលើកឡើងរបស់លោក កឹម សុខា បង្ហាញពី«ភាពជាអ្នកដឹកនាំនយោបាយ»របស់លោក។ ហើយលោក កឹម សុខា គួរតែបង្ហាញវោហាស័ព្ទដូចនេះឲ្យបានច្រើន។
សូមបញ្ជាក់ថា បួនថ្ងៃមុនសេចក្តីថ្លែងការណ៍របស់លោក កឹម សុខ លោក សម រង្ស៊ី ដែលកំពុងស្ថិតក្នុងប្រទេសបារាំង មានសង្គ្រាមពាក្យសម្តីមួយឈុតជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជុំវិញនិវត្តន៍មកប្រទេសកម្ពុជារបស់លោកសម រង្ស៊ី។ ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបានប្រកាសជាចំហថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញចំថ្ងៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បន្ទាប់ពីលោកនិរទេសខ្លួនដោយស្ម័គ្រចិត្តទៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំមក៕