ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​កិច្ចប្រជុំ​កំពូល​របស់​គណបក្ស​កាន់​អំណាច​ ​លោក​ ហ៊ុន សែន ​ព្រមាន​ចាប់​ខ្លួន​លោក ​សម រង្ស៊ី​​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រួលវ៉ែនតា ខណៈលោកទទួលកម្រងផ្កាពីភ្ញៀវកិត្តិយស អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រួលវ៉ែនតា ខណៈលោកទទួលកម្រងផ្កាពីភ្ញៀវកិត្តិយស អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​ សម រង្ស៊ី​​ ប្រកាស​ពី​គម្រោង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ​លោក ​ហ៊ុន សែន ​នៅថ្ងៃ​នេះ​បាន​ព្រមាន​ថា​ ​លោក​នឹង​ប្រើ​ឲ្យ​កូន​ប៉ូលិស​តូច​តាច​ត្រឹម​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ចាប់​ខ្លួន​អ្នក​នយោបាយ​ប្រឆាំង​នេះ​ ប្រសិន​បើ​លោក​ហ៊ាន​ចូល​មក​ស្រុក​ខ្មែរ​មែន។​ ក៏​ប៉ុន្តែ​លោក ​សម រង្ស៊ី ​ធ្លាប់​បាន​អះអាង​ថា​ ​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​លោក​នឹង​មិន​ត្រូវ​លើក​ពេល​នោះ​ទេ។

នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួនលោក​ សម រង្ស៊ី​ ប្រធាន​ស្តីទីអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រសិន​បើប្រធានអតីត​គណបក្ស​ជំទាស់​នេះមក​ដល់​កម្ពុជា​នោះ។​

លោក ​ហ៊ុន​ សែន ​បាន​ព្រមាន​ដូច្នេះ ក្នុង​កិច្ច​ប្រជុំគណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។​

«សម្តេច​បាន​លើក​ឡើង​បញ្ហា​ហ្នឹង​ដែរ។​ គាត់​ថា​ សាលដីកា​ សាល​ក្រមតុលាការ​មាន​ហើយ​ ដីកា​ចាប់​ខ្លួនមាន​ហើយ​ គ្រាន់តែ​ឃើញ​មុខ​មក​គឺ​ថា​ ឲ្យ​កូន​ប៉ូលិស​តែ​ពីរនាក់​ទៅ​ដាក់​ខ្នោះ​ហើយយក​ទៅ​ដាក់​គុក​ទៅ​ ​អាហ្នឹង​វា​ចប់​ទៅ​ហើយ»។​

ការ​ព្រមាន​នេះ​ធ្វើ​ឡើងប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ប្រកាស​ថា ​លោក​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ខាង​មុខ។​

លោក​ស្រី មួរ សុខហ៊ួរ ​អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ទាក់​ទង​នឹង​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​នោះ​ទេ។​

ទោះជា​យ៉ាង​ណា​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេពី​ប្រទេស​អូស្ត្រាលី​ លោក​ សម រង្ស៊ី ​បញ្ជាក់​ថា លោក​នៅ​តែ​រក្សា​ជំហរ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ដូច​ការ​គ្រោង​ទុក។​

ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​នៅ​លា្ងច​ព្រហស្បតិ៍​នេះ​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់ ​VOA ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែនបាន​ប្រាប់សមាជិក​គណបក្ស​ចំនួន​១០៥៨​នាក់​ ក្នុងនោះ​មាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​បក្សចំនួន​៨៥០​នាក់​ថា​ ការ​ត្រៀម​វិល​ត្រឡប់​មក​វិញ​របស់​លោក​ សម រង្ស៊ី​ មិន​បាន​បង្ហាញ​សញ្ញា​គំរាម​កំហែង​ណា​មួយ​នោះ​ទេ​ ហើយ​ថា​ ​ការ​ចាប់​ខ្លួន​លោក ​សម រង្ស៊ី នឹង​ត្រូវ​ធ្វើ​ឡើង​ភ្លាមៗ។​ ការ​ចាប់​ខ្លួន​នោះអាច​ធ្វើ​ឡើង​ដោយ«កូន​ប៉ូលិស​តែ​២​នាក់»​ប៉ុណ្ណោះ។​

លោក ​សម រង្ស៊ី ​បច្ចុប្បន្ន​កំពុង​រង​បណ្តឹង​ព្រហ្មទណ្ឌ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​និង​បណ្តឹង​រដ្ឋ​ប្បវេណី​ស្តីពី​បទ​បរិហារ​កេរ្តិ៍​នៅ​តុលាការ​បារាំង។​

ដោយ​ឡែក​ ទាក់​ទងនឹង​កិច្ច​ប្រជុំ​គណៈ​កម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ​លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​នេះ​ បន្ថែម​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​ដល់​ក្រុម​សមាជិក​គណបក្ស​អំពី​សភាព​ការណ៍​ទូទៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ ក្នុង​នោះ​លោក ​ហ៊ុន សែន ​ក៏​បានលើក​ពី​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ការ​ប្រជុំ​របស់​សមាគម​អាស៊ាន​ ក៏ដូច​ជា​ការ​ប្រឈម​ដាក់​គ្នា​រវាង​អាមេរិក​និង​ចិន ​ក្នុង​បញ្ហា​ពាណិជ្ជ​កម្ម​និង​ការត្រៀម​ចាក​ចេញ​របស់​ចក្រភព​អង់​គ្លេស​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។​

លោក​ សុខ ឥសាន ​បាន​បន្ថែម​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​លើក​ពី​បញ្ហា​ផ្ទៃ​ក្នុង​ ដោយ​បាន​បរិយាយ​ពី​ការ​ខិត​ខំធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​

ដំណាល​គ្នា​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏​បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា​ កម្ពុជា​មិន​អាច​យក​អធិប​តេយ្យ​ភាព​ជាតិទៅ​ដោះ​ដូរ​យក​ជំនួយ​ ឬ​ការ​គាំទ្រ​ណា​មួយ​ ដូច​យ៉ាងឋានៈ​អនុគ្រោះ​ពន្ធ​«អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ» ​ឬ​ហៅ​ថា​ EBA ​របស់​សភាព​អឺរ៉ុប​ និង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP​ របស់​សហ​រដ្ឋ​អាមេរិក​នោះ​ទេ៕

XS
SM
MD
LG