លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ផ្តោតការយកចិត្តទុកដាក់បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ ដែលបានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា។ លោកបានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរគ្រឿងញៀន។ នេះបើតាមការផ្សាយរបស់អង្គភាពសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព លោកជំរុញឱ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ លោកថា ប្រសិនបើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះទទួលបានជោគជ័យ នោះគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល តែលោករុញឱ្យទៅសួរ លោក នេត្រ ភក្រ្តា ដោយលោកថា លោក នេត្រ ភក្រ្តា ជារដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី។
លោក នេត្រ ភក្រ្តា ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងបរិស្ថាន មិនទទួលទូរសព្ទរបស់វីអូអេ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា កើតមានឡើងជាញឹកញាប់ ស្របពេលដែលចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
កាលពីថ្ងៃទី៧ ខែសីហា សមត្ថកិច្ចបានចុះបង្ក្រាបគ្រឿងញៀននៅទីតាំងចំនួនពីរផ្សេងគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយចាប់បានសារធាតុញៀនចំនួនជាង ១០២គីឡូក្រាម និងជនសង្ស័យជាជាតិចិនម្នាក់ និងខ្មែរចំនួន ២នាក់។
ហើយកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ សមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរគ្រឿងញៀនឆ្លងដែននៅពីរគោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ២ នាក់ជាជនជាតិថៃ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ជាង ៤៦៥ គីឡូក្រាម។ នោះបើតាមការផ្សាយលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
វីអូអេមិនទាន់អាចទាក់ទង លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយបានទេ ដោយលោកថារវល់ប្រជុំ។ ប៉ុន្តែលោកបានប្រាប់វីអូអេ នៅដើមសប្តាហ៍នេះថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំនេះ នៅតែមានចំនួនច្រើនដដែល។ លោកថា ការបង្ក្រាបបានបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាញឹកញាប់នេះ គឺដោយសារតែអាជ្ញាធរដាក់គោលដៅទៅលើការជួញដូរ និងការដឹកជញ្ជូនឆ្លងកាត់តាមព្រំដែន។
ក្នុងឆ្នាំ ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀន ២៩៦ គីឡូក្រាម ឆ្នាំ ២០១៨ ចាប់យកបាន ៤៧.២៥៣ គីឡូក្រាម ឆ្នាំ ២០១៩ ចាប់យកបាន ៧៥០ គីឡូក្រាម ឆ្នាំ ២០២០ ចាប់យកបាន ៣.៨៧៦ គីឡូក្រាម ឆ្នាំ ២០២១ ចាប់យកបាន ៤.៦៨៩ គីឡូក្រាម និងឆ្នាំ ២០២២ ចាប់យកបានចំនួន ១៤.៩១៩ គីឡូក្រាម។
ហើយគិតចាប់តាំងពីដើមឆ្នាំ ២០២៣ ដល់ថ្ងៃទី ១០ ខែសីហា នេះ អាជ្ញាធរបង្ក្រាបករណីគ្រឿងញៀនបានជាង ៤.៥០០ ករណី ដោយរឹបអូសគ្រឿងញៀន សរុប ២,០៣៣គីឡូក្រាម និងឃាត់ខ្លួនមនុស្សបានចំនួនជាង ១១.០០០ នាក់។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បញ្ហាគ្រឿងញៀននៅកម្ពុជាហាក់មិនមានការបង្រ្កាបបានល្អប្រសើរនៅឡើយ ដោយលោកថា ការវិត្តនៃបញ្ហានេះកាន់តែកើតមានឡើងក្នុងទ្រង់ទ្រាយធំ។ លោកថា ការបង្រ្កាបបទល្មើសគ្រឿងញៀនគួរតែមានការរៀបចំវិធានការថ្មី និងបើកការចូលរួមឱ្យបានច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ដែលដឹកនាំដោយរដ្ឋាភិបាលថ្មីក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននៅកម្ពុជា។
លោកលើកឡើងថា៖ «វិធានការនៃការបង្រ្កាបគួរតែមានវិធីសាស្រ្តថ្មី ហើយសម័យនេះទៀតសោតក៏គួរតែមានការចូលរួមសហការគ្នារវាងតួរអង្គបីយ៉ាង។ ទី ១ ការបើកលំហឱ្យមានយន្តការនៃការចូលរួមតាមដាន ការបង្រ្កាបហើយនិងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងក្រុមប្រជាពលរដ្ឋហ្នឹងដើម្បីអាចឱ្យពួកគាត់មានឱកាសរាយការណ៍អំពីបញ្ហាគ្រឿងញៀន នៅពេលមានការរាយការណ៍គួរតែមានវិធានការណ៍ឆ្លើយតបពីខាងអាជ្ញាធរមានសមត្ថកិច្ចឱ្យបានឆាប់រហ័ស»។
លោក សន ជ័យ បន្តថា មានតែកិច្ចសហប្រតិបត្តិការគ្នាទេ ដែលអាចជួយដល់ការដោះស្រាយបញ្ហាគ្រឿងញៀនបាន។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យទិដ្ឋភាពនៃការសហការគ្នាមួយដែលមានការចូលរួមពីយុវជន ពីប្រជាពលរដ្ឋ ក្រុមអ្នកងាយរងគ្រោះអីហ្នឹងទៅលើបញ្ហាគ្រឿងញៀននេះ។ មានតែកិច្ចសហប្រតិបត្តិការគ្នាទេ ដែលអាចធ្វើឱ្យបញ្ហាគ្រឿងញៀនរកដំណោះស្រាយបានឆាប់។ បើមិនដូច្នោះទេ យើងបារម្ភថា បញ្ហាគ្រឿងញៀនវានឹងក្លាយជាវិបត្តិហើយនិងសម្ពាធសម្រាប់សង្គម»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងថា បើការចរាចរគ្រឿងញៀននៅតែបន្តកើតឡើងជាបន្តបន្ទាប់ នោះអំពើពុករលួយនៅតែបន្តកើតមាន។ លោកបន្ថែមដោយជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មី គួរតែមានការរៀបចំបង្កើតនូវប្រសិទ្ធភាពក្នុងការបង្រ្កាបការចែកចាយ និងការទប់ស្កាត់នៃលំហូរចូលនៃគ្រឿងញៀនបន្ថែមទៀត ដើម្បីឱ្យកម្ពុជាមានភាពល្អប្រសើរឡើងវិញ។
លោកថ្លែងថា៖ «រដ្ឋាភិបាលថ្មីត្រូវតែពង្រឹងបន្ថែមនូវយន្តការនិងវិធានការនៃការបង្ការទប់ស្កាត់។ ទី ១ ពង្រឹងសមត្ថភាពមន្រ្តីដែលបង្ក្រាបគ្រឿងញៀនដោយឱ្យទទួលបានវគ្គបណ្តុះបណ្តាលបន្ថែម ឱ្យមានគ្រប់គ្រាន់ក្នុងបង្រ្កាបគ្រឿងញៀន»។
លោក អំ សំអាត បន្ថែមថា បើសិនជាបញ្ហាគ្រឿងញៀនចេះតែបន្តកើតមាននោះ លោកថា វាក៏នាំឱ្យប្រទេសមានភាពអសន្តិសុខ ពោរពេញទៅដោយអំពើពុករលួយ ហើយក៏ជាហេតុដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍផងដែរ៕