សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃចន្ទ បង្ក្រាបបានសារធាតុញៀនទម្ងន់ជាង១០២គីឡូក្រាម នៅពីរទីតាំងផ្សេងគ្នា ខណៈការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅតែបន្តកើតមានជាញឹកញាប់។
ក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា សមត្ថកិច្ចបានចុះបង្ក្រាបគ្រឿងញៀនបាននៅ២ទីតាំងផ្សេងគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយចាប់បានសារធាតុញៀនចំនួន១០២គីឡូក្រាម ៣៥២.២៧ក្រាម និងជនសង្ស័យជាជាតិចិនម្នាក់ និងខ្មែរចំនួន២នាក់។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំនេះ នៅតែមានចំនួនច្រើនដដែល។
លោកថ្លែងថា៖ «ចំនួនករណីមិនទាន់ឃើញមានការកើនឡើងទេ ប៉ុន្តែបរិមាណនៃការចាប់យកគឺប្រដំប្រសងគ្នាទៅនឹងឆ្នាំទៅ គ្រាន់ថាយើងបង្ក្រាបក្នុងមួយករណីហ្នឹងចាប់យកសារធាតុញៀនបានច្រើន»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា កើតមានឡើងជាញឹកញាប់។ ភាគច្រើននៃជនល្មើសដែលជួញដូរគ្រឿងញៀនគឺជាជនជាតិចិន។
កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣ អាជ្ញាធរបង្ក្រាបបានគ្រឿងញៀនជិត២០០គីឡូក្រាមនៅ៥គោលដៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
កាលពីខែសីហា ឆ្នាំ ២០២២ សមត្ថកិច្ចកម្ពុជាបានបង្ក្រាប និងចាប់ខ្លួនជនជាតិចិនចំនួន៥នាក់ និងដកហូតបានគ្រឿងញៀនជាង ៩០០ គីឡូក្រាម នៅខេត្តព្រះសីហនុ។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅរាជធានីភ្នំពេញ ដោយចាប់បានក្រុមជនល្មើសជាជនជាតិចិនចំនួន៩នាក់ និងរឹបអូសគ្រឿងញៀនក្នុងទម្ងន់ ៣៤៧ គីឡូក្រាម។
នៅខែតុលា ឆ្នាំ២០២០ អាជ្ញាធរបង្ក្រាបបានការជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងរក្សាទុកកែច្នៃចំនួនពីរករណី ចាប់បានគ្រឿងញៀនជាច្រើនប្រភេទជាង២តោន សារធាតុគីមីផ្សំជាច្រើនមុខជិត១តោន និងម៉ាស៊ីនផលិត កែច្នៃមួយចំនួន និងឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាជនជាតិចិន។
បើតាមលោក មាស វីរិទ្ធ ការចាប់បានសារធាតុញៀនជាទ្រង់ទ្រាយធំជាបន្តបន្ទាប់នេះ គឺដោយសារតែអាជ្ញាធរដាក់គោលដៅទៅលើការជួញដូរ និងការដឹកជញ្ជូនឆ្លងកាត់តាមព្រំដែន។ ទោះយ៉ាងណាលោកថា កម្ពុជានៅជាទីផ្សារតូចសម្រាប់ការជួញដូរគ្រឿងញៀននៅឡើយ បើធៀបទៅនឹងប្រទេសផ្សេង។
លោកថ្លែងថា៖ «កម្ពុជានៅជាទីផ្សារតូច ទីផ្សារនៃការប្រើប្រាស់គ្រឿងញៀនតូចទេ តិចតួចទេ គោលដៅគឺទៅប្រទេសទី៣ ដែលជាទីផ្សារនៃការប្រើប្រាស់គ្រឿងញៀនធំ និងច្រើន»។
បើតាមលោក មាស វិរិទ្ធ កម្ពុជាបានខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀនតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដោយសារគ្រឿងញៀនបានបង្កផលវិបាកយ៉ាងច្រើនដល់យុវជនកម្ពុជា។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) រកឃើញថា កម្ពុជាបានក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរគ្រឿងញៀន ហើយចំនួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាពិសេសថ្នាំញៀនប្រភេទអំហ្វេតាមីន (ATS) បានកើនឡើងយ៉ាងខ្លាំង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា អាជ្ញាធរបានបង្ក្រាបការជួញដូរគ្រឿងញៀនជាច្រើន ដែលនេះបង្ហាញថាលំហូរនៃការផលិត និងការជួញដូរគ្រឿងញៀននៅតែបន្តកើតមាន។ លោកបន្ថែមថា ដើម្បីស្កាត់ក៏ដូចជាកាត់បន្ថយបទល្មើញជួញដូរគ្រឿងញៀន អាជ្ញាធរត្រូវតែមានឆន្ទៈខ្ពស់ក្នុងការបង្ក្រាប លុបបំបាត់អំពើពុករលួយ ពង្រឹងសមត្ថភាពរបស់អាជ្ញាធរ និងមានកិច្ចសហប្រតិបត្តិការគ្នារវាងអាជ្ញាធរផងដែរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាកម្ពុជាយើងត្រូវតែតាំងចិត្តឱ្យបានខ្ពស់ចំពោះការទប់ស្កាត់និងការបង្ក្រាបគ្រឿងញៀន ទោះបីជាកាលទេសណាក៏ដោយ ឱ្យជនដែលពាក់ព័ន្ធទោះបីជាមានឋានន្តរសក្តិណាក៏ដោយ ត្រូវតែអនុវត្តតាមគោលការណ៍ច្បាប់»។
បើតាមលោក អំ សំអាត កំណើនគ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន គឺជាក្តីកង្វល់ និងជាការព្រួយបារម្ភខ្លាំង ដែលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស សន្តិសុខ និងសុវត្ថិភាពសហគមន៍ ព្រមទាំងធ្វើឱ្យយុវជនមួយចំនួនបោះបង់ការសិក្សា និងឈានទៅប្រឡូកក្នុងក្រុមបងតូច បងធំជាដើម។
ចាប់តាំងពីឆ្នាំ ២០១៧ មក ចំនួនគ្រឿងញៀនដែលអាជ្ញាធររឹបអូសបាន បានកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀន ២៩៦ គីឡូក្រាម ឆ្នាំ២០១៨ ចាប់យកបាន ៤៧២,៥៣ គីឡូក្រាម ឆ្នាំ ២០១៩ ចាប់យកបាន ៧៥០គីឡូក្រាម ឆ្នាំ ២០២០ ចាប់យកបាន ៣,៨៧៦គីឡូក្រាម ឆ្នាំ ២០២១ ចាប់យកបាន ៤,៦៨៩ គីឡូក្រាម និងឆ្នាំ ២០២២ ចាប់យកបានចំនួន១៤,៩១៩ គីឡូក្រាម។
ចំណែកក្នុងរយៈពេល៥ខែ នៃដើមឆ្នាំ២០២៣នេះ សមត្ថកិច្ចបង្រ្កាប ដោយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទសរុបចំនួន ៨៤០គីឡូក្រាម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីខែមិថុនាកន្លងទៅ៕