ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បន្ថយ​ផ្ទៃ​ដី​ឧទ្យាន​ជាតិ​បទុមសាគរ​ដែល​ជា​តំបន់​មាន​ជម្លោះ​ដីធ្លី និង​ការអភិវឌ្ឍ​ឯកជន


រូបឯកសារ៖ ទិដ្ឋភាពនៃការអភិវឌ្ឍឧទ្យានជាតិបទុមសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។
រូបឯកសារ៖ ទិដ្ឋភាពនៃការអភិវឌ្ឍឧទ្យានជាតិបទុមសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។

ឧទ្យាន​ជាតិ​បទុម​សាគរ​ក្នុង​ខេត្ត​កោះ​កុង​ដែល​ជា​តំបន់​ការ​ពារ​ធម្មជាតិ ដែល​មាន​ជម្លោះ​ដី​ធ្លី និង​កំពុង​អភិវឌ្ឍ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ត្រូវ​បាន​កាត់​បន្ថយ​ផ្ទៃ​ដីទំហំ​ផ្ទៃ​ដី​ជាង​ ២៧.០០០ ​ហិកតា​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ដែល​វីអូអេ​ទទួល​បាន។

នៅ​ក្នុង​អនុក្រឹត្យ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន រដ្ឋាភិ​បា​ល​បាន​សម្រេច​កែ​ប្រែ​ទំហំ​ដី​នៃ​ឧទ្យាន​ជាតិ​បុទុម​សាគរ​ពី​ទំហំ​ដី​ប្រមាណ​១៧ម៉ឺន​ហិកតា ដែល​មាន​ចែង​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចុះ​កាល​ពី​ឆ្នាំ​១៩៩៣ មក​ផ្ទៃ​ដី​ទំហំ​ប្រមាណ​១៤ម៉ឺន​ហិកតា ដែល​ថយ​ចុះ​ប្រមាណ​២៧.០០០​ហិកតា។ អនុក្រឹត្យ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​ថយ​ចុះ​ផ្ទៃ​ដី​នៃ​តំបន់​ការពារ​ធម្មជាតិ​នេះ​ឡើយ។

បើ​តាម​អនុក្រឹត្យ ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ កែ​ប្រែ និង​គ្រប់គ្រង​តំបន់​ឧទ្យាន​បទុម​សាគរ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ខេត្ត​កោះកុង ដើម្បី​ធានា​ដល់​ការ​គ្រប់​គ្រង​បរិស្ថាន ការ​អភិរក្ស​ជីវៈ​ចម្រុះ ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរ​ភាព និង​ការ​រស់​នៅ​ដោយ​ចីរភាព។

សារព័ត៌មាន​ខេម​បូចា​រាយការណ៍​កាល​ពី​ខែ​កក្កដា​ថា ​ក្រុម​ហ៊ុនកូន​ប្រុស​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​ទទួល​ដី​ទំហំ​៦.២៣៤ ​ហិកតា​នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ ខេត្តកោះកុង។ ដី​នោះ​ត្រូវ​បាន​ផ្តល់​ដល់​ក្រុម​ហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន [Koh Kong Rubber Plantation] ដែល​មាន​កូន​លោក លី យ៉ុងផាត់ គឺ​លោក លី​ ភូនរ៉ាត់ ជា​អគ្គ​នាយក។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូម​តិនៃ​សមាគ​ម​បណ្តាញ​យុវជន​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​ការ​កាត់​ដី​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​នៅ​ក្នុង​តំបន់​ឧទ្យាន​បទុម​សាគរ កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​លោក​សម្តែង​ការ​ព្រួយ​បារម្ភ ដោយ​សារ​តែ​ការ​កាត់​ទាំង​ដី​នេះ មិន​មាន​តម្លាភាព​ និង​ការ​ពិគ្រោះ​យោបល់​ជា​មុន។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​នៅ​តែ​កាត់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​មិន​មាន​ការ​ពិ​គ្រោះ​ ឬ​ប្រឹក្សា​យោប​ល់​ជា​មួយភាគី​ពាក់​ព័ន្ធ​ទេ ខ្ញុំ​យល់​ថា​ វា​នឹង​បង្ក​ការ​ខាត​បង់​ច្រើន​ទាំងសង្គម​ វប្ប​ធម៌ និង​ធនធាន​ធម្មជាតិ​ដែល​យើង​ខិតខំ​ធ្វើ​ការ​អភិរក្ស​ និង​ការ​ពារជាយូរ​លង់​ណាស់​មក​ហើយ​»។

រូប​ឯកសារ៖ ស្ត្រី​ពីរ​នាក់​ដើរលើ​ផ្លូវ​មួយក្នុងឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​អ្នក​ដែល​ត្រូវ​បានជម្លៀសចេញ​ពី​ដី​ដែល​ត្រូវ​បាន​លក់។ រូបថត ​កាលពីថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។
រូប​ឯកសារ៖ ស្ត្រី​ពីរ​នាក់​ដើរលើ​ផ្លូវ​មួយក្នុងឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​អ្នក​ដែល​ត្រូវ​បានជម្លៀសចេញ​ពី​ដី​ដែល​ត្រូវ​បាន​លក់។ រូបថត ​កាលពីថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

អ្នកនាំពាក្យសមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក​ លោក ស៊ឹង សែនករុណា​ ប្រាប់​វីអូអេ​ថា​ ការ​កាត់​ដី​ ដើម្បី​ឱ្យក្រុមហ៊ុន​ឯក​ជន​យក​ទៅ​អភិវឌ្ឍ​នេះ​ មិន​នាំផល​ប្រយោ​ជន៍​ទៅ​ដល់​ប្រជាពល​រដ្ឋឡើយ​ ប៉ុន្តែ​ទៅ​មនុស្ស​មួយ​ក្រុម​ដែល​មាន​សែ​ស្រឡាយ​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច​។ លោក​ជំរុញ​ឱ្យ​ការពារ​និង​ថែរក្សា​សម្បត្តិ​ធនធាន​ធម្មជាតិ ជាជាង​កាត់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍ។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ចំណុចនេះ​ខ្ញុំ​យល់​ថា​អ្វី​ដែល​មាន​កន្លង​មក​គួរ​តែ​ខិតខំ ថែ​រក្សា​ ការពារ ដើម្បី​ទុក​ទៅ​ដល់​ក្មេង​ជំនាន់​ក្រោយ​ ឬ​ក៏​អ្នក​ជំនាន់​ក្រោយ ឱ្យ​បាន​ដឹង​អំពី​អ្វី​ដែល​ជា​ធនធាន​របស់​ជាតិ។ ទ្រព្យសម្បត្តិ​របស់​ជាតិ​ទាំងអស់​ហ្នឹង​គួរ​តែ​មាន​ការ​ថែរក្សា​ការពារ។ យើង​អត់​ចង់​ឃើញ​រូប​ភាព​នៃ​ការ​បន្ត​កាត់​បន្ថយ​ឬក៏​ផ្តល់​កម្ម​សិទ្ធិ​ទៅ​ដល់​ក្រុមហ៊ុន ឬ​ក៏​អ្នក​មាន​ឥទ្ធិពល​ណា​នោះ​ទេ​»។​

វីអូអេ​បាន​ទាក់​ទៅ​លោក សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ប៉ុន្តែ​លោក​បាន​បដិ​សេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយឱ្យទាក់​ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​វិញ។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិ​ប្បាយ​ពី​លោក​ នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន និង​អ្នកស្រី មិថុនា ភូថង​ អភិបាល​ខេត្ត​កោះ​កុង​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក លី យ៉ុងផាត់ បាន​នៅឡើយ​ដែរ។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​កោះ​កុង ប្រាប់​វីអូអេ​ថា​ផ្ទៃ​ដី​នៅ​តំបន់​ឧទ្យាន​បទុម​សាគរ​ថយ​ចុះ ដោយ​សារ​រដ្ឋាភិបាល​ផ្តល់​ការ​វិនិយោគ​ដល់​ក្រុម​ហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ។

លោក​បញ្ជាក់​ថា​៖ «បាន​ន័យ​ថា​ផ្ទៃ​ដី​មួយ​ចំនួន​ត្រូវ​វិនិយោគ​ រាជ​រដ្ឋាភិបាល​ផ្តល់​ជូន​ទៅ​ក្រុម​ហ៊ុន​ក្នុង​ការ​វិនិយោគ មិន​មែន​យក​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ទេ ក្រុមហ៊ុន​ជួល​ពី​រដ្ឋ»។

នៅ​ពេល​សួរ​ថា​តើ​ក្រុមហ៊ុន​ណា​ខ្លះ​ទទួល​បាន​ដី​វិនិយោគ​នេះ​ លោក ហ៊ុន ម៉ារ៉ា​ឌី​ បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ឱ្យ​ទៅ​សួរ​ក្រសួង​បរិស្ថាន​វិញ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក្រុម​មាតា​ធម្មជាតិ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ពួកគេ​ថា​ឧទ្យានជាតិ​បទុម​សាគរ ដែល​ជា​កេរ​ដំណែល​របស់​ព្រះបាទ​នរោត្តម សីហនុ «​ត្រូវ​បាន​បំផ្លាញ» ដោយ​ក្រុមហ៊ុន​ចិន​UDG ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​ឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុ​ន​ផ្សេងៗទៀត តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន។

ក្រុម​មាតា​ធម្មជាតិ​បានបង្ហោះ​សារ​ថា៖ «ពួក​យើង​សោក​ស្ដាយ​ខ្លាំង​ណាស់​ដែល​កេរ​ដំណែល​របស់​សម្តេចតា ព្រះ​បរមរតនកោដ្ឋ​ត្រូវ​បាន​បំផ្លាញ​ត្រឹម​ជំនាន់រ​បស់​យើង។ ពួកយើង​សូម​ស្នើ​សុំ​រដ្ឋាភិបាល​បញ្ឈប់​ការ​លក់​ឧទ្យាន​ជាតិ​ទៅ​ឱ្យ​ឯកជន​បន្ត​ទៀត»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០២០ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន ​ឈ្មោះ​យូញៀន ​ឌីវេឡុបមិនគ្រុប​ ឬ​ យូញៀន​គ្រុប ឬ UDG ដែល​ទទួល​បាន​ដី​អភិវឌ្ឍ​នៅ​តំបន់​បទុម​សាគរ ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​មិន​បាន​ផ្តល់​សំណង​ត្រឹម​ត្រូវ៕

XS
SM
MD
LG