អាជ្ញាធរពាក់ព័ន្ធកំពុងស្រាវជ្រាវបន្ថែមទៀតលើករណីបំពុលទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ស្របពេលដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចផ្អាកដំណើរការក្រុមហ៊ុនផលិតឱសថរបស់ចិនមួយ ឈ្មោះថាហ្វីនីក អ៊ិនដា ស្ទ្រៀល (PHOENIX INDUSTRIAL) ពាក់ព័ន្ធនឹងការបង្ហូរកាកសំណល់ពុលចូលទឹកស្ទឹង។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៤ ខែសីហា ដែលវីអូអេទទួលបាន។
ក្រសួងសម្រេចផ្អាកដំណើរការទាំងស្រុងរាល់សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេលពីរសប្តាហ៍ ក្រោមហេតុផលថា ក្រុមហ៊ុននេះបានធ្វើឱ្យលេចធ្លាយទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែ ដែលបណ្តាលឱ្យទឹកប្រែជាពណ៌ខ្មៅខុសប្រក្រតី និងធ្វើឱ្យត្រីងាប់មួយចំនួនផងដែរ។
ក្រសួងបញ្ជាក់ថា ការផ្អាកដំណើរការនេះ ក្រុមហ៊ុននៅតែរក្សាប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកកម្មករជាធម្មតា គិតចាប់ពីថ្ងៃទី៤ ដល់១៨ ខែសីហា។ ក្រសួងក៏បញ្ជាឱ្យក្រុមហ៊ុនកែប្រែរាល់កំហុសឆ្គងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងគណៈកម្មការចម្រុះខេត្ត និងក្រុមហ៊ុន ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។
បន្ថែមពីនេះ ក្រសួងឧស្សាហកម្មបានព្រមានក្រុមហ៊ុននឹងត្រូវផ្អាកសកម្មភាពបន្តទៀត ប្រសិនបើមិនបានអនុវត្តបានត្រឹមត្រូវ និងទាន់ពេលវេលា។
បើតាមក្រសួងឧស្សាហកម្ម នេះជាលើកទី៣ហើយដែលក្រុមហ៊ុនផលិតម្សៅដំឡូងមីសំបកគ្រាប់ថ្នាំ អេតាណុល ជីគីមី និងសារធាតុបន្ថែមអាហារ បានបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ ប្រាប់វីអូអេតាមរយៈសារជាអក្សរក្នុងប្រព័ន្ធទំនាក់ទំនងWhatsapp នៅថ្ងៃអង្គារនេះថា រដ្ឋបាលខេត្តបានស្នើទៅក្រសួងឱ្យផ្អាកដំណើរការក្រុមហ៊ុន ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថានឱ្យច្បាស់លាស់ឡើងវិញ និងថាអាជ្ញាធរខេត្តបានចាត់វិធានការភ្លាមៗ តាំងពីថ្ងៃកើតហេតុមកម្ល៉េះ។
ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរាណ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការបំពុលទឹកស្ទឹងសង្កែ ក៏អាចបង្កឡើងដោយជំនន់ទឹកភ្លៀងដែលធ្លាក់ក្នុងរយៈពេល១០ថ្ងៃ បូករួមនឹងការគ្រប់គ្រងកាកសំណល់របស់ក្រុមហ៊ុនរោងចក្រមិនបានត្រឹមត្រូវផងដែរ ដែលជាហេតុធ្វើឱ្យហូរនូវកម្ទេចកម្ទីផ្សេងៗចេញពីរោងចក្រចូលទៅក្នុងទឹកស្ទឹងសង្កែ។
លោកថ្លែងថា៖ «ទឹកភ្លៀង១០ថ្ងៃ ដែលធ្វើឱ្យទឹកហូរ កម្អែលនៃការប្រើប្រាស់ធ្យូងថ្ម ឬក៏ការហើរកម្ទេចកម្ទីឈើដែលគេចំហេះនៃរោងចក្រហូរចូលស្ទឹង ដល់អ៊ីចឹងទៅវាធ្វើឱ្យមានការភ័ន្តច្រឡំ។ ក្នុងនោះការធ្វើចំហេះរបស់ក្រុមហ៊ុន ក៏យើងបានមានវិធានការរួចហើយ»។
លោកបន្ថែមថា មន្ទីរបរិស្ថានខេត្តបាត់ដំបង នៅតែបន្តសិក្សាពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីឱ្យដឹងកាន់តែច្បាស់ថា តើរោងចក្រនោះពិតជាមានចេតនាបង្កឱ្យទឹកស្ទឹងសង្កែរងការបំពុល ឬយ៉ាងណា។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ប្រាប់វីអូអេថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធគ្រប់រូប ត្រូវតែអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនទាំងឡាយណាដែលបង្កឱ្យមានប្រភពទឹកកខ្វក់។
លោកប្រាប់វីអូអេថា៖ «ត្រូវតែមានវិធានការឱ្យបានតឹងរ៉ឹងជាមួយនិងក្រុមហ៊ុន ព្រោះតាមអ្វីដែលកើតមានឡើងនេះ មិនមែនជាលើកទីមួយទេ ធ្លាប់មានម្តង ឬពីរដងរួចមកហើយ។ អ៊ីចឹងត្រូវតែមានវិធានការផ្លូវច្បាប់ដាច់ខាតចំពោះក្រុមហ្នឹង។ បើយើងមិនយកវិធានការណ៍ច្បាប់ទៅប្រើប្រាស់ទេ គឺ [ក្រុមហ៊ុនហ្នឹង] អត់ខ្លាចទេៗ»។
វីអូអេបានទាក់ទងទៅអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេង សុខគង់ និងលោក ង៉ែត វិបុល ប៉ុន្តែពួកគេបានបដិសេធមិនអត្ថាធិប្បាយលើរឿងនេះ៕